(ភ្នំពេញ)៖ ដោយស្ថិតក្នុងស្ថានភាពកំហឹងទោសៈ ពុះពោរ កញ្ជ្រោលដល់កម្រិត ដោយសារតែធ្វើអីក៏ចាញ់ ធ្វើអីក៏អត់ច្រកចេញ សម រង្សី ដែលកំពុងរស់នៅឆ្ងាយអើយ សែនឆ្ងាយ ពីពន្ធនាគារនៃប្រទេសកម្ពុជា បាននិងកំពុងវាយប្រហារដូចមនុស្សកម្រោលចូលទាំង ៨ទិស ទៅលើសហសេវឹករបស់ខ្លួន ដោយចោទប្រកាន់ថា អ្នកទាំងឡាយណាដែលសុំសិទ្ធធ្វើនយោបាយឡើងវិញ គឺមានន័យស្មើនឹងការសុំចុះចូលជាមួយនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ សម រង្សី តិះដៀលអ្នកទាំងនោះទៀតថា ជាមនុស្សថោកទាប និងភ្លីភ្លើ។ តាមពិតទៅ ក្រោយពេលដែលសេចក្តីស្នើច្បាប់ វិសោធនកម្ម ច្បាប់មាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបានព្រះមហាក្សត្រឡាយព្រះហស្ថលេខាឲ្យប្រើប្រាស់ជាផ្លូវការ សម រង្សី ខ្លួនឯងព្រួយបារម្ភយ៉ាងខ្លាំង ខ្លាចអតីតមន្ត្រី CNRP ដែលជាប់បម្រាមនយោបាយសុំសិទ្ធចូលប្រឡូកក្នុងឆាកនយោបាយកម្ពុជាឡើងវិញ ហើយទុកឲ្យខ្លួននៅឯកោ។ ហេតុនេះហើយទើប សម រង្សី ចេញសារនយោបាយជាបន្តបន្ទាប់ គម្រាមផង លួងលោមផង ជេរប្រមាថផង ដល់សហសេវឹករបស់ខ្លួន ។
ដោយមិនមានការអៀនខ្មាស់ និងមិនមានគុណធម៌ក្នុងខ្លួនបន្តិចណាទាល់តែសោះ សម រង្សី កំពុងលេងល្បែង កឹម សុខា ម្តងទៀតហើយ ដោយគាត់បានលើកបញ្ជាក់ថា កឹម សុខា និង សម រង្សី ជាមនុស្សតែមួយគ្មានអ្នកណាអាចបំបែក កឹម សុខា និង សម រង្សី បានទេ។ ប៉ុន្តែយើងសួរថាពីមុននេះតើអ្នកណាយក កឹម សុខា មកលេងជាល្បែងភ្នាល់ ជាមួយសម្តេចតេជោ ហ៊ុន សែន? តើអ្នកណា ទៅលួចឆក់ប្លន់ របស់ដែលហៅថា តំណែងប្រធានស្តីទី នៃខ្មោច CNRP ពី កឹម សុខា? នៅពេលដែល កឹម សុខា កំពុងជាប់ ឃុំឃាំងនៅកម្ពុជា តើអ្នកណា ទៅសប្បាយរីករាយ ជិះស្គីទឹកកក និងចាក់ក្បាច់រាំវង់ជាមួយអ្នកស្រី ជូឡុង ស៊ូមូរ៉ា ដែលជាប្រពន្ធនៅឯប្រទេសអឺរ៉ុប?
រឿងនេះ សួរថា តើ កឹម សុខា និងក្រុម កឹម សុខា ខឹងដែរឬទេ? ចងគំនុំឬអត់? សងសឹកវិញដែរឬទេ? ចំណុចនេះធ្វើឲ្យ សម រង្សី ភ័យណាស់ ព្រោះថា ប្រសិនបើក្រុម កឹម សុខា ដែលស្ថិតក្នុងបម្រាមនយោបាយដាក់ពាក្យសុំសិទ្ធិធ្វើនយោបាយឡើងវិញនោះ សម រង្សី ប្រាកដជាចប់ហើយ ។ គាត់ធ្វើជាឃោសនាភូតកុហកម្តងទៀតថា កឹម សុខា ទោះ បីជាកំពុងជាប់ឃុំក្នុងផ្ទះ តែគាត់នៅតែស្មោះត្រង់ចំពោះគណបក្សសង្គ្រោះជាតិ ។ គឺខ្មោចគណបក្សសង្គ្រោះជាតិ ដែល សម រង្សី កំពុងធ្វើជាប្រធាន មិនមែន កឹម សុខា ទេ ។ ព្រោះបើតាមគំនិត សម រង្សី គឺ កឹម សុខា សព្វថ្ងៃគ្រាន់តែជាមនុស្សជាប់គុកយ៉ាងសាមញ្ញម្នាក់ប៉ុណ្ណោះ ។ ដោយមិនមានការខ្មាស់អៀនពីការភ្នាល់ចាញ់សម្តេចតេជោ ហ៊ុន សែន ក្នុងការដោះលែង កឹម សុខា សម រង្សី បានបន្តបោកប្រាស់ទៀតថា ក្រោមសម្ពាធអន្តរជាតិ ការដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកនឹងធ្វើឲ្យរាជរដ្ឋាភិបាលដោះលែង កឹម សុខា ក្នុងពេលឆាប់ៗនេះ ហើយអនុញ្ញាតិឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ ។ បន្ទាប់មក សម រង្សី បានបញ្ចុះបញ្ចូលទៅក្រុម កឹម សុខា ដែលជាប់បម្រាមនយោបាយថា៖ «មិនបាច់ទៅសុំសិទ្ធធ្វើនយោបាយ ពីរបបក្រុងភ្នំពេញទេ ព្រោះពួកគេនឹងទទួលបានសិទ្ធនេះ ដោយស្វ័យប្រវត្តិក្នុងពេលឆាប់ៗនេះ»។
