(អាម៉េរិក)៖ នៅក្នុងឆ្នាំ២០០៦ លោក Dean Simonton សាស្ត្រាចារ្យជំនាញផ្នែកចិត្តវិជ្ជា ប្រចាំសកលវិទ្យាល័យ California បានសិក្សាស្រាវជ្រាវទៅលើកម្រិតនៃភាពឈ្លាសវៃ របស់ប្រធានាធិបតីទាំង ៤២រូបរបស់សហរដ្ឋអាម៉េរិក។ ដោយសារតែប្រធានាធិបតីមួយចំនួន មិនមានពិន្ទុ IQ ហេតុនេះ លោក Simonton បានធ្វើការវាយតម្លៃពិន្ទុ ដោយផ្អែកលើរបាយការណ៍ក្នុងប្រវតិ្តរូប ដែលបង្ហាញពីចរិតលក្ខណៈ និងភាពវ័យឆ្លាតរបស់ពួកគេដូចជា ចំណេះដឹង ភាពច្នៃប្រឌិត សិល្បៈ ការចាប់អារម្មណ៍ និងសមត្ថភាពក្នុងការយល់ដឹងអ្វីមួយជាដើម។ ខាងក្រោមនេះជា ប្រធានាធិបតីកំពូលទាំង ១៥រូប ដែលមានពិន្ទុ IQ ខ្ពស់ ដោយពឹងផ្អែកលើការសិក្សារបស់លោក Simonton៖
១៥. លោក Franklin Pierce ៖ ជាប្រធានាធិបតីទី ១៤របស់សហរដ្ឋអាម៉េរិក កាន់អំណាចពីឆ្នាំ ១៨៥៣-១៨៥៧។ តាមការសន្និដ្ឋានរបស់លោក Simonton បានបង្ហាញថា លោក Franklin Pierce មានពិន្ទុ IQ ១៤១។ បន្ទាប់ពីបញ្ចប់ការសិក្សាពីសាលា Bowdoin លោកត្រូវបានគេជ្រើសរើសធ្វើជា សមាជិកសភាតំណាងរដ្ឋ New Hampshire ក្នុងវ័យត្រឹម ២៤ឆ្នាំ ហើយក្លាយជាអ្នកនាំពាក្យក្នុងរយៈពេលពីរឆ្នាំក្រោយមក។ ហើយទីបំផុតលោកក៏ត្រូវបានគេបោះឆ្នោត ជ្រើសរើសធ្វើជាប្រធានាធិបតីសហរដ្ឋអាម៉េរិក។
១៤. លោក John Tyler៖ ជាប្រធានាធិបតីទី១០ របស់សហរដ្ឋអាម៉េរិក ដោយបន្តពីលោក William Henry Harrison ដែលបានបាត់បង់ជីវិតនៅខែមេសា ឆ្នាំ១៨៤១។ លោកបានសិក្សានៅសាលា William និង Mary ព្រមទាំងសិក្សាផ្នែកច្បាប់។ លោកមានពិន្ទុ IQ ប្រហែល ១៤២ និងជាអនុប្រធានាធិបតីទីមួយ ដែលក្លាយជាប្រធានាធិបតីសហរដ្ឋអាម៉េរិក ដោយគ្មានការបោះឆ្នោត។
១៣. លោក Millard Fillmore ៖ ជាប្រធានាធិបតីទី១៣ របស់សហរដ្ឋអាម៉េរិក។ លោកមានពិន្ទុ IQ ១៤៣ ដោយយោងតាមការសន្និដ្ឋានរបស់លោក Simonton។ លោកកើតនៅក្នុងផ្ទះឈើតូចមួយ ក្នុងទីក្រុងញ៉ូវយក ក្នុងឆ្នាំ១៨០០។ លោកបានក្លាយជាអ្នកច្បាប់ម្នាក់ក្នុងឆ្នាំ១៨២៣ ព្រមទាំងត្រូវបានជ្រើសរើសធ្វើជាសមាជិកសភាសហរដ្ឋអាម៉េរិក។ បន្ទាប់ពីលោកប្រធានាធិបតី Zachary Taylor ស្លាប់បាត់បង់ជីវិត លោក Fillmore បានក្លាយជាប្រធានាធិបតីបន្តចាប់ពីឆ្នាំ ១៨៥០-១៨៥៣។
