(ភ្នំពេញ)៖ ខណៈដែលក្រុមមេធាវី កឹម សុខា កំពុងតែរកភស្តុតាងដោះបន្ទុកកូនក្តីខ្លួន ចំពោះមុខនៃការចោទប្រកាន់ពីបទសន្ទិដ្ឋភាពជាមួយបរទេស ដែលនឹងត្រូវលើកមកជំនុំជម្រះនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ បែរជាទណ្ឌិត សម រង្ស៉ី ខិតខំជួយបង្ហាញសក្ខីកម្មដាក់បន្ទុកបន្ថែមថា អតីតខ្មោចគណបក្សសង្គ្រោះជាតិស៊ុំគ្រលំ ឃុបឃិតគ្នាជាមួយបរទេសមែនទៅវិញ។
សម រង្ស៉ី ពិតជាមានបំណងល្អជាមួយ កឹម សុខា ដែលតែងតែនិយាយថា កឹម សុខា និងសម រង្ស៊ី គឺជាមនុស្សតែមួយមែន! នៅក្នុងកិច្ចសម្ភាសជាមួយអ្នកាសែតវិទ្យុអាស៊ីសេរីឈ្មោះ មួង ណារ៉េត កូនប្រសារលោក ប៉ុល ហំម កាលពីយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០១៩ ទណ្ឌិត សម រង្ស៊ី បានបង្ហាញភស្តុតាងថ្មីបន្ថែមទៀត លើបទចោទប្រកាន់ប្រឆាំងនឹងជនជាប់ចោទ កឹម សុខា ថា «លោក ហ៊ុន សែន ឯងត្រូវតែដឹងថា អ្នកណាអ្នកសរសេរកម្មវិធីនយោបាយ ឱ្យគណបក្សសង្គ្រោះជាតិ យើងមានអ្នកជំនាញបរទេស ហើយអ្នកជំនាញបរទេសនោះមិនមែនមនុស្សធម្មតាទេ គឺជាអង្គការអាឡឺម៉ង់ ធំណាស់ពីរ ១៖ ឈ្មោះ ខុនរ៉ាត់ អាដាណូវើល ហ្វោនដេសិន ហើយមួយទៀតឈ្មោះ ហ្វេដឺរិកណោម៉ាន ហ្វោនដេសិន។ អង្គការពីរហ្នឹងសរសេរកម្មវិធីនយោបាយ ឱ្យគណបក្សសង្គ្រោះជាតិ យើងគ្រាន់តែឱ្យគំនិតគេខ្លះទៅ គេផ្តល់គំនិតបន្ថែម គេរៀបចំឱ្យចេញជាកម្មវិធីនយោបាយ។ អីចឹងមានន័យថា គណសង្គ្រោះជាតិបានសមគំនិតជាមួយអាល្លឺម៉ង់ ជាមួយអង្គការអាឡឺម៉ង់ធំៗទាំងពីរហ្នឹង»។
សម្តីរបស់ទណ្ឌិត សម រង្ស៉ី គឺជាសក្ខីកម្មនយោបាយបន្ថែមពីលើអ្វីដែលជនជាប់ចោទ កឹម សុខា បានថ្លែងកាលពីឆ្នាំ ២០១៣ ទាក់ទងនឹងការឃុបឃិតជាមួយបរទេស ដោយលើកឡើងថា «អ្វីៗមិនមែនចេះតែនឹកឃើញធ្វើឡើយ ប៉ុន្តែមានសហរដ្ឋអាមេរិក រដ្ឋាភិបាលអាមេរិកជួយខ្លួនរៀបចំផែនការទាំងនេះ ដោយយកតាមបទពិសោធនៃបដិវត្តន៍ពណ៌ នៅប្រទេសយូហ្គោស្លាវី និងស៊ែបប៊ី»។
សម្តីទណ្ឌិត សម រង្ស៊ី នៅពេលនេះបានបង្ហាញយ៉ាងច្បាស់ថា អតីតគណបក្សសង្រ្គោះជាតិ ជាគណបក្សលក់ព្រលឹងឱ្យបរទេស សូម្បីតែកម្មវិធីនយោបាយ ដែលជាឯកសារដ៏សំខាន់របស់គណបក្សមួយ សម្រាប់ដឹកនាំប្រទេស នៅពេលជាប់ឆ្នោតដឹកនាំប្រទេស ក៏បរទេសអ្នកសរសេរឱ្យ និងជាអ្នកគូសវាឱ្យដើម្បីយកទៅឃោសនាដែរ។ អ៊ីចឹងប្រសិនបើអតីតគណបក្សសង្រ្គោះជាតិជាប់ឆ្នោតវិញ តើអ្នកណាជាអ្នកដឹកនាំប្រទេសពិតប្រាកដ? តើអ៊ីចឹង ទណ្ឌិត សម រង្ស៉ី ជនជាប់ចោទ កឹម សុខា និងអតីតគណបក្សសង្រ្គោះជាតិ មិនខ្មាសព្រលឹងដូនតា និងប្រជាពលរដ្ឋខ្មែរ ខណៈពួកគេបានលក់ក្បាល លក់ព្រលឹងឱ្យបរទេសក្បត់ជាតិសាសន៍ខ្មែរឯង ហើយហ៊ានតាំងខ្លួន ជាអ្នកស្នេហាជាតិខ្មែរ ឬអ្នកជាតិនិយមខ្មែរទៀត។
ប៉ុន្តែវាពិតជាមហាសំណាងរបស់ខ្មែរអ្នកស្នេហាជាតិ និងប្រជាជនកម្ពុជាទាំងមូល ដែលតុលាការកំពូលបានរកឃើញអំពើក្បត់ជាតិ នៃគណបក្សសង្រ្គោះជាតិ និងបានសម្រេចរំលាយគណបក្សនេះ បានទាន់ពេលវេលា ទប់ស្កាត់មិនឱ្យគណបក្សនេះ ត្រូវបានប្រើប្រាស់ជាឧបករណ៍បរទេស បំផ្លាញខ្មែរ តាមពាក្យប្រៀនប្រដៅរបស់បុព្វបុរសដូនតាខ្មែរថា «ខ្មោចស្រុកឱ្យដៃ ទើបខ្មោចព្រៃចូលបាន»។
សម្តីសក្ខីកម្មនយោបាយរបស់ទណ្ឌិត សម រង្ស៊ី បានបង្ហាញកាន់តែច្បាស់ពីពុតត្បុតដ៏ថោកទាប ក្នុងការលក់ក្បាល់ឱ្យបរទេស ហើយក៏រួមចំណែកបំភ្លឺឱ្យកាន់តែច្បាស់ថា ការរំលាយអតីតគណបក្សសង្រ្គោះជាតិ មិនមែនគ្រាន់តែត្រឹមត្រូវតាមផ្លូវច្បាប់ប៉ុណ្ណោះនោះទេ ប៉ុន្តែក៏កាន់តែត្រឹមត្រូវផងដែរលើផ្លូវនយោបាយ ដើម្បីរក្សាឯករាជ្យ និងអធិបតេយ្យជាតិខ្មែរ។
អធិបតេយ្យជាតិខ្មែរដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រួមនឹងប្រជាជនកម្ពុជាបានប្រកាសដាច់ខាតការពារឱ្យបានទោះបីជាស្ថិត ក្នុងតម្លៃណាក៏ដោយ។ មិនតែប៉ុណ្ណោះប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាច់ណាត់ថាកម្ពុជានឹងមិន យកអធិបតេយ្យជាតិរបស់ខ្លួនទៅប្តូរនឹងជំនួយ ឬការគាំទ្រណាមួយឡើយ។
ទន្ទឹមនឹងនេះគេអាចចោទសួរថាហេតុអ្វីបានជានៅសុខៗ ទណ្ឌិត សម រង្ស៊ី សារភាពនិងបង្ហាញ ភស្តុតាងថ្មីជុំវិញរឿងរ៉ាវអតីតគណបក្សនយោបាយរបស់ខ្លួន ធ្លាប់ឃុបឃិតជាមួយបរទេសយ៉ាងដូច្នេះ ខណៈ សំណុំរឿងក្បត់ជាតិរបស់កឹម សុខា នឹងត្រូវលើកយកមកជំនុំជម្រះនាពេលខាងមុខ? វាពិតជាមិនមែនជា ការចៃដន្យឡើយ! តាំងពីយូរណាស់មកហើយ ទណ្ឌិត សម រង្ស៊ី និងបក្ខពួករបស់ខ្លួនដែលមាន អេង ឆៃអ៊ាង និងមូរ សុខហួរ បានខិតខំធ្វើសកម្មភាពផ្សេងៗ ដើម្បីរុញឱ្យជនជាប់ចោទ កឹម សុខា មិនអាចរើខ្លួនចេញពីសំណាញ់ច្បាប់បាន ធ្វើយ៉ាងណាឱ្យកឹម សុខា ផុងខ្លួនក្នុងអំពើក្បត់ជាតិដែលត្រូវបានចោទប្រកាន់ និងយកឈ្មោះកឹម សុខា ទៅប្រើប្រាស់ដើម្បីផលប្រយោជន៍នយោបាយ។
