(ស្ទឹងត្រែង)៖ លោកស្រី ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពីធីបើកសិក្ខាសាលាផ្សព្វផ្សាយ ច្បាប់ស្តីពី ប្រតិបត្តិការ ដែលមានកិច្ចធានា និងរបៀបប្រើប្រាស់ប្រព័ន្ធតម្កល់លិខិតជូនដំណឹង នៃប្រតិបត្តិការដែលមានកិច្ចធានា កំណែ ២.០ SETFO 2.0 ដែលមានការចូលរួមពី លោក ស៊ី សួន អភិបាលរងខេត្តស្ទឹងត្រែង និងជាតំណាងឲ្យលោក សរ សុពុត្រា អភិបាលខេត្ត និង មន្ដ្រីតំណាងមន្ទីរពាក់ព័ន្ធ តំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ តំណាងសភាពាណិជ្ជកម្មខេត្ត តំណាងសមាគមពាណិជ្ជកម្ម មេធាវី និងនិស្សិតនៅក្នុងខេត្តស្ទឹងត្រែង ជាច្រើនរូប។
សិក្ខាសាលានេះ ត្រូវបានសហការរៀបចំ ដោយនាយកដ្ឋាននីតិកម្ម និងមន្ទីរពាណិជ្ជកម្មខេត្តស្ទឹងត្រែង ក្នុងគោលបំណងបង្កើនការយល់ដឹង អំពីច្បាប់ស្តីប្រតិបត្តិការដែលមានកិច្ចធានា ឆ្នាំ២០០៧និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដែលជួយជំរុញឱ្យសហគ្រាសធុនតូច និងមធ្យម SMEs ព្រមទាំងអ្នកប្រកបរបរកសិពាណិជ្ជកម្ម អាចមានលទ្ធភាពទទួលបានឥណទានបន្ថែម ដើម្បីទ្រទ្រង់សកម្មភាពអាជីវកម្មរបស់ខ្លួន ដោយប្រើប្រាស់ចលទ្រព្យជាទ្រព្យធានា។
លោក ស៊ី សួន បានគូសបញ្ជាក់ថា ជាក់ស្តែងការអភិវឌ្ឍខេត្តស្ទឹងត្រែងទាំងមូលក្នុងរយៈពេលកន្លងមកនេះ បានជំរុញវិស័យសំខាន់ៗ ដូចជាពាណិជ្ជកម្ម វិនិយោគ ឧស្សាហកម្ម ទេសចរណ៍ សិប្បកម្ម ហិរញវត្ថុ ធនាគារ សេវាដឹកជញ្ជូន សំណង់ និងហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ និងវិស័យផ្សេងៗទៀត មានការកើនឡើងជាលំដាប់គួរឱ្យកត់ សម្គាល់។
ក្នុងនោះ ទោះបីជារយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ខេត្តស្ទឹងត្រែង រងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ តែខេត្តស្ទឹងត្រែង នៅតែដំណើរការលើវិស័យជាច្រើន ដូចជាវិស័យកសិកម្ម កសិឧស្សាហកម្ម ទេសចរណ៍ ពាណិជ្ជកម្ម សិប្បកម្ម ។ល។ វិស័យកសិកម្ម៧៩,៧៤% វិស័យពាណិជ្ជកម្ម ៥,២៥% វិស័យឧស្សាហកម្ម- សិប្បកម្ម ២,៨៣% វិស័យសេវាកម្ម ១២,១៨%។
លោកស្រី ខា ឡេង បានលើកឡើងថា ច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានាត្រូវបាន រដ្ឋសភាអនុម័តកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០០៧ និង ដាក់ឱ្យដំណើរការទទួលតម្កល់លិខិតជូនដំណឹងនៃ ប្រតិបត្តិការដែលមានកិច្ចធានាចាប់តាំងពីឆ្នាំ២០០៨ រហូតមកដល់សព្វថ្ងៃនេះ។
លោកស្រីរដ្ឋលេខាធិការ បានបន្តថា ច្បាប់នេះ មានគោលបំណងជួយដល់វិស័យឯកជន សហគ្រាសធុនតូចនិងមធ្យម កសិករ ពាណិជ្ជករ អាចយកទៅប្រើប្រាស់ជាប្រយោជន៍ ក្នុងការរកធនធាន ហិរញ្ញប្បទាន សម្រាប់ធ្វើអាជីវកម្ម របស់ខ្លួន ដែល មានការធានាដោយច្បាប់។
លោកស្រីបានបន្ថែមថា ចំណុចសំខាន់បំផុតនៃច្បាប់នេះ គឺការបង្កើតនូវយន្តការគតិយុត្តិច្បាប់មួយ ដែលជួយដល់កសិករ ពាណិជ្ជករ អាជីវករ វិនិយោគិន និងភាគីពាក់ព័ន្ធ តាមរយៈការបើកឱ្យមាននូវយន្តការខ្ចី បុល ដោយមានការដាក់ចលនវត្ថុជាទ្រព្យធានា ក្នុងគោលបំណងពង្រីកអាជីវកម្មរបស់ខ្លួន និងអាចមាន លទ្ធ ភាពទទួលបានហិរញ្ញប្បទាន ដោយមិនចាំបាច់ប្រើប្រាស់អចលវត្ថុ ដូចជា អគារ ដីធ្លី ផ្ទះសម្បែង ឬបុគ្គ ល ដើម្បីធានាកាតព្វកិច្ចរបស់ខ្លួនឡើយ៕