(ភ្នំពេញ)៖ «ទីណាមានទុក្ខ ទីនោះមានមុខសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន» ! នេះគឺជាពាក្យដែលគេតែងឮពលរដ្ឋខ្មែរ និយាយ និងជាពាក្យដែលខ្ញុំយល់ថាពិតជាស័ក្តិសម បំផុតសម្រាប់ពិពណ៌នា អំពីសម្តេច «ហ៊ុន សែន» ។
សកម្មភាពមួយចុងក្រោយនេះដែលសម្តេច ហ៊ុន សែន បានធ្វើពាក់ព័ន្ធនឹងករណីបាក់រលំអាគារ ៧ ជាន់ក្នុងក្រុងព្រះសីហនុ ពិតជាបានចាក់ចំបេះដូងខ្ញុំក៏ដូចជាបេះដូងពលរដ្ឋខ្មែរ ទូទាំងប្រទេសឲ្យនឹក ឃើញឡើងវិញ នូវសកម្មភាពគ្រប់បែបយ៉ាងដែល មេដឹកនាំខ្មែររូបនេះ បានធ្វើស្ទើរពេញមួយជីវិត របស់ខ្លួន ដើម្បីបុព្វហេតុជាតិនិងជនរួមជាតិជាទី ស្រឡាញ់របស់គាត់។
គ្រាន់តែចុះពីលើ យន្តហោះមកពីកិច្ចប្រជុំក្រៅប្រទេសភ្លាមសម្តេច ហ៊ុន សែន ក្នុងភាពជាអ្នកដឹកនាំប្រទេសដ៏ពិតប្រាកដមួយបានឡើងរថយន្តភ្លាមឆ្ពោះទៅកាន់ខេត្តព្រះសីហនុភ្លាម ដោយមិនបានគិតពីការនឿយហត់ឡើយ ហើយគាត់បានធ្វើដំណើរតាមផ្លូវដ៏វែងឆ្ងាយរហូត ដល់ម៉ោងរំលងអធ្រាត្រទើប ទៅដល់គោលដៅ។
មិនបង្អង់យូរ ខ្ញុំឃើញ សម្តេចនាយករដ្ឋមន្ត្រី ក្នុងសម្លៀកបំពាក់យោធារូបនេះ បានចុះទៅពិនិត្យ មើលដោយផ្ទាល់ដល់ កន្លែងកើតហេតុនិងបន្តស្ថិតនៅជាមួយ ក្រុមសង្គ្រោះរហូតដល់ម៉ោង ៣ និង ៣០ នាទីទៀបភ្លឺ ទើបគាត់វិលទៅកន្លែងសម្រាក។ ប៉ុន្តែ ទោះជាវិលទៅកន្លែងសម្រាកក៏ពិតមែន ក៏យើងបានដឹងថា សម្តេច ហ៊ុន សែន មិនអាចសម្រាកលង់លក់បានឡើយ នៅក្នុងខណៈដែលប្រជាពលរដ្ឋរបស់គាត់កំពុងមានទុក្ខលំបាក ដោយក្តីសោកសង្រេងបែបនេះ។ កិច្ចការជាច្រើនត្រូវបានគាត់ចាប់យកមក ពិនិត្យនិងសម្រេចជាបន្ទាន់ប្រកបដោយការ ទទួលខុសត្រូវ។ ដៃម្ខាងបញ្ជាក្រុមការងារ ដើម្បីរុករកជនរងគ្រោះដែលកប់ក្នុងគំនរបាក់បែកនៃអាគារ ហើយដៃម្ខាងទៀតកាន់ប៊ិច ដើម្បីចារលើឯកសារនិងធ្វើសេចក្តី សម្រេចជាបន្ទាន់ៗ មួយចំនួន។
