ក្រសួងទេសចរណ៍ និងធនាគារជាតិនៃកម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់វិស័យទេសចរណ៍ និងជំរុញការប្រើប្រាស់ប្រាក់រៀល ដើម្បីលើកស្ទួយអត្តសញ្ញាណជាតិ

17-07-2025 15:30

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងវិស័យឯកជន ចូលរួមកិច្ចពិភាក្សាជាមួយគណៈប្រតិភូធនាគារជាតិនៃកម្ពុជា ដឹកនាំដោយ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ដើម្បីផ្តល់កិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ និងធនាគារជាតិនៃកម្ពុជា និងទស្សនកិច្ចសារមន្ទីរសេដ្ឋកិច្ច និងរូបីយវត្ថុព្រះស្រីឦសានវ័រ្មន។

ក្នុងឱកាសប្រកបដោយអត្ថន័យនេះ រដ្ឋមន្ត្រី ហួត ហាក់ បានយកឱកាសនេះ ថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកស្រីបណ្ឌិត និងសហការី ចំពោះសមិទ្ធផលជាច្រើនដែលធនាគារជាតិនៃកម្ពុជា សម្រេចបាននាពេលកន្លងមក មានជាអាទិ៍៖ ការទទួលយកប្រាក់ដុល្លារដែលចាស់ឬប្រឡាក់, ប្រព័ន្ធទូទាត់បាគង, ការដាក់ឲ្យដំណើរការ «Bakong Tourist App» ដែលពិតជាបានចូលរួមចំណែកគាំទ្រវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការជួយសម្រួលដល់ការទូទាត់របស់ភ្ញៀវទេសចរអន្តរជាតិ ដែលអញ្ជើញមកកម្សាន្តនៅប្រទេសកម្ពុជា។

កិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ ក្រសួងទេសចរណ៍ និងធនាគារជាតិនៃកម្ពុជា បានពិភាក្សាស្តីពី ការជួយផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយនូវកម្មវិធីទូទាត់បាគងទេសចរ (Bakong Tourists App) ដែលនឹងអាចមានកិច្ចសហប្រតិបត្តិការជាមួយនឹង (Visit App Cambodia) ដើម្បីសម្រួលដល់ការទូទាត់របស់ភ្ញៀវទេសចរអន្តរជាតិ និងជួយផ្សព្វផ្សាយសារមន្ទីរសេដ្ឋកិច្ច និងរូបីយវត្ថុព្រះស្រីឦសានវ័រ្មន (ស.ស.រ.) ដែលជាផលិតផលទេសចរណ៍ប្រវត្តិសាស្ត្រមួយ ដែលស្ថិតនៅចំកណ្តាលបេះដូងរាជធានីភ្នំពេញ ព្រមទាំងចូលរួមផ្សព្វផ្សាយ នូវយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង ចាប់ពីខែឧសភា ដល់ខែតុលា៕