(ព្រះវិហារ)៖ លោក ងួន ស្តេចភក្តី ទីប្រឹក្សាផ្ទាល់សម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ក្នុងព្រះបរមនាមសម្តេច ព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ និងជាព្រះប្រធានប៉ុស្តិ៍ សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី បានដឹកនាំគណៈគ្រប់គ្រង មន្ត្រីរាជការ សាស្ត្រាចារ្យ បុគ្គលិកសិក្សា និស្សិតថ្នាក់បណ្ឌិត យុវជនស.ស.យ.ក យុវជនកាកបាទក្រហមកម្ពុជា បានដឹកនាំដំណើរទស្សនកិច្ចប្រាសាទព្រះវិហារ។

ពិធីសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមជាមួយវីរៈសេនីយ៍ទោ នួន ផល្លា មេបញ្ជាការកងវីរៈសេនាតូច ៣៨១ ឈរជើងនៅទិសតាសឹម និងចាក់ច្រែង ចុះសួរសុខទុក្ខ និងឧបត្ថម្ភគ្រឿងឧបភោគបរិភោគ សម្ភារៈ ថ្នាំពេទ្យនិងអាហារសាមគ្គី រួមទាំងឧបត្ថម្ភថវិកាជូនកងទ័ពចំនួន ៣០០នាក់ ក្នុងម្នាក់ទទួលបាន ២០,០០០រៀល សរុបថវិកាចំនួន៦,០០០,០០០រៀល។ ថវិកាសរុបទាំងអស់ចំនួន ២៩,០០០,០០០រៀល។

ក្នុងជំនួបនោះ លោក ងួន ស្តេចភក្តី ក៏បានកោតសរសើរពីស្មារតីអង់អាចក្លាហាន ប្រុងប្រយ័ត្ន រួបរួមសាមគ្គី ឆន្ទៈ និងមនសិការស្នេហាជាតិខ្ពស់ និងត្រៀមខ្លួនរួចរាល់ជានិច្ច ក្នុងការលះបង់អាយុជីវិត ដើម្បីការពារបូរណភាពទឹកដីនិងដែនអធិបតេយ្យភាពខ្មែរ ប្រយុទ្ធប្រឆាំងដាច់ខាតពីការឈ្លានពានរបស់បរទេស រួមទាំង សំណូមពរឱ្យកងទ័ព បន្តភាពអត់ធ្មត់ជាយុទ្ធសាស្ត្រ ស្តាប់តាមបទបញ្ជារបស់ថ្នាក់ដឹកនាំយ៉ាងម៉ឺងម៉ាត់ ជឿទុកចិត្តទាំងស្រុងលើគោលនយោបាយការបរទេសក្នុងការដោះស្រាយជម្លោះ និងយុទ្ធសាស្ត្រសង្គ្រាមដ៏ឈ្លាសវៃរបស់ប្រមុខកងទ័ពរដ្ឋាភិបាលខ្មែរ។

ជាងនេះទៅទៀត លោកបានដឹកនាំគណៈប្រតិភូ ចុះទស្សនកិច្ចមូលដ្ឋានទ័ពនៅខ្សែត្រៀមទី១ និងនិមន្តព្រះរាជមហាមន្ត្រី ងួន ឧស្សាហ៍ ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ជាអម្ចាស់សូត្រមន្តប្រោះព្រំ ដើម្បីជូនពរជ័យក្នុងកាតព្វកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ ឱ្យទទួលបានជោគជ័យ និងប្តេជ្ញាបន្តគៀងគរការឧបត្ថម្ភគាំទ្រដែលជាកម្លាំងជំនួយ បង្ហាញពីស្មារតីរួបរួមសាមគ្គីពីប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស៕