(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង ក្រោមអធិបតីភាពលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ យោងតាមសេចក្តីសម្រេច លោកស្រី ឯក សុវណ្ណភារៈ អតីតអភិបាលរងខេត្តឧត្តរមានជ័យ ត្រូវជំនួសលោកស្រី ពៅ សុភាព ត្រូវតម្លើងជាទីប្រឹក្សាក្រសួងមហាផ្ទៃ។
នៅក្នុងនេះ នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ក៏មានការអញ្ជើញចូលរួមពីអនុរដ្ឋលេខាធិការ អគ្គនាយករង គណៈប្រតិភូក្រសួងមហាផ្ទៃ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងមន្ត្រីរាជការ ស្រុក មេឃុំ ចៅសង្កាត់ ប្រមាណជាង២៥០នាក់។
លោកស្រី ជូ ប៊ុនអេង បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ក្នុងខេត្តស្វាយរៀងទាំងអស់ ដែលបានរួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានជំរុញការអភិវឌ្ឍខេត្តឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខ សណ្ដាប់សាធារណៈសង្គមបានល្អប្រសើរ នាពេលកន្លងមក ជាពិសេសការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ដែលមិនត្រឹមតែបានជំរុញការកសាងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធទាំងទីក្រុង និងជនបទប៉ុណ្ណោះទេ ប៉ុន្តែក៏បានធ្វើការកសាង និងកែលម្អសោភ័ណភាពក្នុងបរិវេណសាលាខេត្តបានយ៉ាងល្អប្រសើរផងដែរ។
លោកស្រីរដ្ឋលេខាធិការ បានផ្ដាំផ្ញើចំពោះលោកស្រីអភិបាលរងខេត្ត ដែលទើបទទួលបានការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងថ្មី ត្រូវប្រកាន់ខ្ជាប់នូវសាមគ្គីភាពផ្ទៃក្នុង និងត្រូវខិតខំប្រឹងប្រែងសហការ ចូលរួមក្នុងដំណើរការអភិវឌ្ឍន៍ខេត្ត ឲ្យមានការរីកចម្រើន ធ្វើឲ្យប្រជាពលរដ្ឋកាន់តែមានជីវភាពធូរធារ ប្រកបដោយសេចក្ដីសុខសាន្ដបន្ថែមទៀត។ ដោយឡែក អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវបន្តចាត់តាំងការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ធ្វើយ៉ាងណាបង្ការ ទប់ស្កាត់ និងបង្រ្កាបឲ្យបានចំពោះបទល្មើសគ្រប់ប្រភេទ ជាពិសេស បទល្មើសប្លន់ប្រដាប់អាវុធ គ្រឿងញៀន ល្បែងស៊ីសង និងត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការឲ្យបានល្អប្រសើរជាមួយប្រទេសជិតខាង ដើម្បីរួមគ្នាថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ព្រំដែន និងការបង្ការ ទប់ស្កាត់បទល្មើសឆ្លងកាត់ព្រំដែនគ្រប់ប្រភេទ។
សូមបញ្ជាក់ថា លោកស្រី ឯក សុវណ្ណភារៈ ឋានន្តរស័ក្កឧត្តមមន្ត្រីថ្នាក់លេខ៦ ផ្ទេរភារកិច្ចពីអភិបាលរង នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ឲ្យទៅកាន់មុខដំណែងជា អភិបាលរង នៃគណ:ភិបាលខេត្តស្វាយរៀង ជំនួសលោកស្រី ពៅ សុភាព ជាទីប្រឹក្សាក្រសួងមហាផ្ទៃ ឋាន:ស្មើអនុរដ្ឋលេខាធិការ៕