(ភ្នំពេញ)៖ តាមការបង្ហោះផ្សាយព័ត៌មាន នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ គឺ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានយល់ព្រមទទួលយកការភ្នាល់របស់ សម រង្ស៊ី ហើយពាក់ព័ន្ធនឹងការវិលចូលស្រុកវិញ របស់លោក សម រង្ស៊ី នៅថ្ងៃទី៩ វិច្ឆិកាខាងមុខនេះ។

ការភ្នាល់នេះក្នុងលក្ខខ័ណ្ឌថា «បើសម រង្ស៊ី ហ៊ានចូលស្រុកមែនហើយក្នុងកំឡុងពេល ២៤ម៉ោង បើសិនជាសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលមិនអាចចាប់សម រង្ស៊ី ដាក់ខ្នោះបញ្ជូនទៅពន្ធនាគារបានទេ ចាត់ទុកថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាញ់ការភ្នាល់ហើយសម្តេចសុខចិត្តចុះចេញពីតំណែង»

ប៉ុន្តែផ្ទុយទៅវិញ «ប្រសិនបើសម រង្ស៊ី មិនហ៊ានមកតាមការសន្យានោះទេ ឬមកហើយតែត្រូវបានសមត្ថកិច្ចចាប់ដាក់ខ្នោះបញ្ជូនទៅពន្ធនាគារមិនឲ្យលើស ពី ២៤ម៉ោង នោះនឹងចាត់ទុកថា លោក សម រង្ស៊ី ចាញ់ហើយពេលនោះ លោកសម រង្ស៊ី ត្រូវបញ្ចប់ជីវិតនយោបាយរបស់ខ្លួនត្រឹមនេះហើយរំលាយចោលទាំងអស់នូវអង្គការចាត់តាំងនយោបាយដែលខ្លួនបានបង្កើតឡើង»

មុននឹងខ្ញុំវិភាគអំពីការភ្នាល់នេះ ខ្ញុំយល់ថា លោក សម រង្ស៊ី គួរតែមានស្មារតីគោរពស្រឡាញ់ និងលើកតម្កើងការពារអធិបតេយ្យ និងឯករាជ្យជាតិ ដោយមិនត្រូវបបួល សម្តេចនាយករដ្ឋមន្ត្រីភ្នាល់ដោយយកបរទេសមកធ្វើជាសាក្សីនៃការភ្នាល់រវាងបុគ្គលខ្មែរ និងខ្មែរនោះទេ។ បើនិយាយ មួយបែបទៀត គឺលោកសម រង្ស៊ី មិនត្រូវយកទម្លាប់ និងផ្នត់គំនិត ពឹងនិងរណបបរទេសរបស់ខ្លួន ដោយទាមទារយកប្រទេសផ្សេងមកធ្វើជាសាក្សី ឬមកពាក់ព័ន្ធនោះឡើយពីព្រោះនេះជា បញ្ហាផ្ទៃក្នុងរបស់ខ្មែរផង ហើយម៉្យាងវិញទៀត នេះក៏ពិតជាមិនមែនជាទម្លាប់ ផ្នត់គំនិត និងគោលជំហររបស់សម្តេច ហ៊ុន សែន ដែលគាត់បាន និងកំពុងដឹកនាំប្រទេសជាង ៤០ឆ្នាំកន្លងមកនេះដែរ ព្រោះអ្វីដែល សម្តេច ហ៊ុន សែន មានការពឹងពាក់ និងកិច្ចសហប្រតិបត្តិការជាមួយបរទេស គឺធ្វើដោយឈរលើគោលការណ៍ ស្មើភាព ស្មើសិទ្ធ ដោយគោរពអធិប្បតេយ្យ និងឯករាជ្យភាពគ្នាទៅវិញទៅមក។

ម៉្យាងទៀត អ្វីដែលលោក សម រង្ស៊ី ត្រូវស្គាល់ខ្លួនឯងឱ្យច្បាស់នៅពេលបបួល សម្តេច ហ៊ុន សែន ភ្នាល់ គឺជាការភ្នាល់រវាងនាយករដ្ឋមន្ត្រីក្នុងដំណែងដឹកនាំរដ្ឋនៃប្រទេសមួយ ជាមួយទណ្ឌិតដែលរត់គេចចេញពីសំណាញ់ ច្បាប់ ពោលគឺជាការភ្នាល់រវាងនគរបាលយុត្តិធម៌ និងចោររត់គេចគុក។ តើ សម្តេច ហ៊ុន សែន ហ៊ានចាប់ រឺអត់ ហើយចាប់ទណ្ឌិតបាន រឺអត់!