ការពិតជាក់ស្តែងនៅពេលនេះ ក្រុម សម រង្ស៊ីនិងក្រុមកឹម សុខា បានបែកបាក់គ្នាខ្ទេចខ្ទីអស់រួចស្រេចទៅហើយ ប៉ុន្តែពួកគេមិនហ៊ាននឹងប្រកាស ជាចំហរឡើយព្រោះចៅហ្វាយនាយបរទេសរបស់ពួកគេមិនអនុញ្ញាត។ ពួកគេបានប្រជែងឥទ្ធិពលគ្នា និងដណ្តើមអំណាចគ្នាព្យាយាមដណ្តើមភាពជាម្ចាស់ លើខ្មោចគណបក្សសង្គ្រោះជាតិ ហើយក្រុមសកម្មជនខាង ក្រោមបានវាយប្រហារគ្នាជេរប្រមាថគ្នា។ សម រង្ស៊ី បានចាញ់បោសគូថខោអស់ទាំងប្រធានបក្ស និងអស់ទាំងគណបក្សដែលខ្លួនបានចូលរួមបង្កើត។
ដូច្នេះ សម រង្ស៊ី នឹងមិនអាចអង្គុយមើល កឹម សុខា សោយសុខ និងគ្រប់គ្រងកម្លាំងនយោបាយរបស់ខ្លួនឡើយ ទោះបីត្រូវបំផ្លូវជាតិដោយការញុះញង់ក៏ សម រង្ស៊ី ធ្លាប់បានធ្វើ។ លត់ជង្គង់អង្វរបរទេសបំផ្លាញជាតិ ឈប់វិនិយោគ ឈប់ទិញទំនិញ និងឈប់ផ្តល់ជំនួយដល់កម្ពុជា ក៏សម រង្ស៊ី ធ្លាប់បានធ្វើហើយ។ រួមដៃជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីកែរដ្ឋធម្មនុញ្ញពីសំឡេង ២/៣ មក ៥០% បូកមួយក្នុងការបង្កើតរាជរដ្ឋាភិបាល ជាការសងសឹកចំពោះសម្តេចក្រុមព្រះក៏សម រង្ស៊ី ធ្លាប់ធ្វើហើយដែរ។ លួចចូលប្រជុំក្បត់ កឹម សុខា កាលពីឆ្នាំ ២០០៨ ក៏សម រង្ស៊ី ធ្លាប់បានធ្វើរួចហើយ។
ចុះគ្រាន់តែបង្ហាញភស្តុតាងពីការស៊ុំគ្រលំជាមួយបរទេសដើម្បីឱ្យ កឹម សុខា ប្រឈមនឹងការផ្តន្ទាទោសតាមច្បាប់ជាធរមានចំពោះបទចោទប្រកាន់ពីសន្ទិដ្ឋិភាពជាមួយបរទេស ដើម្បីឱ្យកឹម សុខា មានទោស និង ជាប់ពន្ធនាគារ រឿងអ្វីដែល សម រង្ស៊ី មិនអាចធ្វើបាន ខណៈទណ្ឌិតរូបនេះ គ្មាននៅសេសសល់អ្វីជាចុងក្រោយ ក្រៅពីការបំផ្លិចបំផ្លាញជាតិ បំផ្លិចបំផ្លាញកម្លាំងនយោបាយរបស់ខ្លួន ដើម្បីបំពេញមហិច្ឆតា និងគំនុំសងសឹកផ្ទាល់ខ្លួននោះ? សម រង្ស៊ី នឹងបក្ខពួកក្បត់ជាតិរបស់ខ្លួននឹងបន្តធ្វើសកម្មភាពផ្សេងៗទៀត ដើម្បីជួយដាក់បន្ទុកកាន់តែខ្លាំងលើជនជាប់ចោទ កឹម សុខា ព្រោះពួកគេយល់ថា បើកឹម សុខា រួចខ្លួនពីការចោទប្រកាន់ពេលណា នោះខ្លួននឹង បាត់បង់ផលប្រយោជន៍ទាំងស្រុង ខណៈមជ្ឈដ្ឋានជាតិ និងអន្តរជាតិលែងផ្តល់តម្លៃឱ្យក្រុមខ្លួនទៀតនោះ៕
ដោយ៖ ចៅចាក់ស្មុក