(ព្រះសីហនុ)៖ ខុសពីប៉ុន្មានឆ្នាំមុន ក្រុងព្រះសីហនុនៅពេលនេះ ក្រោយពេលភ្លៀងធ្លាក់ខ្លាំងម្តងៗ យើងឃើញមានការជន់លិចទឹកខ្លាំងនៅតំបន់មួយចំនួន។ នៅចុងសប្តាហ៍កន្លងទៅនេះខ្ញុំបានឆ្លៀតពេលវេលារបស់ខ្ញុំពីការងារដើរស្វែងយល់ថា ហេតុអ្វីបានជាក្រុងព្រះសីហនុជាទីស្រឡាញ់របស់ខ្ញុំបែរជាលិចទឹកដូច្នេះទៅវិញ នៅពេលភ្លៀងធ្លាក់ម្តងៗទៅវិញ តើប្រឡាយ ឬអូរធម្មជាតិដែលជួយរំដោះទឹកពីមុនយ៉ាងម៉េចហើយ? ការកកស្ទះ សំរាមនៅមាត់លូ ឬប្រឡាយបង្ហូរទឹកគឺជាបញ្ហាមួយ ប៉ុន្តែអ្វីដែលខ្ញុំហួសចិត្តនោះ គឺប្រឡាយឬអូរធម្មជាតិដែលជាប្រព័ន្ធរំដោះទឹកត្រូវបានរួមតូច ធ្វើឱ្យលទ្ធភាពនៃការរំដោះទឹកបានតិច និងធ្វើឱ្យបរិមាណទឹកជំនន់កើនឡើង និងលិចលង់ផ្ទះប្រជាពលរដ្ឋ លិចផ្លូវថ្នល់ក្នុងក្រុង។
បងប្អូនប្រជាពលរដ្ឋមួយចំនួនធំបានស្តីបន្ទោសថា មកពីអាជ្ញាធរមិនមើល បានជានាំឱ្យមានទឹកជន់លិចដូច្នេះ។ ប៉ុន្តែតាមពិតបងប្អូនមិនបានក្រឡេកមើល មូលហេតុចម្បង ដែលនាំឱ្យទឹកលំបាកនឹងហូរចេញលឿន ពីក្នុងក្រុងព្រះសីហនុពេលភ្លៀងធ្លាក់ខ្លាំងម្តងៗ។
បញ្ហាគឺបងប្អូនប្រជាពលរដ្ឋមួយចំនួនបាន លួចសាងសង់ផ្ទះនៅលើប្រឡាយឬអូរធម្មជាតិទាំងនោះ ហើយពេលខ្លះរហូតដល់លួចចាក់ដីលុបប្រឡាយ និងអូរធម្មជាតិដាក់ជំនួសវិញ ដោយលូដើម្បីយកដីធ្វើផ្ទះថែមទៀតផង។ តើបញ្ហាមកពីណា? គឺមកពីយើងទាំងអស់គ្នានេះឯងជាពិសេសក្រុមជនមួយចំនួន ដែលបានបំពាន និងលួចសង់លំនៅដ្ឋានដោយខុសច្បាប់ ធ្វើឱ្យប្រឡាយ និងអូរធម្មជាតិត្រូវរួមតូចឬសង់ផ្ទះពីលើតែម្តង។ ក្នុងនាមប្រជាពលរដ្ឋម្នាក់ ខ្ញុំពិតជាមានការខ្មាសអៀនយ៉ាងខ្លាំងនៅពេលដែលឃើញសកម្មភាពរបៀបនេះ។ ផ្ទះជាច្រើនរយខ្នងផ្ទះត្រូវបានសាងសង់នៅលើប្រឡាយ និងអូរធម្មជាតិ។ ទាំងនេះហើយជាមូលហេតុពិតនៃការជន់លិច ហើយអ្នកដែលទទួលខុសត្រូវគឺអ្នកដែលបានសាងសង់សំណង់លើប្រឡាយ និងអូរនេះហើយ។
នៅក្នុងនាមខ្ញុំបាទជាប្រជាពលរដ្ឋមួយរូបរស់ នៅក្នុងក្រុងព្រះសីហនុ ខ្ញុំពិតជាមានសេចក្តីរីករាយដែលបានឃើញខេត្តព្រះសីហនុរបស់ខ្ញុំ មានការរីកចម្រើនខ្លាំង ដែលពោរពេញ ដោយអគារខ្ពស់ៗហើយគម្រោងសាងសង់ជាច្រើនទៀតបាននិងកំពុងដំណើរការដ្ឋាន។ ខ្ញុំជឿជាក់ថា ខេត្តព្រះសីហនុរបស់ខ្ញុំនឹង ប្រែមុខមាត់កាន់ តែខ្លាំងស្រស់ស្អាត និងគួរជាទីទាក់ទាញនៅពេលដែលគម្រោងសាងសង់អគារជាច្រើនត្រូវបានបញ្ចប់និង អគារសំណង់ទាំងនោះត្រូវបានតុបតែងលម្អដោយសួនច្បារ ផ្កាផ្ញីភ្លើងពណ៌ចម្រុះ និងបម្រើសេវាកម្មយ៉ាងសកម្ម។ ខេត្តព្រះសីហនុដែលជឿជាក់ថា នឹងក្លាយជាប៉ូលសេដ្ឋកិច្ចគំរូពហុបំណងដូច ដែលរាជរដ្ឋាភិបាលកម្ពុជាបានកំណត់យក។
ក្នុងនាមប្រជាពលរដ្ឋម្នាក់ ខ្ញុំគាំទ្រចំពោះអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការផ្លូវច្បាប់ចំពោះអ្នករំលោភដី ចំណីផ្លូវ ប្រឡាយ និងអូរធម្មជាតិដើម្បីកុំឱ្យក្រុងព្រះសីហនុលិចលង់ ពេលមានភ្លៀងធ្លាក់ខ្លាំងទៀត។ ប្រសិនបើអាជ្ញាធរបានរំដោះប្រឡាយ អូរធម្មជាតិទាំងនោះហើយ សូមមេត្តាជួយស្តារនិងការពារផង។
ពីខ្ញុំបាទប្រជាពលរដ្ឋម្នាក់នៅក្រុងព្រះសីហនុ