ម៉្យាងវិញទៀត មិនថាខ្ញុំ ឬប្រជាពលរដ្ឋទូទៅនោះទេ គឺពិតជាគាំទ្រនូវលក្ខខណ្ឌដែល សម្តេច ហ៊ុនសែនបានកំណត់សម្រាប់ការភ្នាល់ គឺការអនុវត្តច្បាប់ចាប់ទណ្ឌិត សម រង្ស៊ី ព្រោះ លោក សម រង្ស៊ី បានប្រកាសជាសាធារណៈ ច្រើនលើកច្រើនសាររួចមក ហើយថា គាត់ចូលមកនេះគឺ ដើម្បីកៀរគរកម្លាំងបង្កចលាចលភាពវឹកវរក្នុងសង្គម ដើម្បីផ្តួលរំលំរដ្ធាភិបាលផង និងជាពិសេសចាប់ នាយករដ្ធមន្ត្រីក្នុងដំណែងផង។ ដូច្នេះ យើងខ្ញុំយល់ថា គឺជាការចាំបាច់បំផុតដែលរដ្ធាភិបាលត្រូវតែចាប់ទណ្ឌិតសម រង្ស៊ី និងបក្សពួកដើម្បីរក្សាស្ថិរភាព និងសេចក្តីសុខក្នុងសង្គម។

ឥឡូវខ្ញុំងាកមកវិភាគការភ្នាល់នេះវិញម្តង ! ខ្ញុំយល់ឃើញថា ការដែល សម្តេច ហ៊ុន សែន សុខចិត្តយកតំណែងនាយករដ្ឋមន្ត្រីទៅប្តូរជាមួយតំណែង នយោបាយកំប៉ុកកំប៉ុករបស់លោក សម រង្ស៊ី ក្នុងរឿងភ្នាល់នេះគឺប្រៀបដូចជាយកដុំពេជ្រទៅដូរយកដុំសំណរដូច្នោះដែរ។ ប៉ុន្តែ អ្វីដែល សម្តេចនាយករដ្ឋមន្ត្រី សុខចិត្តភ្នាល់ក៏ព្រោះតែ លោកយល់ច្បាស់ណាស់ពីចរិតដ៏មហាកំសាករបស់ សម រង្ស៊ី ដែលបានតែមាត់តែមិនដែលហ៊ានធ្វើ។ ដូច្នេះ ការភ្នាល់នេះគឺអាចជាយុទ្ធសាស្ត្ររុញទូក បណ្តោយទឹកដើម្បីបំបាក់អំនួតរបស់សម រង្ស៊ីតែប៉ុណ្ណោះ។

ទន្ទឹមនឹងនោះ ការប្តឹងសម រង្ស៊ី ទៅតុលាការក្រុងប៉ារីសប្រទេសបារាំង កាលពីថ្ងៃទី២០ សីហា ពីបទបរិហាកេរ្តិ៍គឺក៏ជាការបំបាក់អំនួតរបស់ សម រង្ស៊ី ក្នុងទឹកទី១។ ចំណែកការទទួលយកការភ្នាល់លើកនេះគឺជាការបំបាក់អំនួតរបស់សម រង្ស៊ី ក្នុងទឹកទី២ ហើយនរណាក៏អាចមើលឃើញដែរថា សម្តេច ហ៊ុន សែន នឹងឈ្នះលោក សម រង្ស៊ី ទាំងពីរករណីនេះដោយងាយបំផុត។

