(ភ្នំពេញ)៖ ថ្ងៃផុតកំណត់សំរាប់ទណ្ឌិត សម រង្ស៊ី ភ្នាល់ជាមួយសម្តេចតេជោ ហ៊ុន សែន ដែលទណ្ឌិតរូបនេះកំណត់ថា លោក កឹម សុខា នឹងត្រូវដោះលែង មុនថ្ងៃទី៣ មីនា ហើយបើមិនដោះលែងទេ លោកសុខចិត្តចាញ់ នឹងសុខចិត្តវិលចូលស្រុកអោយសមត្ថកិច្ចនាំខ្លួនយកទៅដាក់គុកអនុវត្តតាមច្បាប់។
ផុតថ្ងៃទី៣ មិនាហើយ គ្មានព័ត៌មានណាមួយអះអាងថា គេឃើញលោក កឹម សុខា ចេញដើរហើរផុតពីផ្ទះរបស់លោកនោះឡើយ។
ជាលទ្ធផលតាមកិច្ចព្រមព្រៀងនៃការភ្នាល់ក្នុងល្បែងដោះលែងលោក កឹម សុខា ដែលមានទណ្ឌិត សម រង្ស៊ី បច្ចុប្បន្នកំពុងរត់គេចខ្លួនរស់នៅក្រៅប្រទេសជាអ្នកបបួល មានសម្ដេចតេជោហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ជាគូភាគីយល់ព្រមក្នុងល្បែងភ្នាល់នេះ និងមានអង្គភាពព័ត៌មាន Fresh News ធ្វេីជាសាក្សីដឹងឮ ។
គិតមកដល់ម៉ោងនេះ គេមិនទទួលបានព័ត៌មានឬលិខិតស្នាមផ្លូវច្បាប់ណាមួយបញ្ជាក់ថាលោក កឹម សុខា ត្រូវបានដោះលែងនោះឡើយ។ ដូច្នេះសរុបសេចក្ដីមក ទណ្ឌិត សម រង្ស៊ី ពិតជាចាញ់ការភ្នាល់នេះ ជាមួយសម្ដេចតេជោ ហ៊ុន សែន យ៉ាងពិតប្រាកដ ទោះជាទណ្ឌិតរូបនេះ បានប្រកាសលប់ចោលការភ្នាល់ជាឯកតោភាគីក៏ដោយ តែតាមផ្លូវច្បាប់មិនអាចយកជាការបាននោះទេ។ ចាប់ពីថ្ងៃទី៤ ខែមីនា នេះតទៅ ប្រជាពលរដ្ឋខ្មែរនឹងទន្ទឹងមើលផ្លូវទណ្ឌិតសម រង្ស៊ី ជារៀងរហូតថាតេីថ្ងៃណាបានទណ្ឌិតរូបនេះ វិលចូលមកស្រុកខ្មែរវិញដេីម្បីអនុវត្តទៅតាមកិច្ចព្រមព្រៀងនៃការភ្នាល់ដែលខ្លួនទទួលបានលទ្ធផលចាញ់ដ៏គួរអោយអាម៉ាស់នោះ។
តាមព័ត៌មានដែលនាយខ្វែកទទួលបាន ក្រោយផុតឱសាននុវាទក្នុងការភ្នាល់ ហើយគេដឹងជាសាធារណ:ថាទណ្ឌិតសម រង្ស៊ី ពិតជាចាញ់ក្នុងល្បែងភ្នាល់នេះយ៉ាងពិតប្រាកដរួចមកនោះ លោកកែវសុធា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ និងមន្ត្រីសមត្ថកិច្ចខាងអនុវត្តច្បាប់ បានត្រៀមដីកា ត្រៀមខ្នោះ ត្រៀមឡានស៊ីរ៉ែនកៅអីទល់ខ្នងរួចជាស្រេចហើយដើម្បីទៅទទួលទណ្ឌិតសម រង្ស៊ី ដល់ព្រលានយន្តហោះយកឆ្ពោះទៅដាក់គុកព្រៃសអនុវត្តទៅតាមច្បាប់។
ប៉ុន្តែមតិភាគច្រើនគេជឿជាក់ថាទណ្ឌិតរូបនេះ មិនហ៊ានវិលចូលស្រុកអោយសមត្ថកិច្ចវ៉ៃខ្នោះបញ្ចូលគុកនោះឡើយ ព្រោះប្រសិនបើទណ្ឌិត សម រង្ស៊ី ពិតជាក្លាហានមែន មិនមែនដល់ថ្ងៃបញ្ចប់នៃការភ្នាល់ដឹងថាខ្លួនចាញ់ហើយក៏សុខចិត្តលេបសំដីលប់ចោលការភ្នាល់នេះដោយខ្លួនឯងទាំងអាម៉ាស់វិញនោះទេ។ នៅតាមតុកាហ្វេនយោបាយភាគច្រេីន គេនាំគ្នានិយាយថា «ឱ! ទណ្ឌិត សម រង្ស៊ី អើយ ! បើមិនអាចម៏ទេ កុំផោមនាំឆ្កែអរអី»៕