(ភ្នំពេញ)៖ ជាការពិតណាស់ ការយកចិត្តទុកដាក់ពីឪពុកម្ដាយ និងធ្វើឲ្យកុមារក្លាយទៅជាមនុស្សល្អ ចំណែកឯការសិក្សាក៏ដូចគ្នា គឺត្រូវទាកទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់ផងដែរ។ ជាស្ដែងការសហការរវាងឪពុកម្ដាយ និងគ្រូបង្រៀននឹងជំរុញឲ្យការសិក្សារបស់ កុមារកាន់តែល្អប្រសើរទ្វេរឡើង។ នេះបើតាមការឲ្យដឹងពី អ្នកឧកញ៉ា ប៊ុន ណារី អគ្គនាយិកា សាលា New Gateway International School។
ថ្លែងក្នុងកម្មវិធី រវាងមាតាបិតា អាណាព្យាបាលសិស្ស ជាមួយអ្នកគ្រូ លោកគ្រូ ក្នុងសាលា New Gateway សាខាខណ្ឌសែនសុខ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ អ្នកឧកញ៉ា ប៊ុន ណារី បានថ្លែងឲ្យដឹងថា សាលារៀនបានរៀបចំកម្មវិធីនេះឡើង ក្នុងគោលបំណងបង្កើនទំនាក់ទំនង និងកិច្ចសហការរវាងមាតាបិតាសិស្ស ជាមួយគ្រូបង្រៀន ក្នុងការផ្លាស់ប្ដូរយោបល់គ្នាពីការរីកចម្រើន និងចំណុចដែលត្រូវរួមគ្នា យកចិត្តទុកដាក់កែលម្អ លើកង្វះខាតមួយចំនួនរបស់កូនៗ ក្នុងន័យធ្វើយ៉ាងណា ឲ្យពួកគាត់ទទួលបានចំណេះដឹង សីលធម៌-សុជីវធម៌ក្នុងការរស់នៅ ប្រកបដោយភាពថ្លៃថ្នូរ និងពង្រឹងការអប់រំ ឲ្យមានការអភិវឌ្ឍន៍កម្រិតខ្ពស់ផងដែរ។
អ្នកឧកញ៉ា បានបញ្ជាក់ទៀតថា ការជោគជ័យក្នុងការសិក្សារបស់សិស្ស មិនត្រូវពឹងផ្អែកតែនៅលើសាលាបង្រៀនមួយមុខទេ តែត្រូវទាមទារឲ្យមានការសហការ និងយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់មាតាបិតា និងអាណាព្យាបាលដោយមិនអាចខ្វះបាន។
សាលារៀន New Gateway International School បានជ្រើសរើសយកកម្មវិធីសិក្សា Cambridge ដែលជាកម្មវិធីសិក្សារបស់ចក្រភពអង់គ្លេសដ៏ពេញនិយម និងប្រើប្រាស់នៅច្រើនប្រទេសទូទាំងសកលលោក ហើយសិស្សានុសិស្សអាចទទួលបានគុណភាពអប់រំ និងការថែទាំក្នុងបរិយាកាសល្អបំផុត ដូចដែលពួកគេអាចស្វែងរកបាននៅចក្រភពអង់គ្លេសដែរ។
នៅក្នុងសាលាកុមារមិនមែនរៀនត្រឹមតែនិយាយ អាន និងសសេរភាសាអង់គ្លេស និងភាសាចិន ឲ្យបានត្រឹមត្រូវប៉ុណ្ណោះទេ តែពួកគេក៏បានរៀនអំពីសីលធម៌ក្នុងការរស់នៅ, រៀនអំពីសង្គ ការបង្កើតទំនាក់ទំនងលើខ្លួនឯង ការថែសុខភាពខ្លួនឯង ការអភិវឌ្ឍរាងកាយ ការគ្រប់គ្រងអារម្មណ៍ ការយល់ដឹងអំពីមនុស្ស និងបច្ចេកវិទ្យា ការស្រមើស្រមៃ និងភាពច្នៃប្រឌិត។
អ្នកឧកញ៉ា បានបញ្ជាក់ទៀតថា សាលាដែលមានគុណភាពពិតប្រាកដ គឺជាសាលាដែលយល់ដឹងយ៉ាងច្បាប់អំពីការអភិវឌ្ឍកុមារ និងតម្រូវការជាពិសសេស របស់ពួកគាត់ ហើយការរៀបចំអ្វីៗទាំងអស់ត្រូវឆ្លើយតបជាអភិភាព និងតម្រូវការទាំងនោះ៕