(ភ្នំពេញ)៖ មនុស្សក្នុងពិភពលោកយើងនេះប្រាថ្នានូវសន្តិភាពគ្រប់ៗគ្នា ព្រោះម្នាក់ៗដឹងថា សន្តិភាពប្រៀបបាននឹងឱសថ ហើយជារឿងដែលពិបាកទទួលបំផុតបើប្រហែស។ ដូច្នេះមុននឹងបានសន្តិភាព ដាច់ខាតត្រូវតែគ្មានសង្រ្គាម។
*តើសន្តិភាពមានប្រភពមកពីណា?
*ហេតុអ្វីក៏មានឥទ្ធិពលម្ល៉េះ?
*តើសន្តិភាព ពិតជាមានសារប្រយោជន៍ណាស់មែនទេ?
*ហើយតើត្រូវធ្វើដូចម្តេច ទើបបានសន្តិភាព?
យោងតាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត សន្តិភាព គឺជាដំណើរស្ងប់, សាន្តត្រាណ, ដំណើរសះជានឹងគ្នា។ ដូច្នេះតើមនុស្សម្នាក់ៗត្រូវចូលរួមអ្វីខ្លះ ដើម្បីទទួលបានដំណើរស្ងប់ សាន្តត្រាណ និងដំណើរសះជានឹងគ្នានេះ?
ពិតជាត្រឹមត្រូវ ដើមដំបូងនៃកំណើតសន្តិភាពក្នុងពិភពលោក គឺកើតចេញពីកត្តាសន្តិភាពតូចៗចំនួន០៣គឺ គ្រួសារ សហគមន៍ និងប្រទេសជាតិ ដែលរួមមាន៖
*ទី១ ៖ សន្តិភាពគ្រួសារ៖ គឺជាគ្រួសារមួយដែលពោរពេញដោយសុភមង្គល រស់នៅជួបជុំប្តីប្រពន្ធកូន មិនផិតក្បត់ ឈ្លោះទាស់ទែង ផ្តល់តំលៃតួនាទី ចេះគោរព និងថែរក្សាគ្នាទៅវិញទៅមក។
*ទី២ ៖ សន្តិភាពសហគមន៍៖ គ្រួសារច្រើនរួមគ្នា បង្កើតបានជាសហគមន៍។ ដូច្នេះកាលណាគ្រួសារមានសន្តិភាព ពិតណាស់សហគមន៍នោះ ក៏មានសន្តិភាពដែរ ដោយគ្រួសារក្នុងសហគមន៍ចេះធ្វើល្អដាក់គ្នា ការពារគ្នា ជួយយកអាសារគ្នា និងចូលរួមអភិវឌ្ឍន៍សហគមន៍ ដោយស្ម័គ្រចិត្តទាំងអស់គ្នា។
*ទី៣ ៖ សន្តិភាពប្រទេសជាតិ៖ សហគមន៍ច្រើនរួមគ្នាបង្កើតបានជាប្រទេស។ ដូច្នេះកាលណាសហគមន៍ច្រើនមិនបែកបាក់គ្នា ខ្វែងគំនិតគ្នា ចេះគោរពច្បាប់ជាតិនោះប្រទេសជាតិច្បាស់ជាមានសន្តិភាព។
សរុបមក សន្តិភាព នៃកត្តាទាំងបីខាងលើ គឺជាដើមចមទៅកាន់សន្តិភាពពិភពលោក ដើម្បីពោរពេញដោយភាពរឹងមាំ និងយូរអង្វែង ហើយពិតជាតក្កវិជ្ជាស៉ីជម្រៅបំផុត ដែលស្របទៅនឹងប្រសាសន៍សម្តេចតេជោដ៏មុតមាំថា «ត្រូវរក្សាសន្តិភាពឱ្យបាន ទោះក្នុងតម្លៃណាក៏ដោយ»៕
ដោយ៖ ជា ច័ន្ទបរិបូណ៌