(ភ្នំពេញ)៖ នៅក្នុងសភាជាន់ទាប និងព្រឹទ្ធសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋនាបច្ចុប្បន្នកាល មានមនុស្សប៉ុន្មាននាក់ប៉ុណ្ណោះដែលនៅចិញ្ចឹមមហិច្ឆតា បំផ្លាញកម្ពុជា។ ពួកនេះហៅថាពួក «អភិរក្សនិយម» ដែលនៅសេសសល់ពីទសវត្ស៧០ ចាញ់សង្គ្រាមនៅវៀតណាម ហើយបំផ្លាញកម្ពុជា និងនៅពីក្រោយក្រុមលន់ ណុល ធ្វើរដ្ឋប្រហារសម្តេចព្រះនរោត្តមសីហនុ ១៨មីនា ឆ្នាំ១៩៧០។ ពួកនេះប្រៀបបានទៅនឹងបិសាចដ៏កាចសាហាវប៉ុនប៉ងយាយីកម្ពុជា គ្មានទីបញ្ចប់លុះត្រាជីវិតរបស់គេរលត់ពីផែនដីតែម្តង។
ពួកនេះគឺជាបិសាចពិភពលោកដ៏កាចសាហាវឃោរឃៅបំផុត ដើរបំផ្លាញប្រទេសទន់ខ្សោយក្រីក្រឲ្យខ្ទេចខ្ទីអស់មិនតិចទេ ដូចជានៅមជ្ឈឹមបូព៌ា និងនៅអឺរ៉ុបជាដើម តាមរូបភាព «បដិវត្តពណ៌» ក្រោមលេសនៃពាក្យពីរប្រយោគគឺ « ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស» នេះឯង។ បើគេចង់បំផ្លាញប្រទេសណាមួយ គេចោទប្រកាន់ ប្រទេសនោះថា គ្មានប្រជាធិបតេយ្យ ផ្តាច់ការ រំលោភសិទ្ធិមនុស្ស ហើយគេប្រើកូនអុករបស់គេឲ្យញុះញុងក្នុងប្រទេស បង្កើតព្រឹត្តិការណ៍ផ្សេងៗ ដើម្បីទម្លាក់កំហុស ដល់រដ្ឋាភិបាល និងមេដឹកនាំប្រទេសនោះ ដោយបំភ្លៃបំផ្លើស បំប៉ោងនិងសំអុយព័ត៌មានដើម្បីឆ្ពោះទៅសម្រេចផែនការរបស់គេគឺការ «ផ្លាស់ប្តូរ»។
នៅក្នុងឆ្នាំ១៩៧០ ពួកនេះបានទិញក្បាលក្រុម លន់ ណុល ឲ្យក្បត់សម្តេចព្រះនរោត្តមសីហនុ ធ្វើរដ្ឋប្រហាររំលាយរបបរាជានិយមព្រះអង្គបានជោគជ័យ ហើយលើក លន់ ណុល ឲ្យធ្វើប្រធានាធិបតីនៃរបបសាធារណរដ្ឋខ្មែរដែលជាអាយ៉ងរបស់គេ។ ប៉ុន្តែរបបនេះរស់បានតែ៥ឆ្នាំប៉ុណ្ណោះក៏ត្រូវរលាយអំណាចទៅវិញ។ ព្រោះតែហេតុនេះហើយ ទើបក្រុមនេះគេនៅតែចិញ្ជឹមចិត្តដើម្បីបំផ្លាញកម្ពុជាដដែល។ ស្ថិតក្នុងបរិបទដែលកម្ពុជា បានយករបបនយោបាយ «ប្រជាធិបតេយ្យ សេរីពហុបក្ស» ពួកអភិរក្សនិយមនេះគេបានជ្រើសយកលោក កឹម សុខា ជាកូនអុករបស់គេដោយរៀបចំឲ្យលោក កឹម សុខា ធ្វើជាប្រធានអង្គការសិទ្ធិមនុស្សកម្ពុជា ដោយគេផ្តល់ថវិកាក្នុង១ឆ្នាំ១លានដុល្លារ និងឲ្យលោក កឹម សុខា ក៏បង្កើតគណបក្សនយោបាយដើម្បីបោះជំហានទៅតាមសេនារយ៉ូរបស់គេ ដូចដែលលោក កឹម សុខា ធ្លាប់បាននិយាយកន្លងមក។ ក្រុមណឹងហើយ ដែលជាអ្នករៀបចំយុទ្ធសាស្ត្រឲ្យបក្សសង្គ្រោះជាតិ និង បង្រៀនលោក កឹម សុខា ឲ្យចេះអំពីរបៀបធ្វើបដិវត្តផ្តួលរំលំ។
ពួកនេះគេស្គាល់មេដឹកនាំកម្ពុជា និងប្រជាពលរដ្ឋកម្ពុជាបច្ចុប្បន្នមិនទាន់ច្បាស់នៅឡើយទេ បានជាគេនៅតែមានគំនិតអភិរក្សនិយមនាទសវត្ស៧០បែបនេះ ។ ជាមួយគ្នានេះ សម្លេងពួកនេះក៏មិនអាចគ្របដណ្តប់ ឬមានឥទ្ធិពលលើសភា និងព្រឹទ្ធសភាអាមេរិកទាំងមូលបានដែរ ពិព្រោះនៅក្នុងសភាជាន់ទាប និងព្រឹទ្ធសមាជិកមួយចំនួនក្នុងគណបក្សសាធារណរដ្ឋក៏មានក្រុម «សម័យនិយម» ដែលគេស្គាល់កម្ពុជាពិត ស្គាល់មេដឹកនាំកម្ពុជាច្បាស់ ហើយគេផ្តល់តម្លៃនៃ ការដឹកនាំចំពោះសម្តេចតេជោហ៊ុនសែននិងផ្តលយុត្តិធម៌ចំពោះកម្ពុជាដែរ ដោយសារពួកគេបានមកាន់កម្ពុជានិងសិក្សាពីកម្ពុជាបានច្បាស់៕
ដោយ៖ ជុំ កុសល ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន