(ភ្នំពេញ)៖ មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Sunway (Sunway Medical Centre), ទីក្រុង Sunway មកពីប្រទេសម៉ាឡេស៊ី បានបើកសម្ពោធការិយាល័យនៅកម្ពុជាជាផ្លូវការ នៅក្នុងទីក្រុងភ្នំពេញ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការលើកកម្ពស់លទ្ធភាព ដើម្បីទទួលបានសេវាថែទាំសុខភាព និងការពង្រឹងកិច្ចសហប្រតិបត្តិការ ផ្នែកវេជ្ជសាស្ត្រវាងប្រទេសម៉ាឡេស៊ី-ប្រទេសកម្ពុជា។
ការិយាល័យនៅប្រទេសកម្ពុជា មានគោលបំណងបម្រើជាមជ្ឈមណ្ឌល ដើម្បីផ្ដល់ការគាំទ្រយ៉ាងយកចិត្តទុកដាក់ សម្រាប់អ្នកជំងឺកម្ពុជា ដែលស្វែងរកការថែទាំ ប្រកបដោយគុណភាព នៅប្រទេសម៉ាឡេស៊ី។ សេវាកម្មផ្តល់ជូនរួមមាន៖ ការសាកសួរព័ត៌មានផ្នែកវេជ្ជសាស្ត្រ ការណែនាំអ្នកឯកទេស ការប៉ាន់ស្មានតម្លៃព្យាបាល ក៏ដូចជាការជួយសម្រួល ក្នុងការធ្វើដំណើរ និងការសម្របសម្រួល ជាមួយមន្ទីរពេទ្យដោយផ្ទាល់ ដែលប្រើប្រាស់បានទាំងភាសាខ្មែរ និងភាសាអង់គ្លេស។
លើសពីនេះ មន្ទីរពេទ្យ ក៏បានណែនាំនូវលេខទូរស័ព្ទបន្ទាន់សម្រាប់អ្នកជំងឺ ព្រមទាំង «កញ្ចប់មន្ទីរពេទ្យ Sunway» ដោយផ្តល់ជូនអ្នកជំងឺកម្ពុជា នូវដំណើរនៃការថែទាំដោយរលូន និងប្រកបដោយសុវត្ថិភាព៖
* សេវាកម្មមុនពេលមកដល់រួមមានការសាកសួរព័ត៍មានផ្នែកវេជ្ជសាស្ត្រ ការណែនាំ និងណាត់ជួបជាមួយអ្នកឯកទេស
* សេវាកម្មពេលមកដល់រួមមានការជួប និងស្វាគមន៍នៅ KLIA/KLIA2 ការចូលប្រើប្រាស់កន្លែងទទួលភ្ញៀវ និងការទទួលនៅអាកាសយានដ្ឋានដោយឥតគិតថ្លៃ ទៅកាន់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Sunway (Sunway Medical Centre)
* ការជួយសម្រួលនៅក្នុងមន្ទីរពេទ្យរួមមានសេវាអ្នកបកប្រែ ការជួយសម្រួលក្នុងការថែទាំអ្នកជំងឺ និងគ្រួសារអ្នកជំងឺ
* Sunway Sanctuary - កន្លែងស្នាក់នៅមុន និងក្រោយព្យាបាលនៅមន្ទីរពេទ្យដែលមានទីតាំងនៅជាប់នឹងមន្ទីរពេទ្យ
ពិធីសម្ពោធនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកអគ្គរដ្ឋទូត Shaharuddin Onn ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា រួមជាមួយនឹងនាយកប្រតិបត្តិនៃមន្ទីរពេទ្យ លោកវេជ្ជបណ្ឌិត Seow Vei Ken និងដៃគូថែទាំសុខភាពសំខាន់ៗនៅកម្ពុជា នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥។
ថ្លែងក្នុងពិធីសម្ពោធ ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី បានកត់សម្គាល់ថា «ការបើកសម្ពោធនេះ បានឆ្លុះបញ្ចាំងពីទំនាក់ទំនងរវាងប្រជាជន និងប្រជាជនដ៏ស៊ីជម្រៅរវាងប្រទេសម៉ាឡេស៊ី និងប្រទេសកម្ពុជា។ ប្រព័ន្ធថែទាំសុខភាពរបស់យើង អាចរៀនពីគ្នាទៅវិញទៅមក ហើយភាពជាដៃគូនេះ ក៏បានឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់ ពីរបៀបដែលយើងអាចសម្រេច នូវលទ្ធផល ដ៏មានអត្ថន័យរួមគ្នាប្រកបដោយក្តីភក្ដីភាព និងវិជ្ជាជីវៈ»។
