(ភ្នំពេញ)៖ សម្រាប់ថ្ងៃទី០៩ វិច្ឆិកា ខាងមុខនេះ ផែនការលោក សម រង្ស៊ី ដែលចង់ប្រមូលផ្តុំកម្លាំងមហាជន និងកម្លាំងប្រដាប់អាវុធធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាល ស្របច្បាប់ដឹកនាំដោយនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្តូររបបរាជានិយមអាស្រ័យធម្មនុញ ច្បាស់ជាទទួលបរាជ័យទាំងស្រុងមិនអាចប្រកែកបានឡើយ។
ហេតុអ្វីបានជាខ្ញុំហ៊ានអះអាងថា ច្បាស់ជាបរាជ័យ? ពីព្រោះមានហេតុផលសត្យានុម័តជាច្រើនដែលអាចបញ្ជាក់បានក្នុងនោះអ្វីដែល យើងបានឃើញ នឹងភ្នែកស្រាប់និងលឺនឹងត្រចៀកគឺ រដ្ឋាភិបាល បានសំរេចចាត់វិធានការដ៏តឹងរ៉ឹងបំផុតដើម្បីបំបែក និងកាត់ស្មៅជើងក្រោម ព្រមទាំងបិទជិពចរដើម្បីបំផ្លាញផែនការរបស់លោក សម រង្ស៊ី ទាំងស្រុង។
មិនតែប៉ុណ្ណោះវិធានការរបស់រដ្ឋាភិបាលក៏បាន រុញច្រានឲ្យលោក សម រង្ស៊ី និងគូកនឲ្យស្ថិតក្នុងសភាពមួយទាល់ច្រក។ បើនិយាយតាមបែបផ្សេង អាជ្ញាធររដ្ឋាភិបាលពិតជាបានក្តាប់សភាពការណ៍ យ៉ាងណែនក្នុងដៃគឺ «ណែនដូចប៊ូល មូលដូច បាល់» បើទោះជាសម រង្ស៊ី មានស្លាបហោះក៏មិនអាចចូលស្រុកមកធ្វើអ្វីបានតាមគំនិតដែលខ្លួនចង់នោះឡើយ។ ហើយបើពិតជាហ៊ានប្រថុយចូល មែននោះ ប្រាកដជាត្រូវសមត្ថកិច្ចចាប់ក្របួចនិងបង្រ្កាបដោយប្រសិទ្ធភាពបំផុត។ នេះបានសរបញ្ជាក់ឲ្យឃើញពីប្រៀបខ្លាំងរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន និងក៏បានបង្ហាញឲ្យឃើញនូវកំហុសខាងយុទ្ធសាស្ត្រធំធេងរបស់លោក សម រង្ស៊ី ផងដែរ។
ខ្ញុំចង់លើកហេតុផលមួយចំនួនដែលអាចបញ្ជាក់ថា លោក សម រង្ស៊ី ពិតជាបានបង្កើតកំហុសធ្ងន់ធ្ងរ និងបានហុចដងកាំបិតឲ្យនាយករដ្ឋមន្រ្តី ហ៊ុន សែន ចាត់វិធានការ សរុបមធ្យោបាយសរុបដោយស្របច្បាប់បំផុត ដើម្បីការពាររដ្ឋធម្មនុញ្ញ និងការពារភាពសុខសាន្តរបស់ប្រជាពលរដ្ឋ៖
ហេតុផលទី១៖ ដោយសារតែវ័យកាន់តែចាស់ហើយចង់បានអំណាចពេកមុននឹងធ្វើនយោបាយលែងកើត លោក សម រង្ស៊ី ក៏សម្រេចចិត្តទាំងទទឹងទិស និងទាំងតក់ក្រហល់ដោយប្រើប្រាសមធ្យោបាយមិនប្រជាធិបតេយ្យ។ ការប្រកាសផ្តួលរំលំរដ្ឋាភិបាល និងរបបរាជានិយមដែលការពារយ៉ាងរឹងមាំដោយ
