(ភ្នំពេញ)៖ ពិភពលោកមានការភ្ញាក់ផ្អើល នៅពេលដែលក្រសួងសុខាភិបាល ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០២០ តាមរយៈឧបនាយករដ្ឋមន្ត្រី របស់ខ្លួនឈ្មោះ Wan Azizah Wan Ismail ភរិយារបស់លោក អាន់វ៉ា អ៊ីប្រាហ៊ីម អតីតគណបក្សប្រឆាំងប្រកាសថា ស្ត្រីជនជាតិអាមេរិកាំងម្នាក់អាយុ៨៣ឆ្នាំ ដែលជាអ្នកដំណើរចាកចេញពីនាវាទេសចរណ៍ Westerdam ពីប្រទេសកម្ពុជា មានផ្ទុកជំងឺកូរ៉ូណាថ្មី ឬ Covid-19។ ប៉ុន្តែនៅថ្ងៃទី២១ ខែកុម្ភៈនេះ មិនដល់១សបា្តហ៍ផង ឧបនាយករដ្ឋមន្ត្រីដដែលបានប្រកាសថា ស្ត្រីជនជាតិអាមេរិកាំងដដែលនេះមិនមានផ្ទុកវីរ៉ុសនេះទេ។
ដំណឹងនេះក៏បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលម្តងទៀតហើយចាប់ផ្តើមចោទសួរពីភាពត្រឹមត្រូវនៃការធ្វើតេស្តត្រួតពិនិត្យរបស់កម្ពុជាលើអ្នកដំណើរ។ ការភ្ញាក់ផ្អើលរបស់ពិភពលោកលើកនេះជាមួយអារម្មណ៍សោកស្តាយជាទីបំផុតថាហេតុអ្វីបានជាមន្ត្រីសុខាភិបាលម៉ាឡេស៊ីមានភាពមិនច្បាស់លាស់លើការគ្រប់គ្រងវីរ៉ុសកូរ៉ូណាថ្មីដែលពិភពលោកព្រួយបារម្ភខ្លាំង ហើយបាននិងកំពុងជះឥទ្ធិពល បង្កើតឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងលើសណ្តាប់ធ្នាប់សង្គម សីលធម៌ ទេសចរណ៍ សេដ្ឋកិច្ចរបស់ពិភពលោក។
តាមពិតឥទ្ធិពលពិតប្រាកដនៃវីរ៉ុសកូរ៉ាណាមិនមានគ្រោះថ្នាក់ខ្លាំងឡើយ ប៉ុន្តែការភ័យខ្លាចនៃការឆ្លងវីរ៉ុសនេះ ទើបមានភាពធ្ងន់ធ្ងរជាង។ ការប្រកាសរបស់ ម៉ាឡេស៊ីប្រកបដោយភាពមិនប្រក្រតីនៃការរកឃើញជំងឺលើអ្នកទេសចរពីនាវា Westerdam ដែលកម្ពុជាបានទទួលឱ្យចូលចតនៅកំពង់ផែអន្តរជាតិខេត្ត ព្រះសីហនុ ក្រោយពីបរទេសចំនួន៤ កោះចំនួន២ បដិសេធមិនឱ្យចូលចតដោយភ័យខ្លាចការចម្លវីរ៉ុសកូរ៉ូណា គឺបានបង្កឱ្យមានផលវិបាកយ៉ាងច្រើន បន្ថែមលើការភ័យខ្លាចបន្ថែមទៀត បង្កើតការរើសអើងចំពោះអ្នកដំណើរ។
អ្នកដំណើររួមនឹងអ្នកបម្រើនៃនាវានេះចំនួនជាង២០០០ នាក់បានរងគ្រោះម្តងហើយម្តងទៀត។ រងគ្រោះពីការបដិសេធមិនមិនឱ្យចូលចត រងគ្រោះដោយការលាបពណ៌ថាមានផ្ទុកវីរ៉ុសកូរ៉ូណា និងរងគ្រោះ ដោយសារតែភាពមិនច្បាស់លាស់នៃការត្រួតពិនិត្យរបស់មន្ត្រីសុខាភិបាលម៉ាឡេស៊ី។ អ្នកដំណើរទាំងនេះ មានក្តីសង្ឃឹមឡើងវិញក្រោយកម្ពុជាបានទទួលឱ្យនាវាចូលចត ហើយបានផ្ទេរការធ្វើដំណើរតាមជើងយន្តហោះវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញ ប៉ុន្តែពួកគេត្រូវបានគេរើសអើងមួយរំពេចដោយសារតែការបញ្ចេញព័ត៌មានរបស់ម៉ាឡេស៊ីពីវត្តមាននៃវីរ៉ុសកូណា ឬ Covid-19។
