(កែប)៖​ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអំពាវនាវ ដល់មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ជុំវិញជីវភាពរស់នៅរបស់អតីតយុទ្ធជន រួមមាន៤ចំណុច * ១៖ ត្រូវចុះសួរសុខទុក្ខបងប្អូនអតីតយុទ្ធជននៅតាមមូលដ្ឋាន, * ២៖ បន្តអនុវត្តឱ្យបានល្អក្នុងការផ្តល់សេវាគាំពារសុខភាព ដល់គ្រួសារអតីតយុទ្ធជន យុទ្ធនារី, * ៣៖ បន្តយកចិត្តទុកដាក់ លើគ្រួសារអតីតយុទ្ធជន យុទ្ធនារី ដែលជួបប្រទះទុក្ខលំបាក, * ៤៖ ផ្សព្វផ្សាយអំពីលទ្ធផលនានាក្នុងវិស័យអតីតយុទ្ធជន ឱ្យបានផុលផុស។

ការអំពាវនាវដូច្នេះ ខណៈលោក សោម ពិសិដ្ឋ ចូលរួមជាអធិបតីភាព ក្នុងពិធីអបអរសាទរ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ឆ្នាំ២០២៥ ខួបលើកទី១៨​ ដែលបានប្រព្រឹត្តធ្វើឡើង នៅសាលប្រជុំសាលាខេត្តកែប នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។ ពិធីនេះ ដោយចូលរួមពីសំណាក់​ លោក លោកស្រី អភិបាលរងខេត្ត លោក​ឧត្ដម​សេនីយ៍ ឧត្ដម​អគ្គានុរក្ស​ អភិបាលក្រុង ស្រុក ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត បងប្អូនអតីតយុទ្ធជន និងអ្នកពាក់ព័ន្ធ សរុបជាង​ ៣០០នាក់។

លោកអភិបាលខេត្ត បន្តលើកឡើងថា៖ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារសមធម៌ ប្រសិទ្ធភាព​ និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែលក្នុងនោះការអភិវឌ្ឍវិស័យសង្គមកិច្ច គឺស្ថិតនៅក្នុងបញ្ចកោណទី១ នៃយុទ្ធសាស្ត្រ​របស់រាជរដ្ឋាភិបាលផងដែរ ស្របពេលដែលខេត្តកែប កំពុងអភិវឌ្ឍរីកចម្រើនស្ទើតែគ្រប់វិស័យ ក្នុងនោះការអភិវឌ្ឍធនធានមនុស្ស ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង ការផ្តល់ប័ណ្ណថែទាំសុខភាព ប័ណ្ណមូលនិធិសមធម៌ សម្រាប់បងប្អូនអតីតយុទ្ធជន បងប្អូនអតីតមន្ត្រីរាជការស៊ីវិល ក៏ត្រូវបានយកចិត្តទុកដាក់ជាចម្បង។

លោកឧត្តមសេនីយ៍ទោ ឈឹម ខ្មៅ ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកែប បានលើកឡើងថា អតីតយុទ្ធជនកម្ពុជា ដែលទទួលគោលនយោបាយរបបពីរដ្ឋ ក្នុងខេត្តកែប មានចំនួន ៣៥៧នាក់ ក្នុងនោះសមាជិកសមាគមចំនួន៣២៣នាក់ ដែលរួមមាន៖ ជនពិការ ៧២នាក់ និវត្តន៍ជន ១៧៣នាក់ ជនបាត់បង់សមត្ថភាព៩នាក់ គ្រួសារជនពលី ៤៩នាក់ និងគ្រួសារមរណៈ ២០នាក់។

គួររំលឹកថា ការរៀបចំពិធីអបអរខាងលើ គោលបំណងដើម្បីរំឭកដល់គំរូវីរៈភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេង របស់វីរៈយុទ្ធជន យុទ្ធនារីក្នុងបុព្វហេតុជាតិមាតុភូមិ ការពារបូរណភាពទឹកដី កសាងបាននូវសុខសន្តិភាព និងស្ថិរភាពសង្គម៕