១២. លោក Franklin D.Roosevelt ៖ ជាប្រធានាធិបតីទី៣២ របស់សហរដ្ឋអាម៉េរិកពីឆ្នាំ ១៩៣៣-ឆ្នាំ១៩៤៥ ដោយកាន់អំណាចរហូតដល់ ៤អាណត្តិ ដែលនេះជារឿងដែលមិនធ្លាប់មានពីមុនមកនៅសហរដ្ឋអាម៉េរិក។ តាមការសន្និដ្ឋានបានបង្ហាញថា លោកមានពិន្ទុ IQ ១៤៦ លោកបានចូលរៀននៅសកលវិទ្យាល័យ Harvard និងសាលាច្បាប់ Columbia មុនពេលប្រឡូកក្នុងឆាកនយោបាយ ក្នុងនាមអ្នកប្រជាធិបតេយ្យ និងទទួលបានជោគជ័យក្លាយជាសមាជិកសភាក្នុងឆ្នាំ១៩១០។ លោកមានជំងឺខួរឆ្អឹងខ្នងក្នុងឆ្នាំ១៩២១ ប៉ុន្តែបញ្ហានេះមិនអាចរារាំងលោក មិនឲ្យទទួលជោគជ័យក្នុងការបោះឆ្នោត ធ្វើជាប្រធានាធិបតីក្នុងឆ្នាំ១៩៣២ឡើយ។ លោកត្រូវបានមនុស្សចងចាំបំផុតសម្រាប់កម្មវិធី New Deal ដែលបានដោះស្រាយបញ្ហាពាណិជ្ជកម្ម និងអ្នកអត់ការងារធ្វើ។
១១. លោក Abraham Lincoln ៖ ជាប្រធានាធិបតីទី១៦ របស់សហរដ្ឋអាម៉េរិកក្នុងឆ្នាំ១៨៦១ បន្ទាប់ពីសង្គ្រាមស៊ីវិលរបស់អាម៉េរិកកើតមានឡើង។ លោកជាកូនអ្នករស់នៅតាមបន្ទាត់ព្រំដែននៃរដ្ឋ Kentucky និងជាកសិករម្នាក់ តែលោកតែងតែហាត់រៀនអាន និងសរសេរដោយខ្លួនឯង។ លោកទទួលបានពិន្ទុ IQ ចំនួន ១៤៨ ។ លោកជាប្រធានាធិបតីម្នាក់ ដែលអាចច្នៃបង្កើតឧបករណ៍មួយ ដើម្បីជួយនៅពេលទូកជាប់គាំងនៅលើគោក។ អ្វីដែលជាស្នាដៃគួរឲ្យចង់ចាំរបស់លោក គឺធ្វើឲ្យមានការបង្រួបបង្រួមជាតិ ក្នុងពេលប្រទេសមានសង្គ្រាមស៊ីវិល ហើយនៅក្នុងឆ្នាំ១៨៦៣ លោកបានចុះហត្ថលេខាដោះលែង មិនឲ្យមានវណ្ណៈទាសករតទៅទៀត។
១០. លោក Chester A. Arthur ៖ បានក្លាយជាប្រធានាធិបតីទី២១ របស់សហរដ្ឋអាម៉េរិក បន្ទាប់ពីលោក Garfield ត្រូវគេសម្លាប់ក្នុងឆ្នាំ១៨៨១។ តាមការសន្និដ្ឋានលោកប្រហែលមានពិន្ទុ IQ ១៤៨។ លោកបានបញ្ចប់ការសិក្សាពីសាលា Union College ក្នុងឆ្នាំ១៤៨។
៩. លោក James Garfield ៖ ជាប្រធានាធិបតីទី២០ របស់សហរដ្ឋអាម៉េរិក លោកមិនទាន់កាន់អំណាចបានមួយឆ្នាំផង ត្រូវបានគេធ្វើឃាតក្នុងឆ្នាំ១៨៨២។ លោកបានបញ្ចប់ការសិក្សាពីសាលា Williams ហើយយោងតាមការសន្និដ្ឋានបានបង្ហាញថា លោកមានពិន្ទុ IQ ១៤៨។ បើទោះបីជាលោកបានកាន់អំណាចក្នុងរយៈពេលខ្លី ប៉ុន្តែប្រធានាធិបតីរូបនេះ បានសន្សល់ទុកនូវសមិទ្ធិផលជាច្រើន ក្នុងនោះមានដូចជា បង្កើនកងទ័ពជើងទឹកសាជាថ្មី លុបបំបាត់អំពើពុករលួយ តែងតំាងជនជាតិអាហ្រ្វិកអាម៉េរិក ក្នុងដំណែងខ្ពស់ៗជាដើម។
