(ភ្នំពេញ)៖ ថ្ងៃទី១ មិថុនា នេះជាថ្ងៃឈប់សម្រាកដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ។ ពេលព្រឹកឡើងខ្ញុំបើកហ្វេសប៊ុក ឃើញតែការ បង្ហោះសារអបអរសាទរទិវាកុមារអន្តរជាតិអមដោយរូបថតឪពុកម្តាយ នាំកូនជាទីស្រឡាញ់របស់ខ្លួនដើរកម្សាន្តនៅគ្រប់ច្រកល្ហក។ រមណីយដ្ឋានទេសចរណ៍នានាពោរពេញដោយមនុស្សណែនណាន់តាន់តាប់ និងលឺតែសំឡេងសើចសប្បាយ ជួបជុំគ្រួសារ បងប្អូន កូនចៅដើម្បីហូបម្ហូបអាហារ យ៉ាងសម្បូរបែបនិងយ៉ាង សប្បាយរីករាយ។
នៅតាមហាងលក់កាហ្វេឯណោះវិញជាពិសេសហាងកាហ្វេមនុស្សម្នា ជាពិសេស យុវវ័យបានមកជួបជុំគ្នាដើម្បីទីញ កាហ្វេប្រែនៗក្នុងបរិយាកាសសែនមនោរម្យនិងបានជជែកគ្នាអំពីការងារ ការសិក្សា ឬអំពីមុខជំនួញជាពិសេសគឺហាងឆេងដីឡើងថ្លៃនៅទូទាំងស្រុកខ្មែរ ដោយទឹកមុខស្រស់ថ្លាមើលទៅដូចជាមានសេចក្តីសុខយ៉ាងក្រៃលែង។ នៅតាមហាងទំនិញ ផ្សារទំនើប ក៏ពោរពេញដោយមនុស្សម្នាយ៉ាងកកកុញដែរ។ នៅថ្ងៃចុងសប្តាហ៍ឬថ្ងៃឈប់សម្រាក យានយន្តគ្រប់ប្រភេទបានប្រជ្រៀតគ្នាចាកចេញពីភ្នំពេញទៅកាន់ទីរមណីយដ្ឋាននានា ដែលធ្វើឲ្យវិថីទាំងឡាយ មានសភាពមមាញឹកយ៉ាងខ្លាំង។ កាលពីមុនបើមានស្ពានឆ្លងទន្លេមួយធ្វើដំណើរទៅមកចាត់ទុកថាជារឿងល្អណាស់ទៅហើយ ប៉ុន្តែពេលនេះ ស្ពានភ្លោះពីរទន្ទឹមគ្នា មួយទៅមួយមក ក៏នៅតែស្ទះចរាចរណ៍ទៀត។ ទោះមានស្ពានអាកាសច្រើនកន្លែងដើម្បីជួយ សម្រួលទិសចរាចរណ៍កុំឲ្យជួបគ្នាយ៉ាងណា ក៏រាជធានីភ្នំពេញនៅតែកកស្ទះយ៉ាងខ្លាំងដដែល។ នេះសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរបានទទួលផលពីកំណើន សេដ្ឋកិច្ចជាតិយ៉ាងពិតប្រាកដ។ តាំងពីកើតមក ខ្ញុំបានឆ្លងកាត់ ច្រើនជំនាន់ណាស់ ប៉ុន្តែខ្ញុំមិន ដែលបានឃើញថា ប្រជាពលរដ្ឋខ្មែរមានក្តីសប្បាយរីករាយ និងស្គាល់ភាពសម្បូរបែបដូចបច្ចុប្បន្ននេះឡើយ។ ជាការពិត កម្ពុជាបានជាប់លំដាប់ជាប្រទេសដែលមានសេដ្ឋកិច្ចរីកលូតលាស់ខ្លាំង និងមាន កំណើនសេដ្ឋកិច្ចខ្ពស់ជាងគេ លំដាប់លេខមួយនៅអាស៊ីអាគ្នេយ៍ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ។ សព្វថ្ងៃកម្ពុជានៅតែរក្សាបាននូវ លេខរៀងកំពូលនេះតែដដែល។