រដ្ឋធម្មនុញ្ញគឺជាអំពើខុសច្បាប់ទាំងស្រុង និងខុសពីរដ្ឋធម្មនុញ្ញដែលកំណត់ឲ្យមានការបោះឆ្នោតរៀងរាល់ ៥ឆ្នាំម្តង។ នេះជាកំហុសធំបំផុតទី១របស់ សម រង្ស៊ី ដែលធ្វើឲ្យបាត់បង់ការគាំទ្រទាំងផ្ទៃក្នុងខ្លួនឯងផងនិង ជាពិសេសទាំងសហគមន៍អន្តរជាតិផង។
ហេតុដូច្នេះហើយបានជាមកដល់ពេលនេះ ពុំមានរដ្ឋាភិបាលបរទេស ឬស្ថាប័នអន្តរជាតិណាមួយបានចេញមកប្រកាសជាផ្លូវការគាំទ្រការចូលស្រុករបស់លោកសម រង្ស៊ី ដើម្បីផ្តួលរំលំរដ្ឋាភិបាលដឹកនាំដោយនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះឡើយ។
ហេតុផលទី២៖ ដោយសារតែចង់ស្រាយគំនុំគ្រួសាខ្លាំងពេក លោក សម រង្ស៊ី ទប់អារម្មណ៍មិនបានហើយក្លាយជាមនុស្សថ្លើមពាសមេឃ ហ៊ានរហូតដល់ប្រមាថមាក់ងាយអង្គព្រះមហាក្សត្រជាសាធារណៈ។ ការប្រមាថព្រះមហាក្សត្រគឺជាកំហុសធ្ងន់ធ្ងរធំបំផុតទី២ ដែលធ្វើឲ្យលោក សម រង្ស៊ី បាត់បង់ការគាំទ្រកាន់តែខ្លាំងពីសំណាក់មហាជនខ្មែរទូទៅ ដែលគោរពស្រឡាញ់ព្រះមហាក្សត្រយ៉ាងខ្លាំងតាំងពីបូរាណកាលមក។ ប៉ុន្តែលើកនេះលោក សម រង្ស៊ី បានបំពានទឹកចិត្តពលរដ្ឋខ្មែរទូទាំងនគរដោយឥតញញើតកោតក្រែង។
ហេតុផលទី៣៖ កំហុសត្រួតលើកំហុស ! សុខៗស្រាប់តែលោក សម រង្ស៊ី និងគូកន បានប្រកាសចេញសេចក្តីសម្រេចប្រមូលថវិកា ដើម្បីឧត្ថម្ភកម្លាំងប្រដាប់អាវុធដែលហ៊ានផ្តាច់ខ្លួនហើយឲ្យបែរចុងកាណុងទៅរករដ្ឋាភិបាលវិញ។ សេចក្តីសម្រេចនេះគឺពិតជានយោបាយអត្តឃាតដ៏អាក្រក់បំផុតដែល បង្ហាញឲ្យឃើញកាន់តែច្បាស់ថា លោក សម រង្ស៊ី កំពុងរៀបចំផែនការធ្វើរដ្ឋប្រហារយ៉ាងពិតប្រាកដ។ នេះជាកំហុសធំបំផុតទី៣របស់លោក សម រង្ស៊ី ដែលមិនត្រឹមតែបំបែកកម្លាំងផ្ទៃក្នុងរបស់ខ្លួន ជាពិសេសគឺការចេញមុខប្រឆាំងជាចំហរពីក្រុម កឹម សុខា និយមប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានធ្វើឲ្យរដ្ឋាភិបាលនាយករដ្ឋមន្រ្តី ហ៊ុន សែន មានហេតុផលគ្រប់គ្រាន់ខាងផ្លូវច្បាប់ក្នុងការប្រកាសជាជំហរដាក់ចេញវិធានការសរុប មធ្យោបាយសរុបគ្រប់បែបយ៉ាងរាប់ទាំងមធ្យោបាយយោធា ដូចដែលបាន និងកំពុងធ្វើសព្វថ្ងៃនេះទន្ទឹមគ្នានឹងការប្រើប្រាស់កម្លាំងមហាជនដែលជាចលនាជាតិមួយតាមរយៈការរៀបចំទិវាហូបអំបុកថ្ងៃទី ៩ វិច្ឆិកានៅទូទាំងប្រទេស។
មូលហេតុទី៤៖ ការរៀបចំផែនការរដ្ឋប្រហារក្រោមរូបភាពនៃការវិលចូលស្រុកវិញ របស់លោក សម រង្ស៊ី បានធ្វើឡើងក្នុងកាលៈទេសៈមិនអំណោយផលទាល់តែសោះ ចំពោះលោក សម រង្ស៊ី ដោយសារម្យ៉ាងពេលនេះកម្លាំងផ្ទៃក្នុងរបស់លោក សម រង្ស៊ី កំពុងបែកបាក់ខ្ទេចខ្ទី និងម្យ៉ាងទៀត នាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុងកាន់ក្តាប់អំណាចយ៉ាងណែនក្នុងដៃលើគ្រប់វិស័យ រាប់ទាំងវិស័យយោធាផង។ ហើយបើងាកទៅមើលបរិបទអន្តរជាតិវិញ ផែនការរបស់លោក សម រង្ស៊ី បានធ្វើឡើងចំពេលដែល នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងបំពេញតួនាទីដ៏សំខាន់ក្នុងនាមជារដ្ឋសមាជិកអាស៊ានផង ក្នុងនាមសហគមន៍អាស៊ាន ជាមួយដៃគូផ្សេងៗផង។ ក្នុងពេលខាងមុខនេះរដ្ឋាភិបាលដឹកនាំដោយនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏នឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រជុំអាស៊ី-អឺរ៉ុប ASEM ទៀតផង។
ជាងនេះទៅទៀត សហរដ្ឋអាមេរិកក៏កំពុងប្រើនយោបាយការទូតស្រទន់ដើម្បីពង្រឹងឡើងវិញនូវទំនាក់ ទំនងល្អជាមួយកម្ពុជាដូចដែលយើងបានឃើញការ បង្ហោះសារជាបន្តបន្ទាប់របស់លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជា។
ដូច្នេះគេអាចនិយាយបានថា លោក សម រង្ស៊ី បាននិងកំពុងធ្វើនយោបាយលោតខុសទិសខ្យល់ទាំងស្រុង ឬថា សម រង្ស៊ី កំពុងរាំខុសសង្វាក់ភ្លេងហើយ។
ដោយសារតែកំហុសយុទ្ធសាស្ត្រធំៗទាំងអស់នេះហើយទើបបានជានាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកជាឱកាសមាសដែលផ្តល់អំណោយផលគ្រប់បែបយ៉ាង ក្នុងការចាត់វិធានការ ទៅលើលោក សម រង្ស៊ី និងគូកនដែលជាក្រុមដឹកនាំធ្វើរដ្ឋប្រហារ។ នេះគឺជាវិធានការក្នុងបុព្វហេតុការពាររដ្ឋធម្មនុញ្ញ ការពារជាតិ សាសនា ព្រះមហាក្សត្រនិងការពារភាពសុខសានរបស់ប្រជាពលរដ្ឋ។
លោក សម រង្ស៊ី និងក្រុមរបស់គាត់ក៏ដូចជាអ្នកវិភាគខ្លះកំពុងវិភាគដោយយល់ច្រឡំថា រដ្ឋាភិបាលភ្នំពេញខ្លាចស្រមោលលោក សម រង្ស៊ី ទើបបានជាប្រើវិធានការធំធេងយ៉ាងនេះ។ ប៉ុន្តែបើតាមខ្ញុំយល់នាយករដ្ឋមន្រ្តី ហ៊ុន សែន យល់ច្បាស់ណាស់ថា លោក សម រង្ស៊ី ពេលនេះកំពុងស្ថិតក្នុងសភាព «ចចកសំគម ហើយត្រូវរបួស» ទៀត ដែលសូម្បីតែសត្វរុយក៏មើលងាយដែរ។ ប៉ុន្តែចំណាត់ការដែលរដ្ឋាភិបាលធ្វើចំពោះលោក សម រង្ស៊ី និងគូកន ដែលមើលទៅមានសភាពសម្បើមខ្លាំងក៏ព្រោះតែនាយករដ្ឋមន្រ្តី ហ៊ុន សែន ចង់បង្ហាញថា៖