លោក សម រង្ស៊ី ពេលនេះពិតជាកំពុងតែស្ថិតក្នុងស្ថានភាព «យីអ៊ុនដាក់ អារក្សធ្វើ» ពីព្រោះការគាំទ្រទាំងក្នុងនិងក្រៅ ប្រទេសបានបាត់បង់ស្ទើរតែទាំងស្រុង។ លុយក៏ប្រមូលលែងសូវបាន, កម្លាំងមកហែរហមក៏បាត់ សឹងតែអស់រលីង។ ក្នុងស្ថានភាពដ៏ដុនដាបបែបនេះ ខ្ញុំអាចវាយ តំលៃទុកជាមុនបានថា សម រង្ស៊ី ឯណាទៅនឹងហ៊ានវិលចូលស្រុកវិញនៅថ្ងៃទី៩ វិច្ឆិកា ដើម្បីឲ្យ
អាជ្ញាធរចាប់ដាក់ខ្នោះបញ្ជូនទៅពន្ធនាគារនោះ? គឺពិតជាមិនអាចទៅរួចឡើយ។ ដូច្នេះ ប្រឈមមុខនឹងស្ថានភាពទ័លច្រកបែបនេះ សម រង្ស៊ី មានជម្រើសតែមួយគត់នោះមានតែពឹងលើល្បែងឆ្ពិនភ្នែកទុច្ចរិតប៉ុណ្ណោះដូចដែលគាត់ធ្លាប់បានធ្វើកន្លងមកជាហូរហែររួចហើយ។

សេណារីយោឆ្ពិនភ្នែកក្នុងល្បែង បៀរ៤ សន្លឹក តាមរបៀបទុច្ចរិតដែលលោក សម រង្ស៊ី អាចនឹងត្រូវប្រើប្រាស់ក្នុងពេលខាងមុខគឺ៖

ទី១៖ ប្រើបច្ចេកវិទ្យាដោយយករូបភាព រឺ វីដេអូចាស់ៗមក បង្កើតជាព័ត៌មានក្លែងក្លាយ Fake News បង្ហោះដើម្បីភូតកុហកថាខ្លួនបាន ចូលស្រុកមែន ហើយប្រកាសថា ខ្លួនឈ្នះការភ្នាល់ដោយទាមទារឱ្យ សម្តេច ហ៊ុន សែន ចុះចេញពីតំណែង។

ទី២៖ ប្រើប្រាស់កម្មវិធី Al Deep Fake ដែលជាកម្មវិធីថ្មីអាចដូរ សំលេង ដូររូបភាព រឺ វីដេអូរបស់អ្នកផ្សេងនៅក្នុងស្រុកខ្មែរ ដោយកែមកដាក់ជារូប សម រង្ស៊ី ខ្លួនឯងវិញ រួចហើយបង្ហោះអួតថា ខ្លួនពិតជាបានចូលស្រុកមែន រួចហើយប្រកាសថា ខ្លួនឈ្នះការភ្នាល់ហើយទាមទារឱ្យ សម្តេចនាយករដ្ឋមន្ត្រីចុះចេញពីតំណែង។

ទី៣៖ អាចបន្លំខ្លួនលួចចូលតាម ច្រករបៀងណាមួយជាន់ទឹកដី ខ្មែរមួយភ្លែតរួចត្រឡប់ទៅវិញ ហើយថតរូបភាព និងវីដេអូបង្ហាញថា ខ្លួនបានចូលស្រុកមែន។ បន្ទាប់មកក៏ប្រកាសថា ខ្លួនឈ្នះការភ្នាល់ហើយទាមទារឱ្យ សម្តេច ហ៊ុន សែន ចុះចេញពីតំណែង។

ល្បិចទាំងអស់នេះ ខ្ញុំយល់ថាលោក សម រង្ស៊ីមិនចាំបាច់ប្រើនោះទេពីព្រោះ កុំថាឡើយរដ្ឋាភិបាលដែលគេមានធនធានមនុស្សដែលមានចំណេះដឹងខ្ពស់មានជំនាញច្បាស់លាស់ និងបទពិសោធន៍អំពីបច្ចេកវិទ្យាទំនើបនេះ សូម្បីតែប្រជាពលរដ្ឋសាមញ្ញជាទូទៅ ក៏គេមានចំណេះដឹងចេះបែងចែករវាងព័ត៌មានពិត និងព័ត៌មានក្លែងក្លាយដែរ។

