(ភ្នំពេញ)៖ ក្រុមហ៊ុន Global House នឹងសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៩ ដល់ទី២០ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ នឹងរៀបចំសម្ភាសការងារចំនួនពីរថ្ងៃជាប់ៗគ្នា ដែលមានមុខដំណែងជាច្រើនខុសៗគ្នា។
វេទិការនេះធ្វើឡើងនៅទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថិតនៅក្នុងបរិវេណ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចាប់ពីម៉ៅង៨៖០០នាទីព្រឹក ដល់ម៉ោង៥៖០០នាទីល្ងាច ប្រធានផ្នែកគ្រប់គ្រងធនធានមនុស្ស នៃក្រុមហ៊ុន Global House បានឱ្យដឹងថា អ្នកចូលរួមវេទិកានេះ នឹងសម្ភាសតែមួយដងប៉ុណ្ណោះ មានន័យថាជាប់ ឬធ្លាក់បេក្ខជននឹងបានដឹងភ្លាមៗតែម្តង ហើយឱ្យចូលធ្វើការងារក្រោយពេលសម្ភាសជាប់តាមពេលកំណត់ណាមួយ។
ប្អូនស្រី តាន ជូលាង និស្សិតផ្នែក ECO Business នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ធ្លាប់បានលើកឡើងថា ការរៀបចំវេទិកានេះពិតជាល្អណាស់ ព្រោះបានជួយដល់សិស្សិនិស្សិតឱ្យបានជួបដោយផ្ទាល់ជាមួយនឹងក្រុមហ៊ុន។ លោក ជូ លាង ដែលធ្លាប់បានចូលរួមវេទិកាការងាររបស់ NEA កន្លងមកបានចាត់ទុកវេទិកាការងាររបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ ថាបានរួមចំណែកក្នុងការនាំយកឱកាសការងារជាច្រើន ដល់សិស្សនិស្សិត ដែលមានបំណងចង់ស្វែងរកការងារវេទិកានេះ ពិតជាល្អណាស់ ព្រោះបានជូយដល់ខ្ញុំ ក៏ដូចជាអ្នកកំពុងស្វែងរកការងារធ្វើឱ្យឆាប់ទទួលបានការងារធ្វើ»។
លោក អាំង ភារៈ ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ បានឱ្យដឹងថា ជារៀងរាល់ខែមជ្ឈមណ្ឌលការងារ តែងតែសហការជាមួយក្រុមហ៊ុនផ្សេងៗ ដើម្បីរៀបចំសម្ភាសការងារ។ លោកបញ្ជាក់ថា «តាមពិតទៅតាមសូចនាកររបស់យើង មួយខែយើងរៀបចំវេទិកាការងារនេះ តែម្តងប៉ុណ្ណោះ តែដោយមានការស្នើសុំ នឹងគាំទ្រពីម្ចាស់ក្រុមហ៊ុនច្រើនពេក យើងក៏រៀបចំវេទិកាការងារនេះពីរទៅបីលើកក្នុងមួយខែ។
លោក អាំង ភារៈ បញ្ជាក់បន្ថែម «ព័ត៌មានពិតជាមានសារៈសំខាន់ណាស់សម្រាប់យុវជន ជាពិសេសអ្នកស្វែងរកការងារ ហើយខ្ញុំសង្ឃឹមថា អ្នកដែលកំពុងស្វែងរកការងារទំាងអស់នឹងព្យាយាមស្វែងរកប្រភពព័ត៌មានការងារមួយដែលច្បាស់លាស់ និងជឿទុកចិត្ត ហើយ NEA ជាប្រភពព័ត៌មានការងារដ៏សំបូរបែបរបស់រដ្ឋ ដែលលោកអ្នកអាចជឿជាក់បាន»។
សូមជម្រាបឱ្យដឹងដែរថា សម្រាប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ NEA នឹងរៀបចំសម្ភាសការងារប្រចាំខែរបស់ខ្លួនមួយទៀត ចាប់ពីម៉ោង៨ដល់ម៉ៅង ៥ល្ងាច ដែលមានការចូលរួមសហការពីក្រុមហ៊ុនចំនួន១០ នឹងមានតម្រូវការបុគ្គលិកប្រមាណ១២៤៥កន្លែង។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទ៖ ០១៦ ៧៨ ៦៦ ៥៥ ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ដោយងាយស្រួល៕