(ភ្នំពេញ)៖ ការបរាជ័យដ៍អាម៉ាស់បំផុត នៃផែនការរដ្ឋប្រហារថ្ងៃទី ៩ វិច្ឆិកា ពិតជាវិញ្ញាសាចុងក្រោយសម្រាប់កំណត់ជីវិតនយោបាយ លោក សម រង្ស៊ី ដូចដែលគេបានមើលឃើញតាំងពីដំបូងប្រាកដមែន។ ទាំងក្រុមអ្នកវិភាគ ទាំងសារព័ត៌មាន និងទាំងមហាជនទូទៅដែលតាមដានឪព្រឹត្តិការណ៍ ៩ វិច្ឆិកា សុទ្ធតែបានដាក់សំណួរ បែបព្រមាននិងចំអកទុកជាមុនទៅលោក សម រង្ស៊ី ថាប្រសិនបើផែនការនេះបរាជ័យ ជីវិតនយោបាយលោក សម រង្ស៊ី នឹងត្រូវបញ្ចប់ត្រឹមនេះហើយ។ ហេតុអ្វីបានជាគេហ៊ានសន្និដ្ឋានយ៉ាដូច្នេះ? ពីព្រោះគ្រប់គ្នាសុទ្ធតែបានស្គាល់ក្រយ៉ៅលោក សម រង្ស៊ី ច្បាស់ពេកណាស់ថា ជាមនុស្សកំសាកមិនហ៊ានប្រថុយជាប់គុក តែបែរជាមកប្រកាសផែនការធំប៉ុនមេឃ។
ឥឡូវនេះលទ្ធផលបានចេញជាផ្លូវការហើយ៖ ផែនការ ៩ វិច្ឆិកា បរាជ័យទាំងស្រុង និងយ៉ាងអាម៉ាស់បំផុត។ លោក សម រង្ស៊ី គ្មានស្រមោលនៅកម្ពុជាដូចការសន្យាអួតអាងនោះឡើយ ហើយកម្លាំងរបស់ សម រង្ស៊ី ក៏មិនអាចក្រឡុកសភាពការណ៍ ក្នុងប្រទេសកម្ពុជា នាថ្ងៃ ៩ វិច្ឆិកា សូម្បីតែបន្តិចណាឡើយ។ ផ្ទុយទៅវិញរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រប់គ្រងសភាពការណ៍ទាំងស្រុងនិងយ៉ាងរឹងមាំបំផុត ហើយខ្ញុំហ៊ាននិយាយថារឹងមាំជាងពេលណាៗ ទាំងអស់ព្រោះកំហុសខាងយុទ្ធសាស្ត្រ និងការបំពានរដ្ឋធម្មនុញ្ញរបស់ សម រង្ស៊ី បានអនុញ្ញាតឲ្យនាយករដ្ឋមន្រ្តី ហ៊ុន សែន រៀបចំផែនការនិងប្រមូលកំលាំងសារុបប្រឆាំងវិញ ដោយចំហរជាផ្លូវការនិងស្របច្បាប់ «ណែនដូចប៊ូលមូលដូចបាល់»។ ពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងពិធីបុណ្យអុំទូក សំពះព្រះខែ បណ្តែតប្រទីប និងអកអំបុករយៈពេល ៣ថ្ងៃបានប្រព្រឹត្តទៅយ៉ាងរលូនជាធម្មតា។
