(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះ បានសហការជាមួយអ្នកជំនាញ ដែលធ្វើការស្រាវជ្រាវអំពី «តំបន់ប្រាសាទសំបូរព្រៃគុក» អស់ជាច្រើនឆ្នាំនោះ បានធ្វើបទបង្ហាញប្រាប់ក្រុមនិស្សិតស្ថាបត្យករ និងស្ថាបត្យករខ្មែរជំនាន់ថ្មី ដើម្បីឲ្យយល់ដឹងពីស្នាដៃស្ថាបត្យកម្មខ្មែរ បុរាណដ៏អស្ចារ្យ ដែលត្រូវបានរដ្ឋបាលជាតិ-អន្តរជាតិទទួលស្គាល់ និងស្ងើចសរសើរយ៉ាងខ្លាំង រហូតត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
បទបង្ហាញទាំងនេះ ត្រូវបានធ្វើឡើងក្នុងសិក្ខាសាលាស្ដីពី ការដំឡើងឋានៈស្ថាបត្យករចុះបញ្ជីនៃគណៈស្ថាបត្យករកម្ពុជាក្រោមអធិបតីភាព លោក ភឿង សុភ័ណ្ឌ អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នៅទីស្ដីការក្រសួងរៀបចំដែនដី។
លោកស្រីសាស្រ្តាចារ្យ សូ សុគន្ធារី នាយិកាប្រតិបត្តិគម្រោងអភិរក្សប្រាសាទសំបូរព្រៃគុក បានលើកឡើងថា គេស្គាល់តំបន់ប្រាសាទ សំបូរព្រៃគុក ដែលជារាជធានី ឥសានបុរៈរបស់ខ្មែរ កាលពីសម័យចេនឡានោះ តាមរយៈឯកសារចិន ឯកសារឥណ្ឌា និងមជ្ឈិមបូព៌ា ដែលមានសរសេរទាក់ទងនឹងអាណាចក្រចេនឡា ក្នុងរជ្ជកាលព្រះបាទឥសានវរ្ម័នទី១។
លោកស្រីបន្តថា តំបន់ប្រាសាទក្នុងរាជធានីមានបណ្ដោយ៦គីឡូម៉ែត្រ ទទឹង៤គីឡូម៉ែត្រ និងតំបន់ជុំវិញទៀត ពោលមានវិសាលភាព ធំធេងណាស់។
លោកស្រីបានពន្យល់ថា ក្រោយពេលទទួលបានឯករាជ្យពីអាណាចក្រភ្នំ ព្រះបាទភវវរ្ម័នទី១ ដែលព្រះបិតុលារបស់ព្រះបាទឥសានវរ្ម័នទី១ និងព្រះបាទមហិន្ទ្រវរ្ម័នទី១ ដែលជាព្រះបិតារបស់ព្រះបាទឥសានវរ្ម័នទី១ បានតាំងរាជធានីថ្មីនៅសេដ្ឋបុរៈ គឺមានទីតាំងនៅតាមបណ្ដោយ ដងទន្លេមេគង្គ ប៉ុន្តែព្រះបាទឥសានវរ្ម័នទី២ ក្រោយស្នងរាជ្យបន្តពីព្រះបិតាហើយ ព្រះអង្គមិនបានសោយរាជ្រនៅសេដ្ឋបុរៈឡើយ ដោយទ្រង់បានប្ដូររាជធានីមកឥសានបុរៈវិញ ដែលមានទីតាំងតាមបណ្ដោយដងស្ទឹងសែន តភ្ជាប់មកបឹងទន្លេសាប គឺតំបន់ប្រាសាទ សំបូរព្រៃគុកនេះឯង។
លោកស្រីបានបង្ហាញថា ស្ថាបត្យកម្មនៃប្រាង្គប្រាសាទសំបូរព្រៃគុក មានរូបរាង៣ប្រភេទ រួមមាន៖ រាងចតុកោណបួនជ្រុងស្មើចតុកោណ បួនជ្រុងទ្រវែង និងអដ្ឋកោណប្រាំបីជ្រុងស្មើ ដោយតួប្រាង្គប្រាសាទមួយចំនួន មានឆ្លាក់រូបប្រាសាទនិម្មិត មានក្បូរក្បាច់រចនាលម្អលើ ជញ្ជាំងប្រាសាទ និងផ្នែកផ្សេងៗ សម្រាប់បូជាចំពោះអាទិទេពហិណ្ឌូនិយម។
ក្រុមការងារបានកំណាយឃើញថា ក្នុងរាជធានីនាសម័យនោះ មានប្រជារាស្រ្តរស់នៅជាច្រើនលាននាក់ និងមានប្រជារាស្រ្តរស់នៅ ក្រៅរាជធានីទៀត ដោយពួកគេបានជីកព្រែកជីកមួយ ដើម្បីបញ្ជៀសទឹកជំនន់កុំឲ្យជន់លិចរាជធានី ក្នុងរាជធានីមានស្រះទឹកតូចធំសម្រាប់ ប្រើប្រាស់រួមគ្នា។ សម័យក្រោយបន្តិច ក៏មានផ្លូវបុរាណមួយដែលតភ្ជាប់ពីតំបន់ប្រាសាទព្រៃគុក ទៅតំបន់អង្គរវត្ត រាជធានីដ៏ធំរបស់ខ្មែរ ក្រោយសម័យចេនឡា។ ក្រៅពីនេះមានការងារជាច្រើនទៀត ដែលកំពុងធ្វើការសិក្សាស្រាវជ្រាវ និងបន្តស្រាវជ្រាវ និងអភិរក្សផងដែរ។
លោកអនុរដ្ឋលេខាធិការ ភឿង សុភ័ណ្ឌ បានបញ្ជាក់ជាថ្មីថា តំបន់ប្រាសាទសំបូរព្រៃគុក ក្នុងខេត្តកំពង់ធំ ដែលស្ថិតនៅចំកណ្ដាល ប្រទេសកម្ពុជា បច្ចុប្បន្ននេះ ត្រូវបានអង្គការយូណេស្កូ សម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ ហើយជាសម្បត្តិបេតិកភណ្ឌរូបីទី៣ដែរ បន្ទាប់ប្រាសាទអង្គរវត្ត (ឆ្នាំ១៩៩២) និងប្រាសាទព្រះវិហារ (ឆ្នាំ២០០៨)៕