ម្តងនេះអ្នកណាភ្លីភ្លើ ហើយអ្នកណាខ្លះមិនភ្លីភ្លើ អាចត្រូវបានគេមើលឃើញយ៉ាងជាក់ច្បាស់ហើយ។ សម រង្សី ធ្លាប់ចាញ់ការភ្នាល់ជាមួយសម្តេចតេជោ អំពីការដោះលែង កឹម សុខា នៅថ្ងៃទី៣ ខែមីនា ហើយថែមទាំងមោឃៈការភ្នាល់ចោលមុនកាលបរិច្ឆេទមកដល់ទៀតផង។ សម រង្សី បោកប្រាស់ម្តងហើយម្តងទៀត ថាខ្លួននឹងត្រឡប់វិលមក ប្រទេសវិញ ដោយប្រកូកប្រកាសប្រមូលលុយប្រមូលកាក់ ធ្វើខ្លួនដូចជាក្លាហានណាស់ តែតាមពិតគ្រាន់តែជាការបង្ហាញឥរិយាបថ តាមរបៀបប្រមាថមាក់ងាយទៅលើ កឹម សុខា តែប៉ុណ្ណោះ។ សម រង្សី ប្រាកដជាមិនហ៊ានវិលមកវិញទេ ពីព្រោះសំណុំរឿងរបស់ទណ្ឌិតនេះ មានច្រើនណាស់នៅក្នុងដៃរបស់តុលាការ។
យើងគ្រាន់តែគិតត្រួសៗដូចជាសំណុំរឿងបរិហាកេរ្តិ៍ លោក ហោ ណាំហុង ត្រូវជាប់គុក២ឆ្នាំ សងប្រាក់ ២០០០ដុល្លារ សំណុំរឿងបរិហាកេរ្តិ៍សម្តេច ហេង សំរិន បង្គាប់ឲ្យសងប្រាក់ ៥០លានរៀល ទៅដើមបណ្តឹង និង ១០លានរៀល បង់ចូលរដ្ឋសំណុំរឿងសមគំនិតបង្ហោះផែនទីក្លែងក្លាយជាមួយ ហុង សុខហួរ ជាប់ទោស ៥ឆ្នាំ សំណុំរឿងចោទរាជរដ្ឋាភិបាល នៅពីក្រោយខ្នងនៃអំពើឃាតកម្ម លើលោក កែម ឡី ត្រូវជាប់ពន្ធនាគារ ១ឆ្នាំ និង៨ខែ ពិន័យជាប្រាក់១០លានរៀល និងសងសំណងជម្ងឺចិត្ត ១០០លានរៀល។
នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅ តុលាការទើបតែបានបញ្ចប់ការស៊ើបសួរលើសំណុំរឿង លោក សម រង្សី ដែលប្រមាថចំពោះព្រះមហាក្សត្រ ហើយបទល្មើសនេះ ប្រព្រឹត្តិនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៦-៧ និងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ និងសំណុំរឿងញុះញង់កុំឲ្យយោធិនស្តាប់បង្គាប់ និងធ្វើឲ្យខូចទឹកចិត្តកងទ័ព កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ ។ ដូច្នេះ សម រង្សី គ្រាន់តែជាជនឯកោម្នាក់ ជាទណ្ឌិតម្នាក់ ដែលរត់គេចពីគុក និងជាមនុស្សម្នាក់ ដែលជីវិតនយោបាយរបស់ខ្លួន មិនមានតម្លៃទៀតទេ និងស្លាប់បាត់ទៅហើយ។
ក្តីសង្ឃឹមចុងក្រោយតែមួយគត់របស់ សម រង្សី គឺការពឹងផ្អែកទៅលើអ្នកដែលជាប់បម្រាមនយោ បាយទាំង១១៨នាក់នោះ ប្រសិនបើភាគច្រើននៃអ្នកទាំងនោះ ស្នើសុំសិទ្ធធ្វើនយោបាយឡើងវិញ សម រង្សី នឹងឯកោ ហើយ សម រង្សី គ្រាន់តែជាមនុស្សភ្លីភ្លើម្នាក់ប៉ុណ្ណោះ ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកណា នៅតែអល់អែក ជឿតាមការសន្យាភូតកុហកម្តងហើយម្តងទៀតរបស់ សម រង្សី គឺអ្នកទាំងនោះហើយ ស្ថិតនៅ ក្នុងរង្វង់នៃការវាយតម្លៃរបស់ សម រង្សី ថាជាមនុស្សភ្លីភ្លើ...ព្រោះនៅតែភ្លីភ្លើ ដោយសារ សម រង្សី បោកប្រាស់បានម្តងហើយម្តងទៀត។