បរាជ័យនៃផែនការ ៩ វិច្ឆិកា កំពុងដាក់សម្ពាធទៅលើ លោក សម រង្ស៊ី យ៉ាងខ្លាំងដែលពុំធ្លាប់មានពីមុន។ សកម្មជនដែលធ្លាប់គាំទ្រ និងជួយជ្រោមជ្រែង លោក សម រង្ស៊ី យ៉ាងពេញទំហឹង រួមទាំងបណ្តាញផ្សាយព័ត៌មានមួយចំនួន ដែលតែងតែមានសន្តានចិត្តគាំទ្រ លោក សម រង្ស៊ី ស្រាប់តែបាននាំគ្នាបែរកាណុងរិះគន់តម្រង់ទៅ លោក សម រង្ស៊ី យ៉ាងខ្លាំងក្លាបំផុត។ នេះអាចចាត់ទុកថា ជាកម្មពៀរទាន់ហន់របស់លោក សម រង្ស៊ី ក៏ថាបានពីព្រោះលោក សម រង្ស៊ី បានអំពាវនាវឲ្យកងទ័ពបែរចុងកាណុងទៅរកសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ទីបំផុតគឺអ្នកគាំទ្រលោក សម រង្ស៊ី ទៅវិញទេដែលបែរចុងកាណុងទៅរក សម រង្ស៊ី វិញ យ៉ាងគគ្រឹកគគ្រេងមិនធ្លាប់មាន។
នៅលើនយោបាយការទូតវិញ លោក សម រង្ស៊ី ក៏បរាជ័យយ៉ាងខ្លាំងដែលស្ទើរតែរកកន្លែងជ្រកមិនបាន។ ទៅទីណាក៏ត្រូវគេបណ្តេញ គេរារាំង គេនាំខ្លួនទៅសួរនាំ ឬគេហាមមិនឲ្យចូលជាន់ដីប្រទេសគេតែម្តង។ បើបានចូលប្រទេសខ្លះដូចជាម៉ាឡេស៊ី ឬឥណ្ឌូនេស៊ី ជាដើមក៏ចូលបានទាំងត្រដាបត្រដួសហើយត្រូវបានគេវាស់ដីឲ្យដើរនិងកម្រិតសេរីភាព មិនឲ្យធ្វើសកម្មភាពនយោបាយឡើយពោលគឺចូលក្នងនាមជា «ឧទ្ទាមទេសចរណ៍» តែប៉ុណ្ណោះ។ ទាំងនេះគឺជាស្ថានភាពចុងក្រោយរបស់លោក សម រង្ស៊ី ដែលមិនខុសពីចង្កៀងអស់ប្រេងហៀបនឹងរលត់នោះឡើយ ឬអាចនិយាយថា សម រង្ស៊ី ស៊ីលែងសមហើយ។
តើហេតុអ្វីបានជាលោក សម រង្ស៊ី ស្គាល់បរាជ័យធ្ងន់ធ្ងរ និងយ៉ាងអាម៉ាស់បែបនេះ?
មូលហេតុសំខាន់ៗ ត្រូវបានគេដឹងលឺស្ទើរគ្រប់គ្នាអស់ទៅហើយ រាប់ទាំងផ្ទៃក្នុងរបស់ សម រង្ស៊ី ផងដែរ នោះគឺមកពីកំហុសយុទ្ធសាស្ត្ររបស់លោក សម រង្ស៊ី ក្នុងនយោបាយគ្មានគោលដៅរបស់ខ្លួន ដូចទម្លាប់ដែលគាត់បានធ្វើជាហូរហែកន្លងមកហើយ។ កំហុសយុទ្ធសាស្ត្រធំៗរបស់លោក សម រង្ស៊ី មានជាអាទិ៍ដូចតទៅ៖
ទី១៖ លោក សម រង្ស៊ី បានប្រើសារនយោបាយហិង្សា ដែលគេហៅថាជានយោបាយអត្តឃាត តាមរយៈការបំផុសឲ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធក្រោកឈរ និងបែរចុងកាណុងទៅរករដ្ឋាភិបាល ដើម្បីផ្តួលរំលំតាមបែបរដ្ឋប្រហារ។ សារនយោបាយបែបនេះគឺជាអំពើហិង្សាខុសច្បាប់ និងចាកចេញពីគន្លងប្រជាធិបតេយ្យទាំងស្រុង។ សារនយោបាយហិង្សានេះបានធ្វើឲ្យលោក សម រង្ស៊ី បាត់បង់ការគាំទ្រពីផ្ទៃក្នុងផង និងពីសហគមន៍អន្តរជាតិផង។
