(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំប្រតិភូ អញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចអន្តរាគមន៍លេខ៦ កំពុងឈរជើងការពារទឹកដីតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព នៅទីបញ្ជាការកងពល ស្ថិតក្នុងភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
នៅក្នុងឱកាសនោះ លោក ប៉ែន កុសល្យ បានថ្លែងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចអន្តរាគមន៍លេខ៦ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព នាពេលនេះ។
លោកអភិបាលខេត្តត្បូងឃ្មុំ បានថ្លែងទៀតថា ក្នុងនាមប្រជាពលរដ្ឋខេត្តត្បូងឃ្មុំ ដែលជាសមូរភូមិក្រោយ សូមថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះវីរភាព របស់កងទ័ពកងពលតូចអន្តរាគមន៍លេខ៦របស់យើង និងគ្រប់បណ្តាកងកម្លាំងឈរជើងការពារព្រំដែនទាំងអស់ ដែលបានលះបង់យ៉ាងធំធេងទាំងសាច់ស្រស់ ឈាមស្រស់ និងឃ្លាតឆ្ងាយពីក្រុមគ្រួសារជាទីស្រឡាញ់ ដើម្បីបុព្វហេតុការពារទឹកដីមាតុភូមិរបស់យើង។
លោក ប៉ែន កុសល្យ ក៏បានថ្លែងផ្តាំផ្ញើដល់នាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចអន្តរាគមន៍លេខ៦ទាំងអស់ សូមថែរក្សាសុខភាព និងបន្តពង្រឹងស្មារតីឱ្យបានខ្ជាប់ខ្ជួនក្នុងកិច្ចការពារអធិបតេយ្យ និងបូរណភាពទឹកដី ដើម្បីសេចក្ដីសុខក្សេមក្សាន្ត របស់ប្រទេសជាតិយើង និងសូមជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយមិនឲ្យប្រទេសធ្លាក់ក្នុងជម្លោះប្រដាប់អាវុធ ឬសង្គ្រាមនោះឡើយ ព្រោះកម្ពុជាមានសុឆន្ទៈ និងគោលនយោបាយច្បាស់លាស់ក្នុងការបន្តពង្រឹង និងអភិវឌ្ឍន៍តំបន់ព្រំដែនជាមួយប្រទេសជិតខាង ឱ្យក្លាយជាព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
អំណោយដែលនាំមកប្រគល់ជូននៅពេលនេះរួមមាន៖ អង្ករចំនួន៣តោន ទឹកសុទ្ធចំនួន១៦៨កេស មីចំនួន៤៨កេស ត្រីខចំនួន៥០យួរ ធូបមុសចំនួន៥កេស ទឹកត្រី៣០យួរ ទឹកស៊ីអ៊ីវ៣០យួរ កាហ្វេ៦០កញ្ចប់ សាប៊ូកក់សក់១០ឡូ សាប៊ូដុសខ្លួន ថ្នាំត្រជាក់ កៅអ៊ៀក គុយទាវ៣កេសធំ ឆៃប៉ូវផ្អែម២០គីឡូក្រាម ត្រសក់ចាវ១០គីឡូក្រាម សៀង១៥គីឡូក្រាម នំឆ្ងាញ់១០កេស ទឹកក្រូច១០៤កេស និងថវិកាចំនួន៤០លានផងដែរ៕