ហេតុដូច្នេះ ខ្ញុំសង្ឃឹមថា បើហ៊ាន ភ្នាល់មែន «សូមលោកសម រង្ស៊ី ត្រូវតែមានភាពថ្លៃថ្នូរក្នុងនាមជាអ្នកហ៊ានស៊ី ហ៊ានសង ដោយសុច្ចរិត» ហើយបើលោក រង្ស៊ីក្លាហានហ៊ានភ្នាល់ ហើយបែរជា លបលួចលេងល្បែង ៤ សន្លឹកទេនោះ ខ្លួនខ្ញុំផ្ទាល់ក៌ដូចជាប្រជាពលរដ្ឋខ្មែរទូទៅដែលតាមដាន ការភ្នាល់នេះ នឹងចាត់ទុកថា លោក សម រង្ស៊ី ចាញ់ការភ្នាល់នេះហើយៗទោះបីលោកស្រែកជំទាលថាលោកឈ្នះ ក៏ដោយព្រោះការភ្នាល់ត្រូវតែភាគីទាំងសងខាង «លេងដោយសុច្ចរិត ស្មោះត្រង់ តម្លាភាពនិង យុត្តិធម៌» - «Play a correct transparent and fair game»

សំខាន់ជាងនេះទៅទៀតដែលខ្ញុំក៏ដូចជាប្រជាពលរដ្ឋទូទៅ សំណូមពរដោយទទូចផងដែរ នោះ គឺ «យកល្អកុំឆ្លៀតបន្លំស្ងាត់ៗចូលតាមច្រករបៀងអីណា វាពិតជាគ្រោះថ្នាក់ណាស់» ពីព្រោះគ្មានអ្នកណាដឹងថា នឹងមានអ្វីដែលអាចកើតឡើង ជាយថាហេតុឡើយ ហើយម៉្យាងទៀត វាក៏ជាច្រកខុសច្បាប់ទៀត។

ដូច្នេះ បើបំណាច់នឹងបាន ប្រកាសយ៉ាងហំហានសឿងបឿងយកថ្ងៃទី៩ វិច្ឆិកា ថាមក ទៅហើយនោះ សូមលោក សម រង្ស៊ី រៀបចំខ្លួនចូលមកដោយបើកចំហរទើបគេហៅថាជាមនុស្សថ្លៃថ្នូរ។

ប៉ុន្តែផ្ទុយទៅវីញ បើលោកភ្នាល់តែមិនហ៊ានលេងតាមក្រឹតក្រម ទេនោះ ប្រជាពលរដ្ឋខ្មែរទូទៅ ច្បាស់ជានាំគ្នាដៀលថា លោកជាកំពូលមនុស្សកំសាក មនុស្សពុតត្បុតទុច្ចរិត និងចោលម្សៀត។ ល។

ក្នុងនាមខ្ញុំជាអ្នកតាមដាននយោបាយ ខ្ញុំកត់សម្គាល់ថា សម្តីដែលចេញពីមាត់ រឺសំណេរចេញពីដៃរបស់លោក សម រង្ស៊ី គឺពិតជាគ្មានតំលៃសម្រាប់ការស្តាប់ រឺអាននោះទេ ។ ខ្ញុំហ៊ាននិយាយយ៉ាងដូច្នេះព្រោះប្រសិនបើគ្រាន់តែយើងពិនិត្យឡើងវីញនូវទង្វើរបស់ លោកសម រង្ស៊ី ក្នុងរយៈពេលចុងក្រោយនេះ គេក៏អាចស្គាល់ និងសន្និដ្ឋានបានរួចទៅ ហើយថា អ្នកនយោបាយរូបនេះ ពិតជាគ្មានសច្ចធម៌ គ្មានភាព ស្មោះត្រង់ហើយក្រឡិចក្រឡុចហួសពីការស្មាន។

