(ភ្នំពេញ)៖ ប្រជាពលរដ្ឋខ្មែរអាចរាប់ថា ជាជាតិសាសន៍ដ៏កម្សត់មួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ ដោយមិនបាច់ក្រឡេកទៅមើលរាប់ពាន់ឆ្នាំមុននោះទេ គឺក្រឡេកមើលទៅត្រឹមចុងទសវត្សរ៍ឆ្នាំ១៩៦០បានហើយ គឺប្រជាពលរដ្ឋបានរងទុក្ខវេទនាឥតគណនាដោយសារតែវិបត្តិនៃភ្លើងសង្គ្រាមទាំងសង្គ្រាមផ្ទៃក្នុង និងជាមួយប្រទេសជិតខាង។
វិបត្តិនៃសង្គ្រាមបាននាំឱ្យប្រជាពលរដ្ឋឈានទៅធ្លាក់ក្នុងអន្លង់ជីវិតនរកអវចីយនៃរបបកម្ពុជាប្រជាធិបតេយ្យរបស់បនប្រល័យពូជសាសន៍ ប៉ុល ពត អៀង សារី ខៀវ សំផន នួន ជា ចាប់ពី១៧ មេសា ១៩៧៥ បានលុបបំបាត់អស់នូវសិទ្ធិសេរីភាព និងសិទ្ធិរស់រៀនមានជីវិត។ ជីវិតរបស់ប្រជាពលរដ្ឋរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ស្គាល់តែទុក្ខវេទនា មិនដែលស្គាល់អ្វីទៅថា ភាពសប្បាយរីករាយ។
៧ មករា ឆ្នាំ១៩៧៩ ដ្បិតថា បានរំដោះជីវិតពលរដ្ឋខ្មែរចេញរបបដ៏សែនឃោរឃៅ មានសិទ្ធិសេរីភាពឡើងវិញ តែពលរដ្ឋខ្មែរនៅតែស្ថិតក្នុងទុក្ខវេទនា ព្រោះតែភាពក្រី និងគ្រោះអត់ឃ្លាន។ ជីវិតរបស់ប្រជាពលរដ្ឋខ្មែរ បានចាប់ផ្តើមមានកម្រើកឡើងជាមួយនឹងជីវភាពកាន់តែប្រសើរ នៅក្រោយពេលដែលភ្លើងសង្គ្រាមនៅកម្ពុជាបិទបញ្ចប់ទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។
ការបិទបញ្ចប់ភ្លើងសង្គ្រាមរយៈពេលប្រមាណ២១ឆ្នាំមកនេះ បានផ្តល់ឱកាសពេញលេញដល់រាជរដ្ឋាភិបាលរៀបចំដាក់ចេញគោលនយោបាយក្នុងការស្តារអភិវឌ្ឍន៍ប្រទេស ទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុនបង្កើតការងារជូនប្រជាពលរដ្ឋ។ ទន្ទឹមនឹងការទាក់ទាញអ្នកវិនិយោគកម្ពុជា ក៏បានបើកទីផ្សារសម្រាប់ផលិតផលនៅក្រៅប្រទេសកាន់តែច្រើនសម្រាប់ទំនិញរបស់ខ្លួន។
ភាពរស់រវើកនៃការធ្វើពាណិជ្ជកម្មរបស់កម្ពុជា បានបង្កើតទៅជាចរន្តសេដ្ឋកិច្ចមួយដ៏រស់រវើកជួយជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យរក្សាបានក្នុងរង្វង់ជាង ៧ភាគរយរយៈពេល២១ឆ្នាំមកហើយ។ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា បានរុញច្រានការអភិវឌ្ឍសេដ្ឋកិច្ចជាតិយ៉ាងឆាប់រហ័ស កម្ពុជាបានរួចផុតពីឋានៈនៃប្រទេសក្រីក្រនៅឆ្នាំ២០១៥ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបនាពេលបច្ចុប្បន្ន និងកំពុងប្រឹងប្រែងជម្នះឧបសគ្គទាំងឡាយ ដាក់ចេញនូវយុទ្ធសាស្ត្រថ្មីៗ ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។
កំណើនសេដ្ឋកិច្ច ក៏បានរុញច្រានជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ ប្រជាពលរដ្ឋស្ថិតក្រោមបន្ទាត់ភាពក្រីក្រកាន់តែតិចទៅ ដែលមកដល់បច្ចុប្បន្នមានត្រឹមប្រមាណជា ១០ភាគរយប៉ុណ្ណោះ។ ខណៈដែលចំណូលប្រចាំឆ្នាំរបស់ប្រជាពលរដ្ឋម្នាក់មានជាង ១៨១៦ដុល្លារសហរដ្ឋអាមេរិក។
