(ភ្នំពេញ)៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញបញ្ជាឲ្យចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ម្នាក់ ដែលដោះលែងក្រុមជនល្មើសល្បែងអនឡាញ។ នេះបើយោងតាមការបែកធ្លាយសំឡេងបទបញ្ជារបស់សម្ដេចនាយករដ្ឋមន្ដ្រី ដែលត្រូវបានគេចែកចាយតាមបណ្ដាញសង្គម។
ក្នុងសារសម្លេង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ករណីដែលខេត្ដ បានរាយការណ៍មក ខេត្ដពោធិ៍សាត់ ខំបើកយុទ្ធនាការ ដើម្បីបង្ក្រាបទីតាំងល្បែងអនឡាញ ស្រាប់តែមានព្រះរាជអាជ្ញារងមួយ ទៅដោះលែងជនដែលប្រព្រឹត្ដបទល្មើស ខ្ញុំឲ្យក្រសួងយុត្ដិធម៌ ចាត់ចែងជាបន្ទាប់»។
បន្ថែមពីនោះទៀត សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បើសិនជារកឃើញថា ព្រះរាជអាជ្ញារងមួយរូបនោះ មានការយកលុយ ពីជនប្រព្រឹត្ដបទល្មើស សម្ដេចបានបញ្ជាឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ACU ត្រូវចាត់វិធានការភ្លាមៗផងដែរ៕