៨. លោក Theodore Roosevelt ៖ ជាប្រធានាធិបតីទី២៦ វ័យក្មេងជាងគេរបស់សហរដ្ឋអាម៉េរិក ដែលមានវ័យត្រឹមតែ ៤៣ឆ្នាំ។ លោកមានពិន្ទុ IQ ប្រហែល ១៤៩ ។ លោកបានបញ្ចប់ការសិក្សាពីសាលា Harvard ក្នុងឆ្នាំ១៨៨០ ក្រោយមកបានចូលសិក្សាផ្នែកច្បាប់នៅColumbia តែលោកមិនចូលចិត្តមុខវិជ្ជានេះឡើយ ដោយសារវាផ្ទុយពីចំណង់ចំណូលចិត្តរបស់លោក។ ជំនួសឲ្យការសិក្សាលោកបានចំណាយពេលច្រើន ក្នុងការសរសេរអត្ថបទស្តីពីសង្គ្រាមឆ្នាំ១៨១២។ លោកជាប្រធានាធិបតីកាន់អំណាចរយៈពេលពីរអាណត្តិ ហើយត្រូវបានគេស្គាល់ច្បាស់ ដោយសារលោកមានសិល្បៈក្នុងការនិយាយស្តីទន់ភ្លន់ ជាមួយនឹងឈើច្រត់ដ៏ធំមួយ។
៧. លោក Woodrow Wilson ៖ ជាប្រធានាធិបតីទី២៨ របស់សហរដ្ឋអាម៉េរិក តាមការសន្និដ្ឋានលោកមានពិន្ទុ IQ ១៥២។ លោកជាធ្លាប់ជានាយករបស់សកលវិទ្យាល័យ Princeton ចាប់ពីឆ្នាំ១៩០២-១៩១០ ក្រោយមកក៏បានក្លាយជាថ្នាក់ដឹកនាំរដ្ឋ News Jersey ពីឆ្នាំ១៩១១-១៩១៣។ លោកត្រូវបានគេចងចាំតាមរយៈការលើកឡើង នូវប្រធានបទមួយបង្ហាញអំពី «១៤ចំណុច» ដែលលោកបានលើកឡើងនៅក្នុងសភា ដើម្បីឈានដល់ការបញ្ចប់សង្គ្រាមលោកលើកទីមួយ។
៦. លោក Jimmy Carter ៖ ជាប្រធានាធិបតីទី៣៩ របស់សហរដ្ឋអាម៉េរិក ពីឆ្នាំ១៩៧៧-១៩៨១។ លោកបានឈ្នះពានរង្វាន់ណូបែលសន្តិភាពក្នុងឆ្នាំ២០០២ ដោយសារប្រធានាធិបតីរូបនេះ បានជួយជម្រុញការគោរពសិទ្ធមនុស្សជុំវិញពិភពលោក។ តាមការសន្និដ្ឋានរបស់លោក Simonton បានបង្ហាញថាលោក អាចមានពិន្ទុ IQ ១៥៣។ បន្ទាប់ពីជាប់ឆ្នោតជាប្រធានាធិបតី លោកបានដាក់ចេញនូវគោលនយោបាយសំខាន់ៗជាច្រើន ក្នុងពេលកាន់អំណាចរយៈពេល ៤ឆ្នាំ ក្នុងនោះរួមទាំងគោលនយោបាយថាមពលជាតិ និងការធ្វើកំណែទម្រង់សេវាកម្មសាធារណៈជាដើម។
៥. លោក James Madison ៖ លោកត្រូវបានគេចាត់ទុកថាជាបិតារបស់រដ្ឋធម្មនុញ្ញ។ តាមការសន្និដ្ឋានលោកអាចទទួលបានពិន្ទុ IQ ១៥៥។ លោកបានបញ្ចប់ការសិក្សាពីសាលាមួយក្នុងឆ្នាំ១៧៧១ ដែលបច្ចុប្បន្នមានឈ្មោះថា សកលវិទ្យាល័យ Princeton ហើយបានបន្តការសិក្សាផ្នែកច្បាប់។
៤. លោក Bill Clinton ៖ លោកជាប្រធានាធិបតីទី៤២ របស់សហរដ្ឋអាម៉េរិក ពីឆ្នាំ១៩៩៣-២០០១។ តាមការសន្និដ្ឋាន លោកអាចមានពិន្ទុ IQ ១៥៦ ។ បន្ទាប់ពីបញ្ចប់ការសិក្សាពីសាលា Georgetown លោកទទួលបានអាហាររូបករណ៍ ដើម្បីបន្តការសិក្សានៅសកលវិទ្យាល័យ Oxford ព្រមទាំងសិក្សាផ្នែកច្បាប់ពីក្នុងឆ្នាំ១៩៧៣។ លោក Clinton បានជាប់ឆ្នោតជាថ្នាក់ដឹកនាំរដ្ឋ Arkansas ក្នុងឆ្នាំ១៩៧៨។ លោកត្រូវបានគេចង់ចាំបំផុតតាមរយៈកិច្ចខិតខំប្រឹងប្រែងក្នុងស្វែងរកសន្តិភាពសម្រាប់ទឹកដី Ireland និង Balkans។