ទី២៖ គឺលោក សម រង្ស៊ី បានជេរប្រមាថអង្គព្រះមហាក្សត្រ ដែលជាអំពើប្រឆាំងនឹងច្បាប់កំពូលផង និងផ្ទុយពីសីលធម៌របស់ប្រជាពលរដ្ឋខ្មែរទូទាំងនគរផងដែរ។ លោក សម រង្ស៊ី ដេកយល់សប្តិដោយការវង្វេងស្មារតីថា ការជេរប្រមាថព្រះមហាក្សត្រ អាចជួយឲ្យគាត់កាន់តែមានប្រជាប្រិយភាព ប៉ុន្តែ សម រង្ស៊ី ភ្លេចគិតថា ពលរដ្ឋខ្មែរទូទាំងនគរស្រឡាញ់ និងគោរពព្រះមហាក្សត្រយ៉ាងខ្លាំងបំផុត។ ដូច្នេះ លោក សម រង្ស៊ី បានដើរបញ្ច្រាសទាំងស្រុងទៅនឹងចរន្តប្រជាពលរដ្ឋខ្មែរ។
ទី៣៖ លោក សម រង្ស៊ី វាយចំលើចំណុចខ្លាំងរបស់គូបដិបក្ខ។ នរណាក៏ដឹងដែរថា សម្តេចតេជោ ហ៊ុន សែន ក្តាប់ទ័ពយ៉ាងណែនក្នុងដៃ និងជាមនុស្សតែម្នាក់គត់ ដែលមានឥទ្ធិពលលើកងកំលាំងប្រដាប់អាវុធបំផុត និងអាចបញ្ជាយ៉ាងមានប្រសិទ្ធភាពបំផុត។ ប៉ុន្តែលោក សម រង្ស៊ី ដែលជាមនុស្សខ្សោយខាងយុទ្ធសាស្ត្រ បែរជាទៅយកកងទ័ពមកធ្វើជាល្បែងនយោបាយរបស់ខ្លួន។ ការប្រើសារនយោបាយទិញទឹកចិត្ត កងទ័ពឲ្យបែរចុងកាណុង មកដាក់រដ្ឋាភិបាលបានធ្វើឲ្យលោក សម រង្ស៊ី បិទផ្លូវខ្លួនឯងពីការគាំទ្ររបស់សហគមន៍អន្តរជាតិផង និងបានបើកផ្លូវឲ្យនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់យកឱកាសប្រើវិធានការក្តៅដោយ
ស្របច្បាប់ទៅលើលោក សម រង្ស៊ី និងគូកនផង ក្រោមរូបភាពទប់ស្កាត់អំពើរដ្ឋប្រហារ។ នេះហើយជាលទ្ធផលនៃការវាយទៅលើចំណុចខ្លាំង របស់គូបដិបក្ខដែលអ្នកយុទ្ធសាស្ត្រចៀសវាងបំផុត។
