កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើង២ក្រុម បើកឆាកប្រយុទ្ធគ្នានៅស្រុករវៀង ដកហូតកាំបិតផ្គាក់២ដើម និងវត្ថុតាងមួយចំនួនទៀត
17-07-2025 14:34
(ព្រះវិហារ)៖ យ៉ាងហោចណាស់ក្រុមក្មេងទំនើញចំនួន២ក្រុមផ្សេងគ្នា ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយកម្លាំងនគរបាលស្រុករវៀង ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន ក្រោយក្រុមក្មេងទំនើងទាំង២ក្រុមនេះ បើកឆាកប្រយុទ្ធគ្នា។
លោកវរសេនីយ៍ឯក គង់ គា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានថ្លែងប្រាប់ឱដឹងនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ថា ក្រុមក្មេងទំនើង២ក្រុមដែលបើកឆាកប្រយុទ្ធគ្នា គឺបានកើតឡើងកាលពីថ្ងៃទី១៥ កក្កដា ឆ្នាំ២០២៥ វេលាមោង១៨៖៥០នាទីនៅត្រង់ចំណុចក្រុមហ៊ុនទ្រីភាព ស្ថិតនៅភូមិអូពោធិ ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ។
លោកនាយការិយាល័យ បានថ្លែងថា ក្រោយហេតុការណ៍កើតឡើងបង្ករដោយក្រុមក្មេងទំនើងទាំង២ក្រុមនេះ ដោយអនុវត្តន៍តាមបទបញ្ជានិងការណែនាំពីលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ កម្លាំងនគរបាលការិយាល័យព្រហ្មទណកម្រិតស្រាល បានសហការណ៍ជាមួយកម្លាំងនគរបាលស្រុករវៀង បានស្រាវជ្រាវឈានដល់ការកំណត់មុខសញ្ញា និងបានធ្វើការឃាត់ខ្លួនមុខសញ្ញាចំនួន៩នាក់ ជាមួយនឹងការដកហូតវត្ថុតាងរួមមាន៖ កាំបិតផ្គាក់ចំនួន២ដើម ម៉ូតូចំនួន៥គ្រឿង និងទូរស័ព្ទដៃចំនួន៤គ្រឿងផងដែរ។
បច្ចុប្បន្នក្រុមក្មេងទំនើងជាជនសង្ស័យទាំង៩នាក់ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងនគរបាលជំនាញកំពុងសាងសំណុំរឿង នឹងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តព្រះវិហារព្រឹកនេះ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