ជាក់ស្តែង ម្តងថា មិនប្រកាសឲ្យដឹងពីកាលបរិច្ឆេទនៃការវិលត្រឡប់ទេពីព្រោះជាយុទ្ធសាស្ត្រធ្វើឲ្យអាជ្ញាធររដ្ឋាភិបាលវង្វេង ប៉ុន្តែមិនបានប៉ុន្មានថ្ងៃផងក៏ ស្រាប់តែប្រកាសយកថ្ងៃទី ៩ វិច្ឆិកា។ ម្តងថា ការភ្នាល់ជាល្បែងឥតប្រយោជន៍មិនបានការ ប៉ុន្តែមិនបានប៉ុន្មានថ្ងៃផងក៏ស្រាប់តែមកប្រកាសបបួល សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ភ្នាល់។ ម្តងប្រកាសថា មិនឆោតល្ងង់មកជាប់គុកឥតប្រយោជន៍ដូចលោក កឹម សុខាទេ ហើយក៏មិនស្លាប់ដោយឥតន័យដូចលោកកែម ឡី ដែរ។ ប៉ុន្តែ ឥឡូវមកធ្វើជាក្អេងក្អាងថា មិនខ្លាចស្លាប់ទេ ហើយក៏មិនខ្លាចការចាប់ខ្លួនដែរគឺត្រូវតែវិលចូលស្រុកវិញថ្ងៃទី ៩ វិច្ឆិកា។ គឺដោយសារតែការ និយាយក្រឡិចក្រឡុច បាតដៃ ខ្នងជើងនេះហើយទើបគេស្គាល់ក្រយៅ លោក សម រង្ស៊ី យ៉ាងច្បាស់ថា ជាមនុស្សមហាសែន កំសាក ឥតបានការ បានតែ វោហារឥតប្រយោជន៍។

ដូច្នេះហើយបានជា គ្រាន់តែលឺការប្រកាសចូលស្រុកវិញរបស់ សម រង្ស៊ី មានអ្នកខ្លះសើចចង់រយៈមាត់ និងអ្នកខ្លះទៀតប្រកាសភ្នាល់ដាក់លុយរាប់លានដុល្លារ ឲ្យទទេដោយគ្មានថ្នូរ ឲ្យតែសម រង្ស៊ី ហ៊ានភ្នាល់។ តែសម រង្ស៊ី មិនហ៊ានភ្នាល់ទេព្រោះគាត់ខ្លាចខ្មាសគេ។

ចុងក្រោយនេះ បើគាត់ពិតជាហ៊ានភ្នាល់ជាមួយ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មែន នោះគឺគ្មានអ្វីដែលត្រូវសង្ស័យនោះទេ គឺលោក រង្ស៊ីហ៊ានភ្នាល់ ព្រោះគាត់សំអាង និងមានជំនឿតែលើការត្រៀមលេងបៀរ៤ សន្លឹក រឺ ល្បែងថ្ពិនភ្នែកប៉ាហ៊ីតែប៉ុណ្ណោះ។ ប៉ុន្តែ ដើម្បីឱ្យមានភាពថ្លៃថ្នូរដូចពេលចូលស្រុកវីញនៅឆ្នាំ២០១៣ គួរ លោក សម រង្ស៊ី រៀបចំចាត់ចែងចូលមកតាម យន្តហោះ ពាក់អាវធំ ចងក្រវ៉ាត់ក ហើយយើងទាំងអស់គ្នានឹងចាំមើលថាតើពេលនោះនឹងមានការទទួលលោក ដោយកំរងផ្កាដូចឆ្នាំ២០១៣ រឺ ដោយខ្នោះ?ពេលនោះ យើងនឹងដឹងច្បាស់ទាំងអស់គ្នាថាតើអ្នកណាឈ្នះនិងចាញ់ការភ្នាល់គ្នានេះ៕

ដោយ: អ្នកតាមដាននយោបាយតុកាហ្វេ