(កោះកុង)៖ លោកតាព្រឹទ្ធាចារ្យ សាយ ភូថង ដែលគេគ្រប់គ្នាដឹងថា ជាថ្នាក់ដឹកនាំជាន់ខ្ពស់ម្នាក់ នៅក្នុងជួរគណបក្សប្រជាជនកម្ពុជា ដែលបានយកជីវិតធ្វើជាដើមទុន ដើម្បីចូលរួមរំដោះជាតិ ចេញពីរបបវាលពិឃាត ជាមួយមិត្តរួមអាវុធមាន សម្តេចពោធិ៍សាល ជា ស៊ីម, សម្តេចពញាចក្រី ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន ព្រមទាំងឥស្សរជនជាន់ខ្ពស់ជាច្រើនរូបទៀត បានទទួលមរណភាពកាលពីពាក់កណ្តាលឆ្នាំ២០១៦ ដោយជម្ងឺចាស់ជរា។
ដើម្បីសងគុណដ៏មហិមាមិនអាចកាត់ថ្លៃបាន ក៏ដូចជា ចារទុកនៅក្នុងប្រវត្តិសាស្រ្តកម្ពុជា នូវកិត្តិនាមជាអ្នកចូលរួមរំដោះជាតិមាតុភូមិនោះ រូបសំណាក និងវិថីរបស់លោកតា សាយ ភូថង ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា រៀបចំឡើងនៅទីរួមខេត្តកោះកុង ជាទឹកដីដែលលោកតា ចាប់ផ្តើមពីការដឹកនាំចលនាខ្មែរឥស្សរៈ ដែលស្ថិតនៅវត្តភូមិដូង ឃុំតាតៃក្រោម តំបន់ត្រពាំងរូង ចាប់តាំងពីអំឡុងឆ្នាំ១៩៤៨មកម្ល៉េះ។
នៅចុងសប្តាហ៍កន្លងទៅនេះ សម្តេចពញាចក្រ ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានអញ្ជើញដាក់សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដោយមានការចូលរួមពីសំណាក់សម្តេចចៅហ្វាវាំង វរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អ្នកឧកញ៉ា អស់លោក លោកស្រី មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋសរុបជិត៣,០០០ នាក់។
នៅក្នុងឱកាសនោះ លោកស្រី មិថុនា ភូថង បានរំលឹកជូនផងដែរថា ព្រឹទ្ធាចារ្យ សាយ ភូថង កើតនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩២០ និងទទួលមរណភាពនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦។
បើតាមលោកស្រីអភិបាលខេត្ត ដែលត្រូវចៅស្រីបង្កើតបានរំលេចទៀតថា លោកតាព្រឹទ្ធាចារ្យ បានចំណាយពេលវេលាស្ទើរមួយជីវិត ដើម្បីបុព្វហេតុជាតិ មាតុភូមិ ដើម្បីបុព្វហេតុគណបក្សប្រជាជនកម្ពុជា ដោយចាប់ផ្តើមពីការដឹកនាំចលនាខ្មែរឥស្សរៈ ក្នុងខេត្តកោះកុង នៅវត្តភូមិដូង ឃុំតាតៃក្រោម តំបន់ត្រពាំងរូង ចាប់តាំងពីអំឡុងឆ្នាំ១៩៤៨មកម្ល៉េះ ទោះបីជាលោកព្រឹទ្ឋាចារ្យ បានទទួលមរណភាពទៅហើយក្តី ប៉ុន្តែវីរភាពគំរូដឹកនាំ ការតស៊ូរំដោះជាតិរបស់លោកព្រឹទ្ឋាចារ្យ នៅតែស្ថិត ក្នុងដួងចិត្តយើងខ្ញុំទាំងអស់គ្នា ជានិច្ច និរន្តរ៍តទៅ។
លោកស្រីបានបញ្ជាក់ថា «ជាសក្ខីភាព នៃការរំលឹកដឹងគុណចំពោះឯកឧត្តម ព្រឹទ្ឋាចារ្យ យើងខ្ញុំជាកូនចៅ អ្នកខេត្តកោះកុង ក៏ដូចជាប្រជាជនទូទាំងប្រទេស ជាពិសេសដោយមានការគាំទ្រ ទាំងស្មារតី សម្ភារ និងថវិកា ពីឥស្សរជនជាន់ខ្ពស់ របស់គណបក្សប្រជាជនកម្ពុជា បានចាត់ចែងរៀបចំពិធីបុណ្យសព យ៉ាងសមរម្យបំផុត ហើយខណៈនេះទៀតសោត គឺជាសក្ខីភាពនៃការដឹងគុណ និងតបគុណ ចំពោះ ស្នាដៃគុណបំណាច់របស់ឯកឧត្តម ព្រឹទ្ធាចារ្យ យើងទាំងអស់គ្នាបានជួបជុំគ្នានៅទីនេះ ដើម្បីចូលរួមពិធីសម្ពោធរូបសំណាកឯកឧត្តម ព្រឹទ្ឋាចារ្យ សាយ ភូថង និងវិថី សាយ ភូថង នាពេលនេះ និងពិធីបុណ្យឆ្លងចេតិយ និងពុទ្ធាភិសេក ឧទ្ទិសកុសល ជូនឯកឧត្តម ព្រឹទ្ឋាចារ្យ សាយ ភូថង និងលោកជំទាវ ខ ភូថង នៅវត្តអម្ពរទិយារ៉ាម ហៅព្រែកស្វាយ»៕