ក្នុងទឹកមុខដ៏ក្រៀមក្រំ ក្នុងស្ថានភាពនឿយហត់ អត់ងងុយយ៉ាងណា ក៏សម្តេចនាយករដ្ឋមន្ត្រីរូបនេះ មិនដែលត្អូញត្អែរសូម្បីតែមួយម៉ាត់ឡើយ។ អារម្មណ៍របស់គាត់គឺពិតជាបានដិតជាប់ ជាមួយក្រុមគ្រួសារ ជនរងគ្រោះដែលជាជនរួមឈាមរបស់គាត់ ហើយដែលគាត់តែងតែចាត់ទុកដូចជា សាច់ញាតិរបស់ខ្លួនយ៉ាង ដូច្នោះដែរ។
ដោយសារគាត់មានសញ្ជាតិជាខ្មែរ និងមានញាណពិសេសជាប់ខ្លួនតាំងពីកំណើតសម្តេច ហ៊ុន សែន មានអារម្មណ៍រសាប់រសល់ក្នុងក្តីរំពឹងថា អាចមានមនុស្សដែលនៅរស់រានមានជីវិតនៅឡើយ ដែលកំពុងកប់ក្នុងគំនរឥដ្ឋ និងដែកដែលជាបំណែក នៃការបែកបាក់របស់ អាគារ។ ញាណពិសេសរបស់គាត់ នេះហើយដែលបានជំរុញចិត្តគាត់ឲ្យបញ្ជាទៅក្រុម រុករកឲ្យបង្កើនសកម្មភាពដើម្បីជួយសង្គ្រោះ។
ទីបំផុត នៅពេលដែល សម្តេច ហ៊ុន សែន ធ្វើដំណើរមកដល់កន្លែងកើតហេតុជាថ្មី កម្មករ២ នាក់ទៀតដែលនៅ រស់រានមានជីវិតក៏ត្រូវបានក្រុមសង្គ្រោះរកឃើញមែន។ ដោយក្តីរំភើបក្តុកក្តួល អួលដើមក និងហូរទឹកភ្នែកដោយមិនដឹងខ្លួន សម្តេចនាយករដ្ឋមន្ត្រីក៏បានឡើងលើរថយន្តសង្គ្រោះ ដើម្បីបានជួបជា មួយជនរងគ្រោះហើយជាពិសេស បានជូតមុខ មាត់ឱ្យអ្នកទាំង២នាក់នោះ ក៏បានជូនដំណើរពួកគេទៅកាន់មន្ទីរពេទ្យដោយផ្ទាល់។ នៅលើលោកនេះ តើមានមេដឹកនាំរូបណាដែលអាចធ្វើបានដូច្នេះ?
បន្ទាប់ពីបានជួយសង្គ្រោះអ្នកទាំង នាក់២ចុងក្រោយនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសបញ្ចប់ យុទ្ធនាការរុករកតែត្រឹមនេះ ពីព្រោះអ្វីដែលគាត់ បានធ្វើគឺធ្វើអស់ពីចិត្តហើយ និងបានជួយ សង្គ្រោះជនរួមឈាមរបស់គាត់២នាក់ ចុងក្ រោយបានដូចបំណង។ នេះគ្រាន់តែជាសកម្មភាព មួយក្នុងចំណោម សកម្មភាព ជាច្រើនរាប់មិនអស់ដែល សម្តេចតេជោ ហ៊ុន សែន បានធ្វើជាមួយជនរួមជាតិរបស់គាត់។
ដោយគ្រាន់តែរម្លឹកឡើង វិញត្រួសៗ កាលពីជាង៤០ ឆ្នាំមុន គាត់ធ្លាប់បានយកជីវិតធ្វើដើមទុនដើម្បី សង្គ្រោះខ្មែរទូទាំងនគរឲ្យរួចផុតពីវាលពិឃាតនៃ របបប៉ុលពតអាវខ្មៅ ចន្លោះពីឆ្នាំ១៩៧៥ ដល់ ១៩៧៩។