ភាពខ្ជីខ្ជារបស់ម៉ាឡេស៊ីបានបង្កើតឱ្យមានការរើសអើងយ៉ាងខ្លាំងប្រឆាំងចំពោះអ្នកដំណើរនៃនាវា Westerdam បង្កការភ័យខ្លាចក្នុងចំណោមអ្នកដំណើរ បង្កឱ្យមានការខកខានដល់ការធ្វើដំណើត្រឡប់ទៅប្រទេសកំណើតរបស់អ្នកដំណើរទាំងនោះ។ ជាងនេះទៅទៀត វាបានធ្វើឱ្បប៉ះពាល់ដល់ទឹកចិត្តមនុស្សធម៌របស់កម្ពុជា ចំពោះមនុស្សជាតិជាពិសេសអ្នកធ្វើដំណើរលើនានាដែលគេកំពុងឯកោមានអារម្មណ៍ភិតភ័យកាន់តែធ្លាក់ក្នុងវិបត្តិផ្លូវចិត្ត និងការភ័យខ្លាច។ តាមពិត អ្នកដំណើរទាំងអស់ត្រូវធ្វើដំណើរ បានលឿនជាងនេះ ប្រសិនបើគ្មានការប្រកាសរបស់ ម៉ាឡេស៊ីដោយខ្ជីខ្ជាទេនោះ។
អ្វីដែលម៉ាឡេស៊ីបានធ្វើ តាមរយៈលោកស្រី Wan Azizah Wan Ismail បានបង្កើតឱ្យមានការយល់ច្រឡំ និងបង្កើតឱ្យមានទីលានវាយប្រហារ និងរិះគន់លើសកម្មភាពមនុស្សធម៌ដ៏ស្មោះសរបស់សម្តេចតេជោ ហ៊ុន សែន និងប្រជាជនកម្ពុជាចំពោះជាតិសាសន៍ចំនួន៤១ ដែលនៅលើនាវា។ ប៉ុន្តែពេលនេះ អ្វីៗដែលម្ពុជាបានធ្វើគឺស្របតាមបច្ចេកទេសត្រឹមត្រូវ និងមានប្រសិទ្ធភាព។ នេះជាយុត្តិធម៌ ដែលកម្ពុជាទទួលបានមកវិញដោយមោទនកភាព និងប្រកបដោយបេះដូងមនុស្សធម៌ពិតប្រាកដក្រោយពី ម៉ាឡេស៊ីរកមិនឃើញថាមានវីរ៉ុសកូរ៉ូណាមាននៅលើខ្លួនស្ត្រីអាមេរិកាំងរូបនោះ។ ការបង្ហាញការធ្វើតេស្តនៅថ្ងៃនេះ បានផ្តល់នូវភាពយុត្តិធម៌សម្រាប់កម្ពុជា និងលើកកម្ពស់តម្លៃមនុស្សធម៌របស់ពិភពលោកឡើងវិញ។
នេះជាមេរៀនបទពិសោធមួយរបស់ម៉ាឡេស៊ីដែលមិនគួរធ្លោះធ្លោយលើរឿងវីរ៉ុសដ៏រសើបនេះឡើយ។ កម្ពុជា ជាប្រទេសតូច ប៉ុន្តែមានបេះដូងទូលាយ។ ក្នុងនាមជាមេដឹកនាំរបស់កម្ពុជា សម្តេចតេជោ ហ៊ុន សែន តែងតែតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ហើយលើកកម្ពស់តម្លៃមនុស្សធម៌ជានិច្ច។ អំពើល្អនេះបានដក់ ជាប់ក្នុងក្រអៅបេះដូងជនរួមជាតិខ្មែរ និងប្រជាជននៅ លើពិភពលោក។ ប៉ុន្តែទង្វើល្អមិនសាបសូន្យឡើយ! ទោះបីនរណាមានបំណងមិនល្អមកលើជាតិ និងប្រជាជនកម្ពុជា ក៏នឹងមិនអាចសម្រេចបានឡើយ ហើយទីបំផុតអំពើអាក្រក់ទាំងឡាយនឹងត្រូវបកអាក្រាត ហើយកម្ពុជានឹងឈ្នះ ហើយទទួលបានយុត្តិធម៌ជាអមតៈ៕
ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០