ទី៤៖ ការបដិសេធមិនចូលរួមពីសំណាក់ក្រុមអ្នកគាំទ្រលោក កឹម សុខា ក៏ជាចំណែកដ៏សំខាន់មួយដែរ ក្នុងការធ្វើឲ្យផែនការរដ្ឋប្រហាររបស់លោក សម រង្ស៊ី បរាជ័យ។ ដោយមើលឃើញថា សារនយោបាយរបស់លោក សម រង្ស៊ី បង្កើតឲ្យមានអំពើហិង្សាដែលផ្ទូយពីច្បាប់ផង និងពីបំណងប្រាថ្នារបស់ពលរដ្ឋផង ក្រុមអ្នកគាំទ្រលោក កឹម សុខា ក៏ដូចជាអ្នកគាំទ្រលោក សម រង្ស៊ី ខ្លួនឯងមួយចំនួនផងក៍បាន បដិសេធមិនចូលរួមក្នុងផែនការ ៩ វិច្ឆិកាឡើយដោយទុកឲ្យ លោក សម រង្ស៊ី ដែលជាមេទ័ពដ៏កំសាកស្រាប់ផងនោះ ទៅតែម្នាក់ឯងជាមួយគូកនមួយដំបរស្វា ដោយគ្មានកងទ័ពទៅជាមួយ។ ទីបំផុតស្ងាត់ឈឹងដូចចោរលួចសេះ។
ទី៥៖ លោក សម រង្ស៊ី យល់ច្រឡំដោយវាយតំលៃខុសថា ផ្ទៃក្នុងគណបក្សប្រជាជនអាច បំបែកបានហើយក៏រំពឹងទុកក្នុងចិត្តថា មន្ត្រីគណបក្សប្រជាជនរួមទាំងកងទ័ពមួយចំនួនផង អាចទៅចូលរួមជាមួយខ្លួន។ ប៉ុន្តែ នេះគឺជាការយល់ច្រឡំដ៏ធំបំផុតរបស់ លោក សម រង្ស៊ី ដែលភ្លេចគិតថា គណបក្សកាន់អំណាចមួយនេះ មានសាមគ្គីផ្ទៃក្នុងយ៉ាងរឹងមាំបំផុត ដែលគ្មានបក្សនយោបាយណាប្រៀបបានឡើយ។ អាច និយាយបានថា លោក សម រង្ស៊ី វាយចំលើចំណុចខ្លាំងរបស់គូបដិបក្ខម្តងទៀតបន្ទាប់ពីព្យាយាមទិញទឹកចិត្តកងទ័ព។
ទី៦៖ លោក សម រង្ស៊ី ដើរ មិនទាន់សភាពការណ៍វិវឌ្ឍ នៃផ្នត់គំនិតរបស់ប្រជាពលរដ្ឋខ្មែរឡើយ ដោយសារតែគាត់ងប់ងល់នឹងពាក្យបញ្ចើចបញ្ចើ របស់ក្រុមអ្នកគាំទ្រផ្កាប់មុខ មួយក្តាប់តូចដែលតែងតែចូល Comments ក្នុងហ្វេសប៊ុករបស់គាត់ដើម្បីគាំទ្រផែនការរបស់គាត់។ ប៉ុន្តែតាមការពិតពលរដ្ឋខ្មែរភាគច្រើនលើសលប់ស្រឡាញ់សន្តិភាព និងសប្បាយចិត្តចំពោះសមិទ្ធផលដែលពួកគេទទួលបានពីការអភិវឌ្ឍប្រទេស។ គ្មានអ្នកណាទៅគាំទ្រសកម្មភាព បង្កចលាចលសង្គមដូចដែលលោក សម រង្ស៊ី បង្កើតឡើងនោះឡើយ។ កំហុសខាងយុទ្ធសាស្ត្រ ដែលកើតឡើងពីការយល់ច្រឡំទាំងអស់នេះ ហើយដែលជំរុញឲ្យលោក សម រង្ស៊ី ធ្លាក់ទឹកក្រោមសម្រែកហៃអើៗ របស់អ្នកគាំទ្រមួយក្តាប់តូច។
ឥឡូវនេះ តើជោគវាសនារបស់ លោក សម រង្ស៊ី ទៅជាយ៉ាងណា? លោក សម រង្ស៊ី ពេលនេះកំពុងវិលវុល ដូចចកកណ្តាលជលសារគ្មានកោះត្រើយ។ បើបន្តស្នាក់នៅប្រទេសឥណ្ឌូនេស៊ីមួយរយៈ ក៏ពិបាកពីព្រោះតែអាជ្ញាធរគេវាស់ដីឲ្យដើរ។ តែបើវិលត្រឡប់ទៅអឺរ៉ុបវិញ មិនដឹងយកមុខទៅទុកឯណា ពីព្រោះមានពលរដ្ឋខ្មែរឯនាយសមុទ្រច្រើនណាស់ ចាំសួរលោក សម រង្ស៊ី ថា «យ៉ាងម៉េចហើយ បេសកកម្មទៅចាប់សម្តេច ហ៊ុន សែន?»។
