(សៀមរាប)៖ លោក ឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការ នៃគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប រួមជាមួយអ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកក្រឡាញ់ និងលោក ឈឹម ម៉ា អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកពួក នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧នេះ ចុះជួបសំណេះសំណាលជាមួយបេក្ខជនក្រុមប្រឹក្សាឃុំ ថ្នាក់ដឹកនាំភូមិ និងក្រុមការងារចុះជួយឃុំ ស្រុកក្រឡាញ់ និងស្រុកពួក ខេត្តសៀមរាប។
ថ្លែងក្នុងឱកាសនោះ អ្នកឧកញ៉ា សៀង ណាំ និងលោក បណ្ឌិត ឃឹម ប៊ុនសុង និងលោក ឈឹម ម៉ា សុទ្ធតែបានធ្វើកោតសរសើរ និងសាទរចំពោះលទ្ធផល ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ដែលធ្វើឲ្យគ្រប់បណ្តាឃុំ ក្នុងស្រុកក្រឡាញ់ និងស្រុកពួក ទទួលបានជោគជ័យ ដែលជាយុទ្ធសាស្ត្រ ឆ្ពោះទៅរកជ័យជម្មះ លើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ ឆ្នាំ២០១៨ខាងមុខ។
បើតាមថ្នាក់ដឹកនាំទាំង៣ លទ្ធផលទាំងនេះក៏កើតឡើង ពីកិច្ចខិតខំប្រឹងប្រែរបស់អស់លោក លោកស្រីនៅមូលដ្ឋាន ដោយមានកិច្ចសហការសាមគ្គីគ្នាបានល្អ និងគោរពបាននូវគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា អនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោក ឃឹម ប៊ុនសុង បានបន្តទៀតថា ឆ្លងតាមការចុះជួបជាមួយបងប្អូនសមាជិកសមាជិកាបក្សនៅតាមមូលដ្ឋាន រាល់បញ្ហាដែលអាជ្ញាធរមូលដ្ឋានលើកឡើង មានលក្ខណៈខុសៗគ្នាទៅតាមមូលដ្ឋាន ហើយលោកសូមឲ្យបងប្អូនក្រុបប្រឹក្សាឃុំទាំងអស់ ក្រោយពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤នេះ គឺត្រូវធ្វើការពង្រឹងស្មារតី ក្នុងការបំពេញការងារបម្រើប្រជាពលរដ្ឋនៅតាមភូមិ ឃុំ-សង្កាត់ ឲ្យកាន់តែបានល្អប្រសើរឡើង។ ចំពោះបងប្អូនដែលជាបេក្ខភាពក្រុមប្រឹក្សាឃុំទាំងអស់ គឺត្រូវខិតខំបំពេញការងារស្នូលរបស់ខ្លួន ក្នុងការបម្រើដល់ផលប្រយោជន៍របស់ប្រជាជន ដើម្បីធានានិរន្តរភាពការងាររដ្ឋបាល ការផ្តល់សេវា និងការអភិវឌ្ឍដើម្បីបម្រើនូវផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
បន្ថែមពីនេះ លោក ឃឹម ប៊ុនសុង ក៏បានសង្កត់ធ្ងន់ថា គ្រប់សមាជិក ក្រុមប្រឹក្សាសង្កាត់ និងមន្ត្រីរាជការណា ដែលបានធ្វើឲ្យមានកំហុសឆ្គង ធ្វើឲ្យប៉ះពាល់បាត់បង់ផលប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន គឺត្រូវទទួលទោសទណ្ឌទៅតាមច្បាប់រដ្ឋបាលដែលបានកំណត់។ ម៉្យាងទៀតមន្ត្រី ថ្នាក់ដឹកនាំក្នុងជួរគណបក្សទាំងអស់ ត្រូវតែរក្សាឲ្យបាននូវប្រជាប្រិយភាពរបស់គណបក្សប្រជាជនកម្ពុជា ដែលបម្រើនូវផលប្រយោជន៍ប្រជាជន និងអភិវឌ្ឍន៍សង្គមជាតិ៕