(ភ្នំពេញ)៖ បើទោះបីជាមានការផ្សព្វផ្សាយព័ត៌មានបែបបំភិតបំភ័យពីក្រុមជនអគតិថា នឹងមានការកើតឡើងនូវរឿងរ៉ាវផ្សេងៗដើម្បីបំផ្លាញព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបនិងសំពះព្រះខែ អកអំបុកក៏ដោយ ក៏សាធារណជនសរុបចំនួនជាង ៤,៧លាននាក់ បានមកទស្សនាព្រះរាជពិធីបុណ្យនៅមុខព្រះមរមរាជវាំង ក្នុងរយៈពេល៣ថ្ងៃ។
នេះគឺជាបង្ហាញយ៉ាងច្បាស់ថា ប្រជាពលរដ្ឋមានជំនឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជឿជាក់ថា សន្តិភាពដែលកម្ពុជាមាននឹងមិនអាចនរណាមកបំផ្លាញដោយងាយឡើយ។ អ្នកដើរកម្សាន្តបានបង្ហាញពីទឹកចិត្តសប្បាយរីករាយ និងបងប្អូនខ្លះបានអរគុណកម្លាំងសមត្ថកិច្ច ដែលបានឈរជើងការពារព្រះរាជពិធីបុណ្យអុំទូក នៅតាមតំបន់នានា ដោយថែមទាំងថតរូបអនុស្សាវរីយ៍ថែមទៀតផង។ នេះគឺជាតឹកតាងមួយមិនអាចប្រកែកបានថា ពលរដ្ឋខ្មែររស់ក្នុងសុខសន្តិភាព ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរមានសមត្ថកិច្ច ដែលនេះផ្ទុយពីការផ្សព្វផ្សាយបែបញុះញង់ និងមួលបង្កាច់ថាពលរដ្ឋខ្មែររស់នៅក្រោមភាពភ័យខ្លាច។
មនុស្សដ៏ច្រើនដែលមកទស្សនាព្រះរាជពិធីបុណ្យអុំទូក ចំនួនទូកក៏ច្រើន កីឡាករក៏ច្រើន ការតុបតែងទីតាំងប្រារព្ធពិធីដោយភ្លើងភ្ញីមីរដេរដាស និងការប្រគំតន្ត្រីជាច្រើនកន្លែង សោភ័ណភាពរាជធានីដ៏ល្អ ស្អាត សំណើចក្អា្កកក្អាយរបស់ប្រជាពលរដ្ឋជាការបង្ហាញប្រាប់ដល់ក្រុមជនក្បត់ជាតិ ដែលដឹកនាំដោយ
ទណ្ឌិតសម រង្ស៊ី និងបក្ខពួក ដែលប៉ុនប៉ងធ្វើរដ្ឋប្រហារថ្ងៃទី៩ ខែវិច្ឆិកាថា ពលរដ្ឋខ្មែរលែងត្រូវការការផ្លាស់ប្តូរដោយឈាមនិងទឹកភ្នែកទៀតហើយ ហើយពលរដ្ឋខ្មែរ ក៏មិនជឿការងារញុះញង់របស់ទណ្ឌិតក្បត់ជាតិដែរ។ ពលរដ្ឋខ្មែរឈរប្រកៀកស្មារួមសាមគ្គីជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍ និងភាពសប្បាយរុងរឿងដែលខ្លួនមានសព្វថ្ងៃនេះ។ សន្តិភាពពេញលេញដែលបានចាក់ឫសក្នុងទឹកដីកម្ពុជារយៈពេល២០ឆ្នាំមកនេះ បានមកពីការអនុវត្តនយោបាយ ឈ្នះ-ឈ្នះ ដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន ពន្លត់ភ្លើងសង្គ្រាមស៊ីវិល បង្រួបបង្រួមជាតិ បង្រួបបង្រួមទឹកដីឱ្យមានឯកភាពជាតិ និងស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ។
សន្តិភាពនិងស្ថិរភាពនយោបាយពិតជាមានសារៈសំខាន់សម្រាប់កម្ពុជា ព្រោះគ្មានការអភិវឌ្ឍណា មួយកើតឡើងក្នុងប្រទេសដែលមានសង្គ្រាមឡើយ គ្មានការបណ្តាក់ទុនវិនិយោគណាមួយនៅក្នុងប្រទេសដែលមានអស្ថិរភាពនយោបាយឡើយ។ ប្រជាពលរដ្ឋខ្មែរក៏បានហែលឆ្លងកាត់រួចមកហើយនូវភ្នក់ភ្លើង
