លោក អ៊ឹង សុខឧត្តម បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំ ស្តីពីសន្តិសុខក្នុងការប្រើប្រាស់បច្ចេកវិទ្យាទូរគមនាគមន៍និងព័ត៌មាន នៅទីក្រុងញូវយ៉ក

17-07-2025 14:59

(សហរដ្ឋអាម៉េរិក)៖ លោក អ៉ឹង សុខឧត្តម ទីប្រឹក្សាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅថ្ងៃទី៧-១១ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូកម្ពុជា ដែលមានមន្ត្រីជំនាញក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមកិច្ចប្រជុំ The Eleventh and Final Substantive Session of the Open-Ended Working Group (OEWG) on ICTs Security នៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក។

ជាមួយគ្នានេះ គណៈប្រតិភូកម្ពុជា ចូលរួមមានការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ ពីគណៈប្រតិភូស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ។

កិច្ចប្រជុំខាងលើ បានពិភាក្សាអស់រយៈពេល៥ឆ្នាំ និងបានបញ្ចប់ដោយការអនុម័ត នូវរបាយការណ៍ចុងក្រោយរបស់ក្រុមការងារ OEWG លើសមិទ្ធផលដ៏សំខាន់មួយចំនួន ដែលសម្រេចឯកភាពគ្នាជាឯកច្ឆន្ទ បានតាមរយៈការសម្របសម្រួលពីគ្រប់រដ្ឋជាសមាជិក។

របាយការណ៍ OEWG's 2021-2025 រួមមាន របាយការណ៍សម្រេចចុងក្រោយ និងការបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំមួយសម្រាប់ជាយន្តការសកលអចិន្ត្រៃយ៍ថ្មី ស្តីពីសន្តិសុខក្នុងការប្រើប្រាស់បច្ចេកវិទ្យាទូរគមនាគមន៍និងព័ត៌មាន (ICTs) ដែលជាជំហានដ៏សំខាន់មួយក្នុងការឆ្ពោះទៅមុខ និងការធានាបាននូវសុវត្ថិភាពក្នុលំហរសាយប័រ។