(ភ្នំពេញ)៖ ទេវតាពិតជាមានភ្នែក! ពេលនេះកម្ពុជា បានទទួលយុត្តិធម៌វីញហើយ។ ស្ត្រីជនជាតិអាមេរិកកាំងអាយុ ៨៣ឆ្នាំ ដែលចុះពីលើនាវា Westerdam ហើយអាជ្ញាធរម៉ាឡេស៊ីបានអះអាងថា មានផ្ទុកវីរុសកូរ៉ូណា ឬ Covid-19 នោះ ពេលនេះ គឺគ្មានផ្ទុកវីរុសនោះឡើយ។ នេះបើយោងតាមការផ្សាយរបស់កាសែត The Straits Times របស់សិង្ហបូរីនៅល្ងាចថ្ងៃទី២១ ខែកុម្ភៈនេះ ដោយយោងតាមការប្រកាសបន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការជាន់ខ្ពស់ទទួលបន្ទុក Covid-19 របស់លោកស្រីឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Wan Azizah Ismail ដែលជាប្រពន្ធរបស់លោក Ibrahim Anwar អតីតមេបក្សប្រឆាំងដែលរង់ចាំធ្វើជានាយករដ្ឋមន្ត្រីយូរជាងគេនៅក្នុងពិភពលោក។
បើទោះបីជាម៉ាឡេស៊ីបានអះអាងថា ស្រ្តីជនជាតិអាមេរីកាំងពុំមានផ្ទុកវិរុស covid-19 ទៀតទេ ដែលទំនងជាចង់និយាយដោយប្រយោលថា ជាសះស្បើយក៏ដោយ ប៉ុន្តែការប្រកាសបែបនេះ ដើម្បីគ្រាន់តែបិទបាំងការបាក់មុខមាត់របស់ខ្លួនតែប៉ុណ្ណោះ ពីព្រោះមានភាពសង្ស័យជាច្រើនបានចោទឡើងជុំវិញការអះអាងកន្លងមកនេះ។ «តើហេតុអ្វីក៏ស្ត្រីរូបនោះជាសះស្បើយលឿនម៉្លេះ បើមិនទាន់បានមួយសប្តាហ៍ផង?»។
ការប្រកាសថា ស្ត្រីជនជាតិអាមេរិកាំងគ្មានវីរុស Covid-19 ទេ ក៏បានកើតឡើងក្រោយពេលមានកិច្ចប្រជុំគណៈកម្មាធិការជាន់ខ្ពស់ទទួលបន្ទុក Covid-19 ដែលគេអាចសន្និដ្ឋានបានថា ជាការប្រជុំដើម្បីត្រួតពិនិត្យឡើងវិញអំពីករណីស្ត្រីជនជាតិអាមេរិកាំងរូបនោះក្រោយមានសំណើរពីភាគីកម្ពុជា ហើយក៏គេជឿជាក់ថា ក៏មានសំណើរដូចគ្នាពីអង្គការសុខភាពពិភពលោក និងភាគីសហរដ្ឋអាមេរិកផងដែរពីព្រោះភាគីទាំងពីរនេះបានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាលកម្ពុជាក្នុងការត្រួតពិនិត្យអ្នកជិះលើនាវា Westerdam ។
តាមពិតភាពមិនប្រក្រតីនៃព័ត៌មាននេះបានកើតឡើងតាំងពីដំបូងទីម៉្លេះ ពោលគឺចាប់តាំងពីអាជ្ញាធរម៉ាឡេស៊ីបានប្រកាសថា ស្ត្រីរូបនោះមានផ្ទុកវីរុស Covid-19។ អ្វីដែលគួរឲ្យសង្ស័យនោះពេលចេញពីកម្ពុជា ស្ត្រីរូបនោះមានសុខភាពល្អធម្មតា ហើយគ្មានផ្ទុកវីរុសនេះទេ។ ស្រាប់តែទៅដល់ម៉ាឡេស៊ីភ្លាម ក៏មានការប្រកាសព័ត៌មានថា គាត់បានឆ្លងវីរុស Covid-19។ ចំណុចគួរឲ្យសង្ស័យបំផុតមួយទៀត ហេតុអ្វីបានជាប្តីរបស់ស្ត្រីរូប នោះអាយុ ៨៥ ឆ្នាំដែលនៅជាមួយគ្នារហូតបែរជាគ្មានផ្ទុកវីរុស? ចំណែកឯមនុស្សជាង ២,០០០នាក់ដែលនៅលើនាវាក៏គ្មានអ្នកណាម្នាក់ផ្ទុកវីរុសនេះដែរ។
ដោយឈរលើចំណុចគួរឲ្យសង្ស័យនេះហើយបានជាប្រមុខដឹកនាំកម្ពុជា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទាមទារម្តងហើយម្តងទៀត ឲ្យអាជ្ញាធរម៉ាឡេស៊ីពិនិត្យឡើងវិញអំពីករណីនេះ។
ខ្ញុំយល់ថា ការទាមទាររបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន មិនមែន ដើម្បីរកយុត្តិធម៌សម្រាប់ខ្លួនគាត់នោះទេ ប៉ុន្តែដើម្បីយុត្តិធម៌សម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាសម្រាប់ប្រទេសកម្ពុជាទាំងមូលផង និងជាពិសេសក៏ដើម្បីផ្តល់យុត្តិធម៌ដល់អ្នកជិះលើនាវាទាំងជាង ២,០០០នាក់ផងដែរ ពីព្រោះការប្រកាសព័ត៌មានថា ស្ត្រីជនជាតិអាមេរិកាំងម្នាក់មានផ្ទុកវីរុស Covid-19 មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់មុខមាត់កម្ពុជា, មុខមាត់អង្គការសុខភាពពិភពលោក និងមុខមាត់របស់ក្រុមការងារសុខាភិបាលសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែព័ត៌មានដ៏អកុសលនេះក៏បានធ្វើឱ្យអ្នកទេសចរទាំងនោះ ពិតជាមានអារម្មណ៍មិននឹងហ្នរឡើយ។ ជាពិសេសគឺបានបង្កើតឱ្យមានការរើសអើង និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះអ្នកទាំងនោះ ពីព្រោះពួកគេមិនអាចបន្តដំណើរវិលត្រឡប់ទៅស្រុកកំណើតជួបជុំគ្រួសារ និងដើម្បីបន្តការងាររបស់ខ្លួនវីញតាមកាលកំណត់បានទេ ដោយសារតែការរើសអើងដែលកើតចេញពីព័ត៌មានអកុសលចេញពីម៉ាឡេស៊ី។
ត្រង់ចំណុចនេះ គេគួរតែស្តីបន្ទោសអាជ្ញាធរសុខាភិបាល ម៉ាឡេស៊ីដែលបានធ្វើការតាម បែបខ្ជីខ្ជានិងខ្វះការទទួលខុសត្រូវ។ ម៉្យាងទៀតបញ្ហានេះក៏ត្រូវបានគេសង្ស័យថា មកពីចេតនារបស់មន្ត្រីខ្លះក្នុងរដ្ឋាភិបាលម៉ាឡេស៊ីដែលចេញពីភាគឺក្រុមប្រឆាំង។ អ្វីដែលគួរកត់សម្គាល់បំផុតនោះគឺអ្នកដែលចេញមកប្រកាសព័ត៌មាននេះ គឺជាភរិយារបស់លោក អានវ៉ា អ៉ីប្រាហ៉ីម ដែលជាអតីតមេបក្សប្រឆាំងហើយដែលបានចូលទៅធ្វើការក្នុងរដ្ឋាភិបាល ទើបកើតមាននូវការងារបែបខ្ជីខ្ជារ ខ្វះការទទួលខុសត្រូវ ឬក៏អាចមានចេតនាអាក្រក់ណាមួយក៏ថាបាន។
ដោយផ្អែកលើការអះអាងដ៏ខុសឆ្គងនេះក្រុមប្រឆាំងនៅកម្ពុជា ក៏បានយកព័ត៌មានដ៏អកុសលនេះមកបំភ័យប្រជាជន និងបំប៉ោងដើម្បីវាយប្រហារមកលើសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាវាយប្រហារទៅលើប្រព័ន្ធសុខាភិបាលកម្ពុជាទាំងមូលយ៉ាងធ្ងន់ធ្ងរ ក្នុងគោលបំណងបំបាក់ប្រជាប្រិយភាពរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន។
ប៉ុន្តែនៅទីបំផុតទេវតាពិតជាមានភ្នែក ហើយយុត្តិធម៌ពិតជាមានមែន! គឺជាយុត្តិធម៌ទាន់ហន់ដែលកម្ពុជាត្រូវទទួលបាន ពីព្រោះអំពើមនុស្សធម៌ដ៏ធំមួយនេះមិនអាចអ្នកណាយកទៅកាឡៃក្នុងបំណងទុច្ចរិតណាមួយបានឡើយ។ បារមីរបស់បុព្វបុរសខ្មែរពិតជាបានតាមដានរឿងនេះ ហើយបានជួយការពារអ្នកធ្វើអំពើល្អដែលនាំកិត្តិយសដ៏ធំធេង និងធ្វើឲ្យកម្ពុជាលេចមុខមាត់ យ៉ាងខ្លាំងនៅលើឆាកអន្តរជាតិ។
សម្តេចនាយករដ្ឋមន្ត្រីផ្ទាល់ ដែលបានយកការសម្រេចចិត្តដ៏មុតស្រួចដាច់ខាតក្នុងស្មារតីមនុស្សធម៌ដោយបានអនុញ្ញាតឲ្យនាវា Westerdam ចូលចតមិនត្រឹមតែបានធ្វើឱ្យប្រជាជនក្នុងពិភពលោកដឹងថា «កម្ពុជាជាប្រទេសតូចក្រីក្រមែនពិត តែមានបេះដូង និងទឹកចិត្តជួយយកអាសារធំធេងដូចមហាសមុទ្រ» ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញអោយឃើញនូវ «ភាពមិនរើសអើងចំពោះជាតិសាសន៍ណាមួយឡើយ»។
ឥឡូវនេះព័ត៌មានអកុសលត្រូវបានរលាយទៅវិញបន្ទាប់ពីព័ត៌មានចុងក្រោយបញ្ជាក់ថា ស្ត្រីជនជាតិអាមេរិកាំងអាយុ ៨៣ឆ្នាំគ្មានផ្ទុកវីរុស Covid-19 នោះទេ។ ព័ត៌មាននេះពិតជាបានផ្តល់យុត្តិធម៌ដល់ប្រជាជនកម្ពុជា, ដល់ប្រព័ន្ធសុខាភិបាលកម្ពុជា ក៏ដូចជាការផ្តល់យុត្តិធម៌ដល់កិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចតេជោ ហ៊ុន សែន សម្រាប់បេសកកម្មដោះស្រាយបញ្ហារើសអើង និងវិបត្តិមនុស្សធម៌ដ៏ធំមួយនេះ៕
ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ
លោកស្រីឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Wan Azizah Ismail