សង្គ្រាម ការបំផ្លិចបំផ្លាញ ការកាប់សម្លាប់ដ៏ព្រៃផ្សៃ ហើយកម្ពុជាក៏មានបទពិសោធពីអតីតកាលឆ្អែតឆ្អន់រួច ហើយជាពិសេសផលវិបាកនៃការលូកដៃ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់កម្ពុជាពីសំណាក់បរទេស។ ពេលនេះ ប្រជាពលរដ្ឋខ្មែរពិតជាបានដឹងច្បាស់ពីផលវិបាកដែលនឹងអាចកើតមានចេញពីការជ្រៀតជ្រែករបស់ បរទេស និងការបង្កបញ្ហាដោយក្រុមកញ្ឆះបរទេសមួយចំនួន។ ហេតុដូច្នេះបានជាពលរដ្ឋខ្មែរមិនចូលរួម ឬ ផ្តល់ការគាំទ្រណាមួយចំពោះក្រុមជនក្បត់ជាតិឡើយ។ ប៉ុន្តែបានអបអរសាទរចំពោះវិធានការច្បាប់ប្រឆាំងនឹងក្រុមក្បត់ជាតិ ប្រើប្រាស់បដិវត្តន៍ហិង្សាប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ឡើយ។
ទីបំផុតផែនការរដ្ឋប្រហារថ្ងៃទី៩ វិច្ឆិការបស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួករួមមាន អេង ឆៃអ៊ាង និង មូរ សុខហួរ ទទួលនូវបរាជ័យយ៉ាងអាម៉ាស់បំផុត ហើយក៏ជាការថ្ងៃជីកកប់ជីវិតនយោបាយរបស់ សម រង្ស៊ី និងគូកនផងដែរ។ ជនទាំងនេះនៅមានជីវិតរស់នៅមែន ប៉ុន្តែទីជីវិតនយោបាយ និងតម្លៃរបស់ពួកគេបាន ស្លាប់បាត់ទៅហើយ។ ការតាំងខ្លួនជាសត្រូវប្រជាជន ជាសត្រូវប្រជាធិបតេយ្យរបស់ពួកគេទទួលបានមកវិញនូវផលកម្ម ហើយពេលនេះពិភពលោកបានដឹងថា ពួកគេគឺជាមេរដ្ឋប្រហារ ជាអ្នកបំផ្លាញប្រជាធិបតេយ្យ និងជាអ្នកប្រជានិយមដែលចូលចិត្តញុះញង់ បង្កើតការស្អប់ខ្ពើម និងជាជនក្បត់ជាតិបំផ្លាញខ្មែរគ្រប់ ពេលវេលាក្នុងនោះរួមទាំងលត់ជង្គង់អង្វរបរទេសកុំឱ្យផ្តល់ជំនួយដល់កម្ពុជា កុំវិនិយោគនៅកម្ពុជា និងកុំ ទិញទំនិញពីកម្ពុជា ពួកគេនេះ ហើយជាអ្នកបានអំពាវនាវឱ្យសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះព័ន្ធលើទំនិញកម្ពុជា (EBA)។
ជារួមមកវិញ សូមក្រុមជនក្បត់ជាតិត្រូវយល់ដឹងថាអ្វីដែលជាក្តីប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋ ខ្មែរគឺរស់នៅក្នុងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ យុទ្ធនាការបំផ្លាញកម្ពុជាដែលក្រុមជនក្បត់ជាតិ បានធ្វើទាំងក្នុងនិងក្រៅប្រទេសមិនត្រូវបានស្វាគមន៍ពីសំណាក់ប្រជាពលរដ្ឋខ្មែរឡើយ ប៉ុន្តែជាល្បិចកល ទុច្ចរិតក្នុងការបំផ្លាញសេចក្តីសុខប្រជាពលរដ្ឋ ហើយកម្មផលដែលក្រុមអ្នកបានប្រព្រឹត្តគឺគុក រត់ចោលស្រុក និងទទួលភាពអាម៉ាស់នៅលើឆាកអន្តរជាតិ ដូចដែលក្រុមទណ្ឌិត សម រង្ស៊ី មូរ សុខហួរ អេង ឆៃអ៊ាងកំពុងតែទទួលនៅពេលនេះដូច្នេះដែរ៕
ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