(បន្ទាយមានជ័យ)៖ លោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានថ្លែងប្រាប់ឲ្យដឹងថា នៅល្ងាចនេះប្រមាណ៤រសៀលថ្ងៃនេះ មានករណីខ្យល់កន្រ្តាក់លាយភ្លៀង បានវាយបោកបក់ទៅលើផ្សារថ្មពួក ស្ថិតក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យបាក់រលំ សង្កត់របស់របរ របស់អាជីវករដែលកំពុងលក់នៅទីនោះយ៉ាងច្រើន រួមនឹងផ្ទះប្រជាពលរដ្ឋមួយចំនួនផងដែរ។
លោកស្នងការរូបនោះបានបញ្ជាក់ថា ផ្សារដែលបាក់រលំដោយសារខ្យល់កន្រ្តាក់វាយប្រហារនេះ មានទំហំ ៤០X៨០ ម៉ែត្រ ស្ថិតនៅខាងជើងទីរួម ស្រុកថ្មពួក បានបាក់សង្រ្គប់ទាំងស្រុងមកលើតូបរបស់អាជីវករ ហើយពាក់ព័ន្ធនឹងករណីបាក់រលំផ្សារនេះ មិនទាន់ដឹងនៅឡើយថា មានអ្នករងរបួសនោះទេ ប៉ុន្តែលោកបានបញ្ជាក់ថា បាននិងកំពុងបញ្ជូនកម្លាំងទៅពិនិត្យមើល និងអន្តរាគមន៍នៅទីនោះ។ ពាក់ព័ន្ធនឹងការខូចខាត ក៏មិនទាន់ដឹងនៅឡើយនោះដែរ៕