គ្រាដែលជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរ បម្រែបម្រួលលើការរស់នៅរបស់ប្រជាពលរដ្ឋកាន់តែវិវឌ្ឍន៍ផងដែរ។ ពលរដ្ឋកម្ពុជា ក្រោយរស់រៀនមានជីវិតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ប្រារព្ធពិធីជួបជុំលេងសប្បាយទាំងខ្វះខាតក្នុងពិធីបុណ្យប្រពៃណីជាតិចូលឆ្នាំថ្មី និងបុណ្យភ្ជុំបិណ្ឌតែប៉ុណ្ណោះ។
តែបច្ចុប្បន្ននេះ មិនថាតែបុណ្យចូលឆ្នាំថ្មី បុណ្យភ្ជុំបិណ្ឌ ឬបុណ្យចូលឆ្នាំចិន និងបុណ្យដទៃទៀតនោះទេ គឺតែងមានការជួបជុំ មានដំណើរកម្សាន្ត។ ពិធីបុណ្យមួយទៀត ដែលគួរកត់សម្គាល់ដែរនោះ គឺពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ដែលជាប្រពៃណីទំនៀមទម្លាប់របស់ប្រជាពលរដ្ឋនៅបស្ចិមលោកនោះ បច្ចុប្បន្នក៏កំពុងប្រារព្ធយ៉ាងផុលផុសនៅកម្ពុជាផងដែរ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ រួមទាំងការឆ្លងឆ្នាំពីឆ្នាំ២០១៩ ឆ្ពោះទៅកាន់ឆ្នាំ២០២០នេះ គេសង្កេតឃើញថា ការប្រារព្ធពិធីបុណ្យឆ្លងឆ្នាំសកលរបស់ប្រជាពលរដ្ឋខ្មែរ មានសភាពកាន់តែផុលផុសឡើង។ មិនថាតែរាជធានីភ្នំពេញ នៅតាមតំបន់ទេសចរណ៍ទាក់ទាញជាច្រើនទាំងនៅខេត្តសៀមរាប ខេត្តជាប់មាត់សមុទ្រ និងខេត្តតំបន់ភ្នំភូមិភាគឦសាន សុទ្ធតែទទួលបានអញ្ជើញទៅកាន់កម្សាន្តយ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋ ខណៈអាជ្ញាធរបានរៀបចំតុបតែងលំអរ ការប្រគំតន្ត្រីមានភាពកាន់តែទាក់ទាញ ដើម្បីបំពេញភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ។
ដោយឡែកប្រជាពលរដ្ឋដែលមិនមានដំណើរកម្សាន្តក្រៅផ្ទះ ក៏ពួកគេជួបជុំក្រុមគ្រួសារ សាច់ញាតិ ពិសារអាហារ ច្រៀងកម្សាន្តយ៉ាងសប្បាយរីករាយរហូតឆ្លងរាត្រី ដើម្បីទទួលស្វាគមន៍ឆ្នាំថ្មីផងដែរ។
ភាពសប្បាយរីករាយទាំងនេះ ប្រហែលមិនអាចកើតមានឡើយ ប្រសិនបើកម្ពុជាគ្មានសុខសន្តិភាព គ្មានស្ថេរភាពនយោបាយ កម្រិតជីវភាពរបស់ប្រជាពលរដ្ឋមិនប្រសើរទេនោះ។
ជារួមមក «សុខសន្តិភាព» ដែលគ្របដណ្តើមលើដែនដីកម្ពុជា ក្នុងរយៈពេល២១ឆ្នាំមកនេះ ជាធាតុបច្ច័យដ៏សំខាន់បំផុតនាំមកនូវបម្រែបម្រួលជីវភាព បម្រែបម្រួលការរស់នៅ រស់នៅពោរពេញដោយភាពសប្បាយរីករាយ ដោយសេចក្តីសុខសាន្ត។ សូមអរគុណសុខសន្តិភាព ដែលបាននាំឱ្យមានភាពរីកចម្រើន នាំឱ្យមានភាពរុងរឿង និងសប្បាយរីករាយ។
ឆ្នាំថ្មី២០២០ សូមបន្តពូនជ្រុំថែរក្សាសន្តិភាពឱ្យបានគង់វង់ស្ថិតស្ថេរ ដើម្បីបន្តរក្សាបាននូវការរីកចម្រើន រុងរឿង និងរីករាយ៕
ដោយ៖ វ៉ាន់ សារាយ