កាលណោះនៅពេលដែលឃើញជនរួមជាតិ របស់ខ្លួនកំពុងធ្លាក់ក្នុងរណ្តៅមរណៈ ក្នុងបនប្រល័យពូជសាសន៍ សម្តេច ហ៊ុន សែន បានចាកចោលផ្ទះសម្បែង ចោលប្រពន្ធកូនជាទីស្រឡាញ់ ដើម្បីចេញទៅ រកវិធីជាក់ស្តែងជួយសង្គ្រោះពលរដ្ឋខ្មែរឲ្យបានទាន់ពេលវេលា ដើម្បីរួចផុតពីសេចក្តី ស្លាប់។
ខុសពីមនុស្សមួយចំនួន ដែលចាកចេញពីស្រុកដើម្បីគេចយករួចខ្លួន ពីសេចក្តីស្លាប់តែម្នាក់ឯង សម្តេចតេជោ ហ៊ុន សែន បានចាកចេញពីស្រុកកំណើត បែកក្រុមគ្រួសារ ប្រពន្ធកូន និងប្រថុយជាមួយ សេចក្តីស្លាប់គ្រប់ប្រការគឺដើម្បីរំដោះខ្មែររាប់លាន នាក់ឲ្យរួចផុតពីសេចក្តី ស្លាប់។ នេះគឺជាបេសកកម្មធំដំបូងគេបង្អស់មួយរបស់លោក ហ៊ុន សែន។
បេសកកម្មនេះក៏បានសម្រេចដូចបំណងនៅថ្ងៃ៧ មករា ឆ្នាំ ១៩៧៩។ ទោះយ៉ាងណា បេសកកម្ម របស់គាត់នៅមិនទាន់ចប់ត្រឹមការរំដោះខ្មែរឱ្យរួចផុតពីការស្លាប់នោះទេ។ នៅមានកិច្ចការជាច្រើនទៀដែល សម្តេច ហ៊ុន សែន ត្រូវបន្តបំពេញ នោះគឺ ដៃម្ខាងការពារមិនឲ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ រីឯដៃម្ខាង ទៀតស្តារ ប្រទេសជាតិឡើងវិញពីគំនរផេះផង់ នៅក្រោមសម្ពាធហ៊ំព័ទ្ធនយោបាយ និងសេដ្ធកិច្ចពីអន្តរជាតិជុំទិស។
ទោះបីជារបបប៉ុល ពតបានដួល រលំក៏ពិតមែន ប៉ុន្តែកម្លាំងរបស់ពួកខ្មែរក្រហមនៅតែបន្តមាននៅឡើយ និងបន្តរំខានសេចក្តីសុខសាន្តរបស់ពលរដ្ឋខ្មែរគ្រប់ពេល ហើយសូម្បីតែមានអន្តរាគមន៍ពី អង្គការសហប្រជាជាតិពីចុងឆ្នាំ១៩៩១ ដល់១៩៩៣ ក៏នៅតែមិនអាចបញ្ចប់សង្គ្រាម នៅកម្ពុជានោះបានដែរ។
ក្នុងស្ថានភាពបែបនេះ សម្តេចតេជោ ហ៊ុន សែន ដែលបានចាប់ កំណើតលើផែនដីនេះ ក្នុងនាមជាអ្នកជួយសង្គ្រោះខ្មែរ ក៏បានរកឃើញនូវរូបមន្តដ៏មានប្រសិទ្ធិភាពបំផុតមួយដើម្បីបញ្ចប់សង្គ្រាម។ រូបមន្តនោះគឺ «នយោបាយឈ្នះឈ្នះ» មានន័យថា ការបញ្ចប់សង្គ្រាមដោយមិនចាំបាច់ធ្វើសង្គ្រាម។ តាមរយៈរូបមន្តដ៏កម្រនេះ កម្ពុជាក៏បានស្គាល់សន្តិភាពពេញ លេញចាប់ពីឆ្នាំ១៩៩៨ រហូតមក។