លោកបន្ដថា «មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Sunway (Sunway Medical Centre), ទីក្រុង Sunway មានភាពល្បីល្បាញខ្លាំងទៅលើផ្នែកមហារីក ការថែទាំបេះដូង ការវះកាត់ឆ្អឹង សេវាទាក់ទងនឹងក្រពះពោះវៀន សរសៃប្រសាទ ស្ត្រី និងកុមារ ព្រមទាំងការវះកាត់ស្មុគស្មាញផ្សេងៗទៀត ដែលធ្លាប់បានព្យាបាលអ្នកជំងឺអន្តរជាតិ អស់រយៈពេលជាងពីរ ទសវត្សរ៍មកហើយ។ ខណៈដែលយើងខ្ញុំធ្លាប់បានទទួលអ្នកជំងឺកម្ពុជានាពេលកន្លងមក នេះគឺក៏ជាលើកទីមួយហើយដែលមន្ទីរពេទ្យយើងខ្ញុំ កំពុងមានវត្តមានក្នុងប្រទេសកម្ពុជា»។
លោកវេជ្ជបណ្ឌិត Seow Vei Ken នាយកប្រតិបត្តិ Sunway Medical Centre បានថ្លែងថា «ជាមួយនឹងការបើកដំណើរការការិយាល័យមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Sunway (Sunway Medical Centre) នៅកម្ពុជា, យើងចង់ធ្វើឱ្យការធ្វើដំណើរនោះកាន់តែងាយស្រួល និងកាន់តែខិតជិត។ ការិយាល័យនេះ នឹងបម្រើជាចំណុចទំនាក់ទំនង ដែលអាចជឿទុកចិត្តបាន សម្រាប់ការសាកសួរផ្នែកវេជ្ជសាស្ត្រ ការសម្របសម្រួលការធ្វើដំណើរ ការណាត់ជួប និងការថែទាំក្រោយការព្យាបាល។ វាក៏ជាកន្លែងមួយដែលសាច់ញាតិ និងគ្រួសារកម្ពុជា អាចមានអារម្មណ៍ជឿជាក់បាន ដោយដឹងថា សាច់ញាតិរបស់ពួកគេ មិនមែននៅម្នាក់ឯងទេ ក្នុងការស្វែងរកសេវាថែទាំសុខភាព នៅក្រៅប្រទេសនោះទេ»។
លោកវេជ្ជបណ្ឌិត Seow បានកត់សម្គាល់ថា មន្ទីរពេទ្យនេះ ត្រូវបានចាត់ថ្នាក់ក្នុងមន្ទីរពេទ្យកំពូលចំនួន២៥០ នៅទូទាំងពិភពលោក ក្នុងចំណាត់ថ្នាក់មន្ទីរពេទ្យល្អបំផុតនៅលើ Newsweek’s World’s ក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥ ដែលត្រូវបានបង្កើតឡើងតាំងពី២៥ឆ្នាំមុន ដើម្បីបំពេញតម្រូវការថែទាំសុខភាពរបស់សហគមន៍។ មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Sunway (Sunway Medical Centre) បានបន្តការរីកចម្រើនក្លាយជាមន្ទីរពេទ្យឯកជនដ៏ធំបំផុតរបស់ប្រទេសម៉ាឡេស៊ី ជាមួយនឹងគ្រែដែលមានអាជ្ញាប័ណ្ណចំនួន៨១០គ្រែ មជ្ឈមណ្ឌលឧត្តមភាពចំនួន២៨កន្លែង និងអ្នកឯកទេសវេជ្ជសាស្រ្តជាង៦០ផ្នែក។
លើសពីនេះ SMC ក៏បានក្លាយជាមន្ទីរពេទ្យឯកជនដំបូងគេ ក្នុងប្រទេសម៉ាឡេស៊ី ដែលមានការទទួលស្គាល់ទូទាំងមន្ទីរពេទ្យធំៗចំនួនបី៖ រួមមានគណៈកម្មការចម្រុះអន្តរជាតិ (JCI) Gold Seal of Approval (USA) ក្រុមប្រឹក្សាប្រទេសអូស្ត្រាលីស្តីពីស្តង់ដារថែទាំសុខភាព (ACHS) និងសមាគមម៉ាឡេស៊ីសម្រាប់គុណភាពសុខភាព (MSQH)៕