(ភ្នំពេញ)៖ ក្រុមជនមាននិន្នាការប្រឆាំងនឹងបុរសខ្លាំងតេជោ សែន បានរិះរកគ្រប់មធ្យោបាយវាយប្រហារបុរសដែលក្តោបក្តាប់អំណាចជានាយករដ្ឋមន្ត្រីជាង៣០ឆ្នាំនៅកម្ពុជារូបនេះ។ ក្នុងពេលប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជារូបនេះ កំពុងសាងនូវមិត្តភាពយ៉ាងជិតស្និទ្ធជាមួយប្រទេសចិនមហាអំណាចសេដ្ឋកិច្ចលំដាប់លេខ២លើលោកនោះ ក្រុមអ្នកប្រឆាំងសម្តេចតេជោ ហ៊ុន សែន ក៏បានវាយប្រហារ និងចោទប្រកាន់សម្តេចតេជោថា ជាជនធ្វើទំនាក់ទំនងលំអៀងទៅរកចិន ទៅរកប្រទេសផ្តាច់ការ។
ការចោទប្រកាន់បែបនេះមិនមែនមានតែក្នុងពេលបច្ចុប្បន្ននោះទេ ក្នុងទសវត្សរ៍ឆ្នាំ៨០ បុរសខ្លាំងរបស់កម្ពុជារូបនេះ ក៏ត្រូវបានគេចោទប្រកាន់បែបនេះផងដែរ។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានរំលឹកថា ទសវត្សរ៍ឆ្នាំ៨០ពេលសម្តេចទស្សនកិច្ចនៅប្រទេសលោកសេរី គេក៏ចោទសម្តេចថា «ជាមេដឹកនាំកុម្មុយនិស្ត» ហើយពេលសម្តេចទស្សនកិច្ចនៅប្រទេសកុម្មុយនិស្ត គេក៏ចោទសម្តេចថា «ជាមេដឹកនាំសេរី»។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នោះជាអារម្មណ៍ដ៏ឈឺចាប់មួយសម្រាប់សម្តេច។ តែអ្វីដែលធ្វើឱ្យសម្តេចនៅតែរឹងមាំតស៊ូប្រយុទ្ធលើសមរភូមិនៃការដឹកនាំរបស់សម្តេចនោះ គឺភាពប្រាកដនិយម និងការស្គាល់ខ្លួនឯងច្បាស់ថា សម្តេចជាមេដឹកនាំរបស់កម្ពុជា ហើយធ្វើអ្វីៗសម្រាប់ប្រជាជាតិខ្មែរ ដោយមិនខ្វល់នរណាចោទសម្តេចជាមនុស្សសេរី ឬកុម្មុយនិស្តនោះឡើយ។
តើបច្ចុប្បន្ននេះសម្តេចតេជោ សែន ជាមេដឹកនាំមាននយោបាយការទូតដោយលំអៀង និងមានទំនោឯកោនិយមដូចការចោទឬយ៉ាងណា?
កម្ពុជាជាប្រទេសមួយដែលគេដឹងថា ត្រូវបានប្រទេសប្រកាន់របបសេរី រួមទាំងចិនផង នៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ៨០ ធ្វើការហ៊ុមព័ទ្ធទាំងផ្នែកនយោបាយ និងផ្នែកសេដ្ឋកិច្ច ដ្បិតតែពេលនោះកម្ពុជាមានការស្និទ្ធស្នាលខ្លាំងជាមួយសហភាពសូវៀត ដែលជាបងធំរបស់ពិភពលោក ហើយមានជម្លោះស្រួចស្រាវជាមួយបណ្តាប្រទេសមហាអំណាចដទៃមានដូចជាអាមេរិក និងប្រទេសលោកសេរីផង។
តែក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១ កម្ពុជាក៏បានធ្វើសមាហរណកម្មទៅក្នុងតំបន់ និងលើពិភពលោកយ៉ាងសកម្ម និងដោយភាពរស់រវើកក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលមានអតីតភាពជាអ្នកការទូត។
ការនាំយកប្រទេសកម្ពុជាចូលជាសមាជិកអាស៊ាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ ១៩៩៩, ក្លាយជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក នៅខែកញ្ញា ឆ្នាំ២០០៩ និងការចងភ្ជាប់សម្ព័ន្ធភាពជាមួយប្រទេសកូរ៉េខាងត្បូងនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៧ ចំពេលកម្ពុជាមានភាពស្និទ្ធស្នាលជាមួយកូរ៉េខាងជើងគូជម្លោះរបស់កូរ៉េខាងត្បូងនោះ សុទ្ធតែបានបង្ហាញពីភាពឆ្លាតវៃក្នុងកិច្ចការទូតរបស់បុរសខ្លាំងតេជោ សែន។
តាមរយៈការដឹកនាំជាមួយនឹងនយោបាយការទូតអន្តរជាតិដ៏រស់រវើកនេះ បានធ្វើឱ្យកម្ពុជាទទួលបាននូវឧត្តមប្រយោជន៍ជាច្រើនសម្រាប់ជាតិមាតុភូមិទាំងផ្នែកសេដ្ឋកិច្ច នយោបាយអន្តរជាតិ និងការពង្រីកកេត្យានុភាពជាតិទៅក្នុងតំបន់ ក៏ដូចជាជាពិភពលោក។ មិនបាច់ក្រឡេកទៅមើលអតីតកាលច្រើននោះទេ គ្រាន់តែមើលនូវសមិទ្ធផលលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពាន ក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន គេអាចមើលឃើញពីឧត្តមភាព ភាពខ្លាំងក្លានៃទំនាក់ទំនងរបស់កម្ពុជាលើឆាកអន្តរជាតិតាមរយៈឧត្តមមគ្គុទ្ទេសក៍ដឹកនាំរបស់តេជោ សែន។ ហើយក៏អាចឆ្លើយតបទៅនឹងការចោទប្រាកាន់របស់ជនមាននិន្នាការប្រឆាំងបានដែរថា តើសម្តេចតេជោ សែន ជាមេដឹកនាំមាននយោបាយការបរទេសលំអៀង ឬឯកោនិយម?
ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពាន គឺជាការងារដ៏អាទិភាពក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលមិនត្រឹមតែសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនោះទេ តែក៏ជាការជួយជំរុញសេដ្ឋកិច្ចរបស់ជាតិកម្ពុជាផងដែរ។ ការសាងសង់ផ្លូវជាតិ និងស្ពាន កម្ពុជាមិនទាន់មានលទ្ធភាពគ្រប់គ្រាន់នោះទេ នាំឱ្យមានការស្វះស្វែងរកថវិកាទាំងជំនួយ និងកម្ចីពីបណ្តាប្រទេសជាមិត្តសម្រាប់សាងសង់។
ប្រទេសចិន និងជប៉ុន ដែលជាប្រទេសគូសត្រូវក្នុងប្រវត្តិសាស្ត្រ និងជាដៃគូប្រកួតប្រជែងសេដ្ឋកិច្ច និងឥទ្ធិពលដ៏ស្រួចស្រាវក្នុងតំបន់អាស៊ីនាពេលបច្ចុប្បន្ន គឺជាប្រទេសបានផ្តល់កម្ចី និងប្រាក់ជំនួយច្រើនជាងគេសម្រាប់កសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពានក្នុងប្រទេសកម្ពុជា។
បច្ចុប្បន្នយើងអាចមើលឃើញថា ផ្លូវជាតិលេខ៥តភ្ជាប់ពីរាជធានីភ្នំពេញ រហូតដល់ក្រុងប៉ោយប៉ែត ព្រំដែនខ្មែរ-ថៃ ដែលកំពុងដំណើរការសាងសង់ និងពង្រីកឱ្យកាន់តែធំឡើងក្រោមកម្ចីថវិការបស់ជប៉ុន។ រីឯផ្លូវជាតិលេខ៦ តភ្ជាប់ពីរាជធានីភ្នំពេញរហូតដល់ខេត្តសៀមរាប សាងសង់ដោយប្រាក់កម្ចីរបស់រដ្ឋាភិបាលចិន។ មិនតែប៉ុណ្ណោះផ្លូវជាតិទាំងពីរខ្សែដែលពុះកាត់ដោយទន្លេសាប និងបឹងទន្លេសាបនេះ ត្រូវបានតភ្ជាប់ដោយស្ពានចំនួនពីរខ្សែ។
ស្ពានមួយខ្សែកើតឡើងក្នុងសម័យសង្គមរាស្ត្រទសវត្សរ៍ឆ្នាំ៦០ ហើយត្រូវបន្តថែទាំ និងជួសជុលក្នុងរបបដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាពេលបច្ចុប្បន្ន។ ស្ពានមួយខ្សែទៀត ត្រូវបានសាងសង់ឡើងដោយប្រាក់កម្ចីរដ្ឋាភិបាលចិន ហើយដាក់ឱ្យដំណើរការនៅខែតុលា ឆ្នាំ២០១៥។ ស្ពានទាំងពីរកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចម្លងប្រជាពលរដ្ឋខ្មែរឆ្លងកាត់ទៅមកលើទន្លេដ៏ធំក្នុងរាជធានីភ្នំពេញ។
វត្តមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពានទាំងនេះនឹងមិនអាចរំលេចវត្តមាននៅលើទឹកដីកម្ពុជាបាននោះឡើយទោះក្នុងលក្ខខណ្ឌជំនួយ ឬកម្ចីក៏ដោយនោះ ប្រសិនបើមេដឹកនាំរបស់កម្ពុជាសម្តេចតេជោ ហ៊ុន សែន មិនមានទំនាក់ទំនងការទូតដ៏ល្អប្រសើរ និងគ្មានភាពឈ្លាសវៃ ប៉ិនប្រសប់ក្នុងការកសាងទំនាក់ទំនងជាមួយជប៉ុន និងចិនទេនោះ។
តាមរយៈវត្តមានផ្លូវ ក៏ដូចជាស្ពានពីរខ្សែដេកទន្ទឹមគ្នាលើដងទន្លេសាប គឺបានបង្ហាញថា បុរសខ្លាំងរបស់កម្ពុជាតេជោ សែន មិនមែនជាមេដឹកនាំដែលមាននយោបាយការទូតឯកោនិយម ឬលំអៀងទៅរកប្រទេសណាមួយនោះឡើយ។ ជាពិសេសបានបង្ហាញនូវភាពខ្លាំងលើសមរភូមិការទូតរបស់សម្តេចតេជោ ហ៊ុន សែន ដែលអាចទាញសមានចិត្តរបស់ប្រទេសគូជម្លោះ និងគូប្រជែងឥទ្ធិពលចិន-ជប៉ុន ឱ្យមកសាងសង់ផ្លូវ និងស្ពានជាប់គ្នាបម្រើជាប្រយោជន៍របស់ខ្មែរ៕
ដោយ៖ វ៉ាន់ សារាយ