ប្រទេសជាតិមានសន្តិភាព គឺជាពេលវេលាដែលត្រូវអភិវឌ្ឍន៍។ កម្ពុជាដែលធ្លាប់តែស្ងាត់ជ្រងំហើយភ្នំពេញដែលធ្លាប់ជាទីក្រុងខ្មោចបានប្រែក្លាយជាប្រទេស ដែលមានចរាចរណ៍អ៊ូរអរ និងមាន សំណង់លូតលាស់គ្រប់ទិសទី។ ភ្នំពេញបានក្លាយជារាជធានី ដែលណែនណាន់ដោយមនុស្សម្នា យានយន្តនិងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចពាណិជ្ជកម្មដ៏រស់រវើក។ ភ្នំពេញដែលធ្លាប់តែនៅឆ្ងាយដាច់សង្វែងពីខេត្តនានាបានក្លាយជាជិតបង្កើយដោយសារតែមានផ្លូវថ្នល់ខ្វែងខ្វាត់រលោងស្រិល ស្ពានឆ្លងទន្លេព្រោងព្រាត រីឯ យានជំនិះក៏សម្បូរបែប។
ទោះជាយ៉ាងនេះក៏ដោយ ក៏សម្តេចតេជោ ហ៊ុន សែន មិនដែលបោះបង់ចោលពលរដ្ឋរបស់ខ្លួនម្តងណាឡើយ។ រាល់ពេលដែល ពលរដ្ឋជួបបញ្ហាដូចជា គ្រោះទឹកជំនន់ រាំងស្ងួត ឬមានបញ្ហាធំៗផ្សេងទៀត គេតែងឃើញមានវត្តមានរបស់គាត់ចុះដល់ទីនោះជាដរាបដើម្បីរួមសុខ រួមទុក្ខ ជាមួយជនរួមជាតិរបស់ខ្លួន។
ក្នុងនាមជាអ្នកដឹកនាំ ខ្ញុំហ៊ាននិយាយបានថា មេដឹកនាំម្នាក់នេះមិនដែលរត់ចោលប្រជាពលរដ្ឋ និងមិនដែលគេចវេសពីបញ្ហាឡើយ។ ផ្ទុយទៅវិញ ទីណាមានទុក្ខ ទីនោះពិតជាមានមុខ សម្តេចនាយករដ្ធមន្ត្រីហ៊ុន សែន។
ខ្ញុំនៅចាំបានថា គាត់ត្រូវបានជនបរទេសដាក់រហ័សនាមថា ជាបុរសខ្លាំងរបស់កម្ពុជា។ នេះពិតជាត្រឹមត្រូវព្រោះខ្ញុំឃើញចំណុចខ្លាំង របស់គាត់គឺស្ថិតនៅត្រង់ថា គាត់មិនត្រឹមតែជា ស្ថាបនិកសន្តិភាពនិងការអភិវឌ្ឈន៍ប៉ុណ្ណោះទេ ប៉ុន្តែគាត់អាចឈរយ៉ាងរឹងមាំដើម្បីការពារសន្តិភាព ការពារការអភិវឌ្ឍន៍ និងការពារសេចក្តីសុខសាន្តរបស់ពលរដ្ឋខ្មែរមិន ឲ្យមានអ្នកណាអាចមកបំផ្លាញបានឡើយ។ ពីព្រឹត្តិការណ៍មួយទៅព្រឹត្តិការណ៍មួយ វត្តមានរបស់ សម្តចតេជោ ហ៊ុន សែន ដែលប្រកាន់ខ្ជាប់ឥតប្រែប្រួលនូវគោលការណ៍ «រួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ» ពិតជាបានផ្តល់នូវភាពកក់ក្តៅយ៉ាងខ្លាំងដល់ពលរដ្ឋខ្មែរគ្រប់ទិសទី ហើយបើខ្ញុំមិនសរសើរគាត់ជាពិសេសបើខ្ញុំមិនទទួលស្គាល់ សម្តេច
នាយករដ្ធមន្ត្រី ហ៊ុន សែនថា ពិតជាវីរៈបុរសរបស់ពលរដ្ឋខ្មែរទេ នោះ គឺស្មើនឹងខ្ញុំក្បត់មនសិការខ្លួនឯង៕
ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