យើងសុទ្ធតែបានដឹងទាំងអស់ហើយថា កឹម សុខា ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចរកឃើញភស្តុតាងដ៏រឹងមាំជាច្រើន និងគ្រប់គ្រាន់ដែលបង្ហាញថា កឹម សុខា មានជាប់ពាក់ព័ន្ធនឹងផែនការសម្ងាត់ ដោយឃុបឃិតគ្នាជាមួយបរទស ដើម្បីផ្តួលរំលំរដ្ឋអំណាចស្របច្បាប់នៅកម្ពុជា តាមរយៈចលនាបដិវត្តន៍ពណ៌ ហើយ កឹម សុខា ក៏បាននិយាយដោយផ្ទាល់មាត់ខ្លួនឯង អំពីផែនការនេះដែរ ។ សំណុំរឿងព្រហ្មទណ្ឌរបស់ កឹម សុខា កំពុងស្ថិតក្នុងសមត្ថកិច្ចរបស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ហើយចំណាត់ការនីតិវិធីនានា របស់ចៅក្រមស៊ើបសួរក្នុងដំណាក់កាលនេះ ធ្វើឡើងស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា។
ចំពោះគណបក្សសង្គ្រោះជាតិ ដែលផ្តួចផ្តើមបង្កើតឡើងដោយពួកបរទេស ដោយយកអាយ៉ង សម រង្សី-កឹម សុខា មកដឹកនាំ គឺជាយន្តការមួយសម្រាប់បម្រើឲ្យចលនាបដិវត្តន៍ពណ៌ ដែលពួកគេបានអនុវត្តយ៉ាងសកម្ម និងពេញទំហឹងក្នុងអំឡុងឆ្នាំ២០១៣ និងឆ្នាំ២០១៤ ។ ផែនការធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈការចងក្រងចាក់ស្រេះ ប្រទាក់ក្រឡាគ្នាយ៉ាងស៊ី ជម្រៅរវាងក្រុមគ្រួសារគណបក្សប្រឆាំង និងពួកចារកម្មបរទេសរហូតមានអង្គការបរទេសខ្លះ បានចូលមកបង្ហាត់បង្រៀនយុទ្ធសាស្ត្រ និងយុទ្ធវិធីធ្វើបាតុកម្ម ការផ្តល់ថវិកា ជំរុញបំផ្ទុះឡើងនូវបដិវត្តន៍ពណ៌ ឈានទៅបង្កើតរដ្ឋាភិបាលមួយមិនតាមបែបប្រជាធិបតេយ្យ មានបរទេសជាអ្នកបញ្ជា ។ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ គណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូល ចេញសាលដីកាសម្រេចរំលាយចោល ។ ចំណែកមន្ត្រីថ្នាក់ដឹកនាំគណបក្សនេះចំនួន ១១៨នាក់ ត្រូវហាមមិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។
សាលដីការបស់តុលាការកំពូលនេះ បានរួមចំណែកដល់ការពង្រឹងការគោរព និងការអនុវត្តរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមានស្របតាមគោលការណ៍នីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដើម្បីរក្សាស្ថិរភាពនយោបាយ ឯករាជ្យ អធិបតេយ្យ និងការពារសន្តិភាព និងការអភិវឌ្ឍដើម្បីភាពសុខសាន្តរបស់ប្រជាជន និងសេចក្តីថ្លៃថ្នូររបស់ជាតិ ព្រមទាំងប្រឆាំងការជ្រៀតជ្រែកកិច្ចការ ផ្ទៃក្នុងរបស់ពួកបរទេសទៀតផង។
ដោយពុំចាំបាច់ដេកកាប់បំពង់រងចាំទឹកភ្លៀង ហើយដើម្បីកុំឲ្យមនុស្សភ្លីភ្លើដូច សម រង្សី ដៀលប្រមាថយើងថា ជាមនុស្សភ្លីភ្លើជាងគាត់ទៅទៀតនោះ អ្នកជាប់បម្រាមនយោបាយទាំងអស់ គួរគប្បីមើលឲ្យឃើញវែងឆ្ងាយអំពីផលប្រយោជន៍ជាតិ និងប្រជាជន ហើយរួមគ្នាកសាងជាតិ លុបលាងកំហុសពីអតីត កាល ដែល សម រង្សី និង កឹម សុខា អូសទាញលោកអ្នកឲ្យធ្លាក់ជ្រោះទាំងមិនដឹងខ្លួននាពេលកន្លងមក៕
ដោយ៖ លី ទួង