ម្យ៉ាងទៀត សកម្មជនអ្នកគាំទ្រជាច្រើននៅគ្រប់ទិសទីទាំងនៅអឺរ៉ុបអាមេរិក និងអូស្ត្រាលី បានចេញមុខវាយប្រហារលោក សម រង្ស៊ី គ្មានត្រាប្រណីឡើយចំពោះបរាជ័យដ៏អាម៉ាស់មួយនេះ។ ស្របពេលជាមួយគ្នានេះលោក កឹម សុខា ក៏ត្រូវបានតុលាការបន្ធូរបន្ថយលក្ខខណ្ឌ ដែលដាក់ក្រោមការត្រួតពិនិត្យរបស់តុលាការដោយ អនុញ្ញាតឲ្យមានសេរីភាពអាចដើរបាន ពេញផ្ទៃប្រទេសនិងជាពិសេស ជួបជនបរទេសក្នុងនាមជាប្រធានបក្សខ្មោច។ ដូច្នេះតំណែងប្រធានស្តីទីរបស់ លោក សម រង្ស៊ី ក៏អស់មានសុពលភាព និងអស់មានន័យអ្វីទៀតដែរ នៅពេលដែលអ្នកគាំទ្រភាគីទាំងពីរក៏មិនត្រូវគ្នាផងដែរនោះ។
ពេលលោក សម រង្ស៊ី កំពុងអស់ហាងឆេង អស់ន័យ គ្មានតម្លៃ និងទទួលការរិះគន់ចំអកពីសកម្មជន និងអ្នកគាំទ្រពីគ្រប់ច្រកល្ហកនោះ បែរជាលោក កឹម សុខា បានលេចមុខជាថ្មីឡើងវិញ នៅលើឆាកនយោបាយ។ នេះជាសញ្ញាច្បាស់ណាស់ថា លោក សម រង្ស៊ី ពិតជាអស់ក្រឡាដើររលីងហើយ។ អ្វីដែលនៅសេសសល់សម្រាប់លោក សម រង្ស៊ី គឺការប្រឹងត្រដរខ្យល់នៅទឹកផ្តាច់ព្រ័ត្រដើម្បីស្តារឡើងវិញនូវស្ថានភាពបាក់មុខមាត់យ៉ាងខ្លាំង និងការបាត់បង់ប្រជាប្រិយភាព អស់រលីងដោយសារបរាជ័យ ៩ វិច្ឆិកា។ អ្វីដែល លោក សម រង្ស៊ី បារម្ភបំផុតពេលនេះ គឺធ្វើយ៉ាងណាដើម្បីទប់ការបាត់ជំនឿទុកចិត្ត ពីអ្នកគាំទ្រឲ្យបានខ្លះដើម្បី «កុំអោយចាញ់ចិត្ត កឹម សុខា» ពីព្រោះខ្លូនខំបោះទុន យ៉ាងច្រើនរកស៊ីចូលហ៊ុនជាមួយលោក កឹម សុខា ដែលមានភាគហ៊ុនតិចបំផុត ហើយបែរជាចំណេញ១០០% រីឯខ្លួនវិញត្រូវខាតបង់ទាំងស្រុង ហើយទីបំផុតធ្លាក់ខ្លួនក្លាយជាចង្កៀងអស់ប្រេងហៀបនឹងរលត់ ដ៏គួរឲ្យអាម៉ាស់បំផុត៕
ដោយ៖ សាស្ត្រាចារ្យវិទ្យាសាស្ត្រសង្គម ខេត្តកំពង់ចាម