(ភ្នំពេញ)៖ ខណៈពេលដែលប្រជាពលរដ្ឋកម្ពុជាគ្រប់រូបកំពុងតែរស់នៅយ៉ាងសប្បាយរីករាយក្នុងប្រទេស ដែលពោរពេញទៅដោយសេចក្តីសុខ សន្តិភាព ស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច យើងពុំដែលបានឮពាក្យសូម្បីតែម្តងពីថ្នាក់ដឹកនាំប្រទេស អំពើភាពនឿយហត់ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជនគ្រប់រូបនោះឡើយ។
ថ្មីៗប៉ុន្មានថ្ងៃនេះ គ្រាន់តែទទួលដំណឹងពីជនឆបោកនិងក្បត់ជាតិរៀបចូលស្រុកវិញ បានធ្វើឱ្យប្រជាពលរដ្ឋមួយចំនួននឹកគិតទៅដល់ស្រមោលអតីតកាល នៃអស្ថេរភាពរបស់កម្ពុជា ដែលធ្លាប់មានការពីសម័យអតីតកាល ពិសេសភ័យខ្លាចភាពចលាចល និងស្នូរសម្លេងអាវុធសារជាថ្មីម្តងទៀត តើនេះបង្ហាញពីអ្វី?
ម្តាយឪពុក ជីដូនជីតានៅឯស្រែឬជនបទខ្លះ បានហៅកូនចៅដែលមករស់នៅភ្នំពេញ ឱ្យប្រញាប់ត្រឡប់ទៅស្រុកស្រែចំការវិញដែលពួកគាត់សន្និដ្ឋានដោយខ្លួនឯងថា ខ្លាចប្រទេសមានសង្គ្រាម ពិសេសនៅពេលជនក្បត់ជាតិ សម រង្ស៉ី ចូលស្រុក។ បងប្អូនមួយចំនួនក៏មានការព្រួយបារម្ភប្រហាក់ប្រហែលគ្នានេះ ខ្លះដកប្រាក់ចេញពីបញ្ជើរនៅធនាគារ ខ្លះចេញក្រៅស្រុក ខ្លះមិនហ៊ានបើកហាងប្រកបមុខរបរដូចធម្មតា។ល។
ប្រការនេះបានធ្វើឱ្យយើងនឹកឃើញដល់ថ្ងៃ២០ ឧសភា ឆ្នាំ១៩៧៥ ដែលក្រុមក្បត់ជាតិអំពាវនាវឱ្យប្រជាជនចេញពីទីក្រុងភ្នំពេញ។
ជាក់ស្តែង គឺមិនដូចអ្វីដែលពុកម៉ែ ពូមីង តាយាយមួយចំនួនបានគិតនោះទេ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា «ប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ទើបយើងអាចប្រារព្ធពិធីបុណ្យជាតិធំៗ ប្រចាំឆ្នាំបែបនេះបាន។ បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកថ្ងៃនេះដែរ»។
«ដើម្បីអបអរសាទរនៅក្នុងខួប៦៦ឆ្នាំនៃ ទិវាបុណ្យឯករាជ្យជាតិលើកទី៦៦ និងខួបនៃការបង្កើតកងយោធពលខេមរភូមិន្ទ ខ្ញុំសូមអញ្ជើញបងប្អូនទាំងក្នុង និងក្រៅប្រទេសទទួលទានអំបុក ដែលជានំចំណីអត្តសញ្ញាណជាតិខ្មែរយើង នៅក្រោមពាក្យស្លោក អំបុកខ្មែរ ថែ ជាតិ សាសនា និងព្រះមហាក្សត្រ»។ នេះគឺជាការប្រកាសជាសាធារណៈ តាមរយៈ Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៃកម្ពុជា។ សម្តេចក៏បានបញ្ជាក់យ៉ាងច្បាស់ថា «គ្មាននរណាវ៉ៃគ្នានៅកណ្តាលរាជធានីភ្នំពេញទេ»។ ជារួមសម្តេចតេជោ សែន ស៊ូប្តូរជីវិតដើម្បីជាតិ សាសនា និងព្រះមហាក្សត្រយ៉ាងជាក់ច្បាស់!
ប្រទេសកម្ពុជាកំពុងប្រារព្ធខួបអនុស្សាវរីយ៍៦៦ឆ្នាំ នៃបុណ្យឯករាជ្យជាតិនៅថ្ងៃទី៩ ខែវិច្ឆិកា ខណៈមេដឹកនាំក្រុមឧទ្ធាមក្រៅច្បាប់អំពាវនាវឱ្យពលរដ្ឋខ្មែរទូទាំង ប្រទេស និងកងកម្លាំងប្រដាប់អាវុធក្រោកឈរឡើងតវ៉ាប្រឆាំងដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។ ត្រឹមចំនុចនេះ ជាបច្ច័យគំនិតយ៉ាងច្បាស់ក្រឡែត ដែលបង្ហាញអំពីការគិតគូរសេចក្តីសុខរបស់ប្រជាពលកម្ពុជា ខុសគ្នាដាច់ស្រលាស់រវាងសម្តេចតេជោ ហ៊ុន សែន និងជនក្បត់ជាតិ សម រង្ស៉ី!
សុខសន្តិភាព ដែលរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នខិតខំរក្សាទុកដើម្បីសេចក្តីសុខ សុភមង្គលរបស់ប្រជារាស្ត្រខ្មែរក្នុងសម័យនេះ មិនមែនជាងាយស្រួលនោះទេ។ បើទោះបីជាប្រជាពលរដ្ឋមួយចំនួនតូច មានការថ្នាំងថ្នាក់លើរដ្ឋាភិបាលក្តី ក៏សម្តេចតេជោ សែន លោកតែងតែផ្តល់ការសណ្តោសប្រណីជានិច្ច។
សរុបមក ខ្ញុំមានជំនឿថា ប្រជាពលរដ្ឋកម្ពុជាទាំងអស់នឹងបន្តរស់នៅក្រោមដំបូងសន្តិភាពដូចសព្វថ្ងៃ ហើយរួមដៃគ្នាថែរក្សាសន្តិភាពនេះ ដើម្បីការបន្តការអភិវឌ្ឍប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនជឿនលឿនថែមទៀត៕
ដោយ៖ ឯម ច័ន្ទមករា