(ភ្នំពេញ)៖ ទីបំផុតទៅតាំងដែលត្រូវអភិវឌ្ឍន៍ព្រលានយន្តហោះភ្នំពេញថ្មី ត្រូវបានប្រកាសហើយថា មានទីតាំងនៅក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលមានផ្ទៃដីរហូតដល់២៦០០ហិកតា។
យោងតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រី ផ្ញើទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន និងលោក ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដើម្បីសុំគោលការបង្កើតក្រុមហ៊ុន «ខេមបូឌា អ៊ែរផត អ៉ិនវេសមិន» បានឲ្យដឹងថា ព្រលានយន្តហោះថ្មីនេះ ត្រូវចំណាយទុនវិនិយោគរហូតដល់ទៅ១,៥០០លានដុល្លារអាមេរិក។ ក្នុងនោះទឹកប្រាក់ ១,១០០លានដុល្លារ ជាកម្ចីពីធនាគារបរទេស និង២៨០លានដុល្លារជារបស់ក្រុម OCIC របស់ឧកញ៉ា ពុង ខៀវសែ ហើយដើមទុនចុះបញ្ជីមានរហូតដល់ ១២០លានដុល្លារអាមេរិក។
នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ម្សិលមិញនេះ លោក ពុង ខៀវសែ និងក្រុមហ៊ុនចិន ដែលដៃជាដៃគូវិនិយោគនោះ បានចុះហត្ថលេខារួចរាល់ហើយ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន នាវិមានរដ្ឋាភិបាល។
ក្រឡែកទៅមើលដីតំបន់ ដែលត្រូវបានប្រកាសពីគម្រោងសាងសង់ ព្រលានយន្តហោះនេះវិញ គឺបានថ្លៃខ្ពស់មិនធ្លាប់មាន។ នេះបើតាមការបញ្ជាក់របស់លោក គឹម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា និងជាប្រធានក្រុមហ៊ុនអចលនទ្រព្យ ខ្មែរ រៀលអ៉ីស្តេត ប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះ។
លោក គឹម ហ៊ាង ស្វាគមន៍ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់ទីតាំងដែលត្រូវសាងសង់ព្រលានយន្តហោះថ្មីនេះ ព្រោះស្ថិតក្នុងទីតាំងភូមិសាស្ត្រល្អ សម្រាប់ការធ្វើដំណើរដែលមិនឆ្ងាយប៉ុន្មានឡើយពីរាជធានីភ្នំពេញ និងមានដីដែលទូលាយច្រើនជាមួយនឹងបណ្តាញផ្លូវខ្វាត់ខ្វែង។
ជាមួយគ្នានេះ លោក គឹម ហ៊ាង បានលើកឡើងថា ដីនៅតំបន់នោះពេលនេះ ឡើងថ្លៃខ្លាំងក្រោយប្រកាស ពីគម្រោងព្រលានយន្តហោះនេះ។ លោកថា ពីមុនតម្លៃមួយម៉ែត្រការ៉េ ដល់មានចាប់ពី១ដុល្លារ ដល់៥ដុល្លារ ឬមួយហិកតា១ម៉ឺនដុល្លារ ទៅ៥ម៉ឺនដុល្លារ បានឡើងថ្លៃដល់មួយម៉ែត្រការ៉េ១០ដុល្លារ ទៅដល់៦០ដុល្លារក៏មាន។
ពាក់ព័ន្ធគម្រោងព្រលានយន្តហោះភ្នំពេញថ្មីនេះ មន្ត្រីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល ធ្លាប់បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា ឆ្លើយតបនឹងកំណើនភ្ញៀវទេសចរដែលចេះតែកើត ឡើងជារៀងរាល់ឆ្នាំនោះ តម្រូវឲ្យកម្ពុជាត្រូវមានព្រលានយន្តហោះភ្នំពេញថ្មីមួយ នៅឆ្នាំ២០២៥ ព្រោះតែព្រលានយន្តហោះអន្តរជាតិភ្នំពេញ បច្ចុប្បន្នលែងអាចពង្រីកខ្លួនបានទៀត។
ទន្ទឹមនឹងការប្រកាសអំពីគ្រោងសាងសង់ព្រលានយន្តហោះភ្នំពេញថ្មីនេះ រាជរដ្ឋាភិបាលក៏ធ្វើការសាងសង់ព្រលានយន្តហោះថ្មី នៅខេត្តសៀមរាប និងខេត្តកោះកុងផងដែរ។
ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរថ្មី ត្រូវសាងសង់នៅឆ្នាំ២០១៨នេះ ដោយក្រុមហ៊ុនចិន YUNAN DEVELOPMENT GROUPគ្រោងវិនិយោគនូវទឹកប្រាក់ ៩០០លានដុល្លារអាមេរិក ដែលមានកុងត្រារយៈពេល៥៥ឆ្នាំ នភស្រុកសូតនិគម លើផ្ទៃដី៧០០ហិកតា។
ដោយឡែកសម្រាប់ព្រលានយន្ដហោះថ្មី១ទៀត ដែលមានទីតាំងនៅខេត្តកោះកុង ក៏ត្រូវសាងសង់លើផ្ទៃដីប្រមាណ៧៥០ហិកតាផងដែរ នៅក្នុងស្រុកបទុមសារគរ ខេត្តកោះកុង ដែលវិនិយោគដោយក្រុមហ៊ុនចិន ឈ្មោះថា Union Development Group ដែលវិនិយោគលើទឹកប្រាក់ ប្រមាណ៣៥០លានដុល្លារអាមេរិក៕
(រូបតំណាង)