ស្នាក់ការសមាគមអតីតយុទ្ធជនខេត្តកំពង់ចាម តម្លៃជាង១២ម៉ឺនដុល្លារ ត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ, ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ណែនាំឲ្យបន្ដយកចិត្តទុកដាក់ដោះស្រាយ និងតម្រូវការរបស់អតីតយុទ្ធជន (Video inside)

17-07-2025 14:36

(កំពង់ចាម)៖ ទីស្នាក់ការសមាគមអតីតយុទ្ធជនខេត្តកំពង់ចាម ដែលចំណាយថវិកាសាងសង់ជាង១២ម៉ឺនដុល្លារ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពលោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។ ស្នាក់ការនេះមានទីតាំងស្ថិតនៅភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម បានលើកឡើងថា ដើម្បីបង្កលក្ខណៈជូនដល់មន្ត្រីបម្រើការងារនៅក្នុងសមាគម សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគម និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈឧបនាយករដ្ឋមន្ត្រី នេត សាវឿន​ បានផ្តល់អគារស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ចាម ចំនួន១ខ្នង មានទំហំ២៨ម៉ែត្រ គុណ២៣,៥ម៉ែត្រ ដែលចំណាយទឹកប្រាក់សរុបចំនួន១២ម៉ឺនដុល្លារ។

ថ្លែងក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានសម្តែងការដឹងគុណចំពោះគុណបំណាច់របស់អតីតយុទ្ធជន ដែលបានតស៊ូគ្រប់ដំណាក់កាលដែលប្រទេសកម្ពុជា ធ្លាប់ឆ្លងកាត់នូវសង្គ្រាម បូករួមទាំងសង្គ្រាមផ្ទៃក្នុង រហូតមកបញ្ចប់សង្គ្រាមដោយជោគជ័យក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្តិភាព ទើបអាចដឹកនាំយុទ្ធជន យុទ្ធនារី ជួយឲ្យប្រទេសកម្ពុជាមានសុខសន្តិភាពមកទល់ពេលបច្ចុប្បន្ន។

លោកសន្តិបណ្ឌិត នេត សាវឿន បានរំលឹកពីវីរភាពអង់អាចក្លាហានរបស់អតីតយុទ្ធជនគ្រប់ជំនាន់ ក្នុងការរួមចំណែកធានាជួយឲ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងស្ថិរភាពមកដល់សព្វថ្ងៃ គឺប្រជាពលរដ្ឋខ្មែរទាំងអស់ចងចាំថា មានការរួមចំណែកពីអតីតយុទ្ធជន ទើបមានប្រទេសកម្ពុជាដ៏រុងរឿង។

ពាក់ព័ន្ធនឹងសមិទ្ធផលទីស្នាក់សមាគមអតីតយុទ្ធជនខេត្ត ដែលបានដាក់ឲ្យប្រើប្រាស់នាពេលនេះ លោកសន្តិបណ្ឌិត នេត សាវឿន បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានចង្អុលបង្ហាញ ដឹកនាំដោយផ្ទាល់ និងចុះជាប់ជាប្រចាំ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងឡាយជូនអតីតយុទ្ធជននៅទូទាំងប្រទេស។

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានណែនាំដល់រដ្ឋបាលខេត្តកំពង់ចាម ត្រូវរៀបចំប្រព័ន្ធ Hotline សម្រាប់អតីតយុទ្ធជន និងនិវត្តជន ទំនាក់ទំនងដើម្បីដោះស្រាយរាល់សេចក្តីត្រូវការឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ព្រមទាំងបន្ដចូលរួមឧបត្ថម្ភ គិតគូរអំពីជីវភាពរបស់អតីតយុទ្ធជននៅក្នុងមូលដ្ឋាន ដោយអនុវត្តតាមគោលការណ៍ផ្ដល់ «កិត្តិយស ជីវភាព និងឱកាស៕