៣. លោក John F. Kennedy ៖ លោកជាប្រធានាធិបតីទី៣៥ របស់សហរដ្ឋអាម៉េរិក កាន់អំណាចមិនដល់ ៣ឆ្នាំផង លោកត្រូវបានគេធ្វើឃាតក្នុងឆ្នាំ១៩៦៣។ តាមការសន្និដ្ឋានបានបង្ហាញថា លោកអាចទទួលបានពិន្ទុ IQ ចំនួន ១៥៨។ លោកបានបញ្ចប់ការសិក្សានៅសាលា Harvard ក្នុងឆ្នាំ១៩៤០ ព្រមទាំងចូលរួមក្នុងកងទ័ពជើងទឹកភ្លាមៗតែម្តង បន្ទាប់ពីបញ្ចប់ការសិក្សា ព្រមទាំងរងគ្រោះយ៉ាងធ្ងន់ធ្ងរក្នុងសម័យសង្គ្រាមលោកលើកទីពីរ។ លោកត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីក្នុងឆ្នាំ១៩៦០។ អ្វីដែលធ្វើឲ្យមនុស្សចងចាំលោកបំផុត គឺតាមរយៈប្រយោគមួយឃ្លារបស់លោក ដែលបានលើកឡើងថា «កុំសួរថាតើប្រទេសជាតិរបស់អ្នកបានធ្វើអ្វីខ្លះសម្រាប់អ្នក ផ្ទុយទៅវិញត្រូវសួរខ្លួនឯងថា តើអ្នកបានធ្វើអ្វីខ្លះសម្រាប់ប្រទេសជាតិរបស់អ្នក?»។ លើសពីនេះទៅទៀតនោះ អ្វីដែលគួរឲ្យចង់ចាំលោកបំផុតគឺ ភាពជោគជ័យក្នុងកម្មវិធីពន្ធ ដែលបានពង្រីកសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក និងការជម្រុញការគោរពសិទ្ធិជនស៊ីវិល និងភាពស្មើគ្នាក្នុងសង្គម។
២. លោក Thomas Jefferson ៖ ជាប្រធានាធិបតីទី៣ របស់សហរដ្ឋអាម៉េរិក ដែលបានកាន់អំណាចពីឆ្នាំ១៨០១-១៨០៩។ លោកមានពិន្ទុ IQ ប្រហែល ១៦០។ លោកបានបញ្ចប់ការសិក្សាពីសាលា William and Mary ក្រោយមកក៏បន្តការសិក្សាផ្នែកច្បាប់។ យោងតាមរបាយការណ៍ពីសេតវិមានបានឲ្យដឹងថា លោកត្រូវបានគេចងចាំបំផុតតាមរយៈ ការមិនមានជំនាញក្នុងការធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈ។
១. លោក John Adams ៖ ជាប្រធានាធិបតីទី២ របស់សហរដ្ឋអាម៉េរិក ដែលបានដឹកនាំប្រទេស ពីឆ្នាំ១៧៩៧-ឆ្នាំ១៨០១ បន្ទាប់ពីលោកកាន់ដំណែងជាអនុប្រធានាធិបតីទីមួយរបស់សហរដ្ឋអាម៉េរិក ក្នុងអាណត្តិរបស់លោក George Washington។ លោកមានពិន្ទុ IQ ប្រហែល ១៧៣ នេះបើតាមការសន្និដ្ឋានរបស់លោក Simonton។ លោក Adams បានសិក្សាផ្នែកច្បាប់នៅសាលា Harvard និងជាមនុស្សទីមួយដែលបានគាំទ្រចលនា ទាមទារឯករាជ្យពីចក្រភពអង់គ្លេស។ លោកប្រហែលជាត្រូវបានគេចងចាំបំផុត ដោយសារជំនាញផ្នែកការទូត ដោយលោកបានជួយចរចាក្នុងសន្ធិសញ្ញាសន្តិភាពក្នុងអំឡុងសង្គ្រាមបដិវត្តន៍ និងជួយបញ្ចៀសសង្គ្រាមជាមួយប្រទេសបារាំង ក្នុងពេលលោកកំពុងកាន់អំណាច៕