នៅឯទីជនបទឯណោះវិញ ទោះបីជាស្ថានភាពមិនដូចនៅទីក្រុង និងទីប្រជុំជននៅឡើយ ប៉ុន្តែប្រជាពលរដ្ឋក៏សុទ្ធតែស្គាល់ការរីកលូតលាស់ខាងជីវភាពកាន់តែប្រសើរឡើងជាលំដាប់។ ផ្ទះថ្មី ម៉ូតូថ្មី ទូរស័ព្ទថ្មី ហាងកាហ្វេប្រ៊េនៗ ត្រូវបានបង្ហាញខ្លួនឲ្យឃើញយ៉ាងច្បាស់នឹងភ្នែក។ និយាយជារួម ជីវភាពរបស់ប្រជាពលរដ្ឋខ្មែរស្គាល់ការរីក លូតលាស់ទៅតាមលទ្ធភាព និងសកម្មភាពសេដ្ឋកិច្ចដែលពួកគេធ្វើរៀងៗខ្លួន។ ទាំងអស់នេះគឺជាភស្តុតាងបង្ហាញថា ប្រទេសខ្មែរយើងបច្ចុប្បន្នកំពុងស្គាល់ការរីកលូតលាស់ផ្នែកសេដ្ឋកិច្ចគួរឲ្យកត់សម្គាល់។ ការលូតលាស់ផ្នែកសេដ្ឋកិច្ចនេះបាននិងកំពុងធ្វើឲ្យប្រជាពលរដ្ឋខ្មែរទទួលបានផលប្រយោជន៍ និងធ្វើឲ្យពួកគេរស់នៅក្នុងជីវភាពកាន់តែល្អប្រសើរ ព្រមទាំងស្គាល់ការសប្បាយ រីករាយនិងសុភមង្គលកាន់តែខ្លាំងឡើងជាលំដាប់។ ឆ្លងកាត់សម័យសង្គ្រាមហែកហួរ កាប់សម្លាប់គ្នាជាច្រើនទសវត្សរ៍ ជាពិសេសឆ្លងកាត់សម័យ ប៉ុល ពត តើអ្នកណាខ្លះរួមទាំងរូបខ្ញុំផ្ទាល់អាចធ្លាប់ស្រមៃថា ប្រទេសខ្មែរយើងអាចដើរមកដល់ចំណុចនេះ? ឥឡូវពេលដើរមកដល់ចំណុចនេះហើយ តើអ្នកណាខ្លះស្រមៃចង់វិលទៅរកសង្គ្រាម និងការអត់ឃ្លានដូចពីមុនវិញ? ប្រាកដណាស់ថា គ្មានខ្មែរណាម្នាក់ចង់វិលថយក្រោយវិញនោះឡើយ។ ប៉ុន្តែក៍នៅមានអ្នកនយោបាយខ្មែរមួយក្តាប់តូច បាននិងកំពុងព្យាយាមទាញ សភាពការណ៍ដ៍ល្អរបស់ទេសជាតិឲ្យវិលថយក្រោយទៅរក សភាពកាលពីជាង៤០ឆ្នាំមុនវិញ។
មូលហេតុដែលងាយយល់និងឡូហ្ស៊ីកបំផុតនោះគឺ ប្រសិនបើទុកឲ្យប្រទេសនេះបន្តរីកលូតលាស់ទៅមុខឥតឈប់ឈរ បែបនេះ ពួកគេគ្មានថ្ងៃ គ្មានវាសនានឹងបានអំណាចក្នុងដៃឡើយ។ ដោយសារតែពួកគេគ្មានចំណែកសូម្បីតែបន្តិចក្នុងការកសាងប្រទេសក្រៅតែពីបំផ្លាញ និងក៏ព្រោះតែមហិច្ឆតាអំណាច ពួកគេមានតែវិធីម្យ៉ាងគត់គឺបំផ្លាញចោលអ្វីៗដែលមាន សព្វថ្ងៃ រួចហើយព្យាយាមអូសទាញប្រទេសជាតិឲ្យធ្លាក់ក្នុងសភាពវឹកវរ បង្ហូរឈាមជាថ្មី ក្រែងអាចឆ្លៀតឱកាសចាប់អំណាចបាន។ ប៉ុន្តែទាំងអស់នេះ គឺជាការយល់ សុបិនទាំងថ្ងៃរបស់ក្រុមអ្នកនយោបាយមហាចង្រៃទាំងនោះតែប៉ុណ្ណោះ។ ខ្ញុំយល់ច្បាស់ណាស់ថាពួកគេ នឹងមិនអាចសម្រេចបំណងប្រាថ្នាដ៏អកុសលនេះបានឡើយពីព្រោះម្យ៉ាង ស្រុកខ្មែរមានគណបក្សប្រជាជនកម្ពុជាដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងឈរយ៉ាងរឹងមាំចាំការពារប្រទេស និងប្រជាជន ប្រឆាំងរាល់ការប៉ុនប៉ងបំផ្លិចបំផ្លាញពីអ្នកនយោបាយលក់ក្បាលឲ្យបរទេស។ រីឯម្យ៉ាងទៀត គ្មានប្រជាពលរដ្ឋខ្មែរណាម្នាក់ចង់បាត់បង់អ្វីដែពួកគេកំពុងមានសព្វថ្ងៃ ហើយសុខចិត្តវិលទៅហូបបបររាវ លាយពោត លាយក្តួច ម្តងទៀតនោះឡើយ។ ដូច្នេះប្រាកដណាស់ថា ពួកគេ នឹងឈរនៅជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីការពារសន្តិភាព ស្ថិរភាព សង្គម និងសមិទ្ធផលដែលប្រជាជនកម្ពុជាកំពុងមានសព្វថ្ងៃជាក់ជាមិនខាន។
ក្នុងន័យនេះ កម្ពុជាត្រូវការកសាងបន្ថែមនូវទីកន្លែងកម្សាន្តសប្បាយ ហាងទំនិញ ផ្សារទំនើប និងនាំចូល ឬផលិតសម្ភារៈបរិក្ខា គ្រប់ប្រភេទបន្ថែមទៀតដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ពលរដ្ឋ។ ស្នាមញញឹម ការជួបជុំគ្រួសារ ភាពសម្បូរបែបនៃជីវភាពរស់នៅ ដែលជាផ្លែផ្កានៃសន្តិភាព និងការអភិវឌ្ឍន៍ គឺជាសមិទ្ធផល ដែលត្រូវរក្សាឲ្យបាន និងបង្កើនបន្ថែម។ សកម្មភាពណាដែលនាំ ឲ្យប្រទេសជាតិច្របូកច្របល់ នាំឲ្យពលរដ្ឋរងទុក្ខ និងខាតប្រយោជន៍មិនអាចកើតមានជាថ្មីនៅលើទឹកដីកម្ពុជាបានឡើយ។ ពោលគឺសុភមង្គលរបស់ពលរដ្ឋខ្មែរដែលកើតមានពេលនេះមិនអាចបាត់បង់ទៅវិញបានឡើយ។ នេះគឺជាសារយ៉ាងច្បាស់លាស់ដែលខ្ញុំចង់ផ្ញើទៅអ្នកនយោបាយ មាន់សម្លមួយក្រុមដែលកំពុងដើរបញ្ច្រាសនិន្នាការរីកចម្រើន របស់ប្រទេសនិងបញ្ច្រាសពីបំណងប្រាថ្នាពិតៗរបស់ប្រជាពលរដ្ឋខ្មែរបច្ចុប្បន្ន៕
ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