* លោកនៅតែអាចក្តាប់បានយ៉ាងណែនក្នុងដៃនូវកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គឺមិនដូចការឃោសនារបស់លោក សម រង្ស៊ី ដែលចង់បំបែកបំបាក់កម្លាំង
ប្រដាប់អាវុធចេញពីរដ្ឋាភិបាលនោះឡើយ។
* លើសពីនេះទៅទៀត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ចង់បង្ហាញថា លោកអាចប្រើប្រាស់យន្តការអាស៊ានផងដែរដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ពីព្រោះកំហុសយុទ្ធសាស្ត្ររបស់លោក សម រង្ស៊ី បានធ្វើឲ្យនាយករដ្ឋមន្រ្តី ហ៊ុន សែន មានហេតុផលគ្រប់គ្រាន់ក្នុងការដាក់ឈ្មោះ សម រង្ស៊ី និងគូកនក្នុងបញ្ជីខ្មៅផ្ញើទៅបណ្តាប្រទេសអាស៊ាន ដើម្បីសុំសហការក្នុងការចាត់វិធានការ តាមច្បាប់ក្នុងនាមជារដ្ឋសមាជិកអាស៊ាន។
បញ្ជីខ្មៅនេះហើយដែលធ្វើឲ្យអាស៊ាន ពិសេសប្រទេសជិតខាងកម្ពុជាបានបណ្តេញលោកស្រី មួរ សុខ ហួរឲ្យត្រឡប់ទៅវីញ ហើយលោករង្ស៊ីក៏ដូចជាគូកនគាត់ដែលមានឈ្មោះក្នុងបញ្ជីខ្មៅ នឹងពិតជាមានលទ្ធផលដូចលោកស្រី មួរ សុខហួរនេះដែរ។
ដូច្នេះខ្ញុំយល់ថាការលើកឡើងថា នាយករដ្ឋមន្រ្តី ហ៊ុន សែន ខ្លាចស្រមោល សម រង្ស៊ី នោះគឺមិនឡូហ្ស៊ីកឡើយ តែផ្ទុយទៅវីញ គឺនាយករដ្ឋមន្រ្តី ហ៊ុន សែន គ្រាន់តែប្រើប្រាស់ឱកាសមាសដែលលោក សម រង្ស៊ី ហុចឲ្យក្នុងយុទ្ធសាស្ត្រ «ឈ្នះសង្គ្រាមដោយមិនចាំបាច់ធ្វើសង្គ្រាម» តែប៉ុណ្ណោះ។
សរុបមកវិញ ខ្ញុំមើលឃើញថា ពេលនេះរដ្ឋាភិបាលភ្នំពេញដែលដឹកនាំដោយគណបក្សប្រជាជន ពិតជាមានមូលហេតុនិងបុព្វហេតុត្រឹមត្រូវ និងស្របច្បាប់ ក្នុងការប្រមូលនិងរួបរួមកំលាំងគ្នាទាំងកំលាំងច្បាប់ កំលាំងមហាជន និងកំលាំងប្រដាប់អាវុធ ដើម្បីប្រឆាំងជាចំហរ និងជាផ្លូវការទៅនឹងការប៉ុនប៉ងធ្វើ
រដ្ឋប្រហារ ថ្ងៃ៩ វិច្ឆិកា ក្នុងភាពម្ចាស់ការទាំងស្រុងលើសភាពការណ៍ទូទៅពោលគឺអ្វីៗទាំងអស់ត្រូវបានរដ្ឋាភិបាលរៀបចំទុកជាមុននិងក្តាប់ «ណែនដូចប៊ូល មូលដូចបាល់» ដើម្បីធានាការសប្បាយរីករាយរបស់ប្រជាពលរដ្ឋក្នុងឱកាសពីធីបុណ្យអុំទូក២០១៩នេះក៏ដូចជាស្ថេរភាព និងសេចក្តីសុខរបស់សង្គមជាតិខ្មែរយើងតទៅទៀត។
ដោយ៖ សាស្ត្រាចារ្យវិទ្យាសាស្ត្រសង្គមខេត្តកំពង់ចាម