(ប្រ៊ីហ្គាដ)៖ ប្រទេសស៊ែប៊ី​កំពុងតែរងសម្ពាធ​យ៉ាងខ្លាំង ខណៈដែលមន្ត្រី​ជាន់ខ្ពស់ នៃក្រសួង​ការបរទេសអាមេរិក ដែលមក​ទស្សនកិច្ច​​នៅរដ្ឋធានី Belgrade បានណែនាំ​ឲ្យប្រទេស​អឺរ៉ុបមួយនេះ ជ្រើសរើស​យកភាគី​ដែល​ត្រូវដើរតាម រវាងអាមេរិក និងរុស្ស៊ី ឲ្យច្បាស់លាស់បាន​តែមួយប៉ុណ្ណោះ ដោយមិនអាច​​ឲ្យជើងមួយជាន់ទូកពីរ​នោះឡើយ។ នេះបើតាមការ​ចេញផ្សាយ​នៅមុននេះ​បន្តិច ដោយ​​សារព័ត៌មាន sputnik នារសៀល​ថ្ងៃសៅរ៍ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧។

អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក ទទួលបន្ទុក​កិច្ចអាស៊ី-អឺរ៉ុប លោក Hoyt Brian Yee បានប្រាប់​បណ្តាថ្នាក់ដឹកនាំ​កំពូលៗរបស់​ប្រទេសស៊ែប៊ី ក្នុងដំណើរទស្សន​កិច្ចនាសប្តាហ៍នេះថា «ប្រទេស​របស់អ្នក មិនអាចអង្គុយ​លើកៅអីពីរ នៅក្នុងពេលតែមួយ​បាននោះទេ»។ ស៊ែប៊ី​គឺ​ជាប្រទេស​កុម្មុយនិស្តមួយ​ដែល​ធ្លាប់ជាសមាជិក នៃបណ្តាប្រទេស​មិនចូល​បក្ខសម្ព័ន្ធ ក្នុងសហភាព Yugoslavia កាលពីសម័យ​សង្គ្រាមត្រជាក់។

ទោះបីជាបែបនេះក្តី មន្ត្រីកំពូល​អាមេរិករូបនេះ ហាក់ដូចជាកំពុង​បង្ខំឲ្យ​ស៊ែប៊ី ជ្រើសរើស​យកផ្លូវដើរ ឬសម្ព័ន្ធមិត្តមួយ​ជាគោល ទាំងមិនបាន​បញ្ជាក់ថា តើផលប្រយោជន៍អ្វីខ្លះ ដែលប្រទេសនេះនឹង​ត្រូវទទួលបាន​នោះឡើយ។ ទោះបីជាយ៉ាងណា​ក៏ដោយ ជាការឆ្លើយតប​ទៅវិញនោះ រដ្ឋមន្ត្រីការបរទេស​ស៊ែប៊ី លោក Ivica Dacic ដែលជា​សមាជិករដ្ឋាភិបាល​ឆ្វេងនិយម បានបញ្ជាក់​ច្បាស់ៗតបវិញថា «ស៊ែប៊ី នឹងបន្តព្យាយាម​រក្សាទំនាក់ទំនង​ប្រកបដោយតុល្យភាព​រវាង សហរដ្ឋអាមេរិក សហភាពអឺរ៉ុប រុស្ស៊ី និងចិន។ អ្វីដែលយើងមិន​ចង់ឃើញនោះ គឺនរណាម្នាក់ ដែលមកធាក់​យើង ចេញពីកៅអីដែល​យើង​កំពុងអង្គុយ។ អ្វីដែល​សំខាន់នោះ គឺយើងនឹង​សម្លឹង​មើលថា តើអ្វីដែលជា​ផលប្រយោជន៍ល្អ​បំផុតរបស់យើង»

https://img.thedailybeast.com/image/upload/c_crop,d_placeholder_euli9k,h_1440,w_2560,x_0,y_0/dpr_2.0/c_limit,w_740/fl_lossy,q_auto/v1499447497/170707-dickey-trump-putin-tease_fqvrsu