(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍កំពុងក្លាយជាក្តីបារម្ភយ៉ាងខ្លាំងមួយសម្រាប់កម្ពុជានាពេលបច្ចុប្បន្ន ដ្បិតគ្រោះថ្នាក់ចរាចរណ៍លើដងវិថីឆក់យកអាយុជីវិត ប្រជាពលរដ្ឋខ្មែរខ្លាំងជាសម័យសង្គ្រាមទៅទៀត។ របាយការណ៍បានបង្ហាញថា កាលពីឆ្នាំ២០១៩កន្លងទៅ ប្រជាពលរដ្ឋបានពលីជីវិតលើដងវិថីជិតពីរពាន់នាក់ និងរបួសជាង ៦ពាន់នាក់ទៀត ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ជាង ៤ពាន់លើក។
អត្រាគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ២០១៩ ត្រូវបានរកឃើញថា កើនឡើងខ្ពស់បើធៀបនឹងឆ្នាំ២០១៨។ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសម្រេចយកឆ្នាំ២០២០ជាឆ្នាំប្រកាសអាសន្នដែលត្រូវធ្វើ យុទ្ធនាការទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍លើដងវិថីនេះឱ្យមានប្រសិទ្ធភាព។
របាយការណ៍បានបង្ហាញថា បញ្ហានាំឱ្យកើតមានកំណើនគ្រោះថ្នាក់ចរាចរណ៍នេះ មានដូចជា ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមិនឆ្លើយតបកំណើនយានយន្តលើដងវិថី កន្លែងខ្លះត្រូវរងការខូចខាត ឬខ្វះផ្លាកសញ្ញា, កង្វះការគ្រប់គ្រងទ្រូងផ្លូវ ចិញ្ចើមផ្លូវ និងចំណីផ្លូវ បណ្តាលឱ្យផ្លូវសម្រាប់ធ្វើចរាចរណ៍កាន់តែចង្អៀត។
ស្មារតីនៃការគោរពច្បាប់របស់ប្រជាពលរដ្ឋនៅមានកម្រិត នៅតែខ្លាចនគរបាលជាងខ្លាចច្បាប់, សមត្ថភាពមន្ត្រីអនុវត្តច្បាប់នៅមានកម្រិត និងគុណភាពការងារមិនទាន់ឆ្លើយតបតាមសំណូមពរដោយខ្វះមធ្យោបាយឧបករណ៍សម្ភារៈប្រតិបត្តិការ។ ទាំងនេះក៏ជាកត្តានាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
បើទោះបីជាបញ្ហានាំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ច្រើនយ៉ាងណាក្តី តែមានការវាយតម្លៃមួយថា ប្រសិនបើស្មារតីគោរពច្បាប់ចរាចរណ៍របស់អ្នកបើកបរ និងការស្មារតីនៃការអនុវត្តន៍ច្បាប់ត្រូវបានពង្រឹង និងលើកកម្ពស់ វាអាចនឹងរួមចំណែកខ្ពស់ក្នុងការទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍លើដងវិថី។
អ្នកបើកបរនៅកម្ពុជាត្រូវបានគេមើលឃើញថា ស្មារតីនៃការគោរពច្បាប់នៅពេលធ្វើដំណើរ នៅពេលបញ្ជាយានយន្តនៅមានកម្រិតនៅឡើយ។ អ្នកបើកបរខ្លះបញ្ជាយានយន្តលើដងផ្លូវនៅតែបន្តប្រើប្រាស់ផ្លូវ មិនត្រូវទៅតាមការបែងចែកគន្លង ខ្លះនៅតែបន្តបើកបំពានល្បឿនកំណត់ និងខ្លះទៀតនៅកន្លែងហាមជែងដូចជាផ្លូវកោងជាដើមពួកគេនៅតែបំពានក្នុងការជែង។
ការប្រើប្រាស់ពន្លឺភ្លើងពេលយប់នៅតែមិនបានត្រឹមត្រូវ។ អ្នកបើកបរខ្លះប្រើភ្លើងហ្វានាំឱ្យជះពន្លឺខ្លាំងរំខានដល់អ្នកបើកបរបញ្ច្រាសទិសគ្នា ហើយអាចនាំឱ្យមានគ្រោះថ្នាក់ផងដែរ។
ក្រៅពីបញ្ហារៀបរាប់ខាងលើ ទាំងកត្តាយានយន្ត ការដឹកជញ្ជូនលើសទម្ងន់ ការដឹកសំពីងសំពោងសុទ្ធតែជាដើមចមបង្កឱ្យគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
ការពង្រឹងស្មារតីគោរពច្បាប់របស់អ្នកបញ្ជាយានយន្ត បញ្ចប់ការចរាចរណ៍របស់យានយន្តល្មើសច្បាប់ និងដឹកសំពីងសំពោងផ្ទុយនឹងច្បាប់លើដងវិថី ជាបុព្វហេតុមួយជួយទប់ស្កាត់ និងកាត់បន្ថយបានខ្ពស់នូវអត្រាគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងក្លាយជាក្តីបារម្ភរបស់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន។
ដើម្បីជំរុញឱ្យអ្នកបញ្ជាយានយន្តបង្កើនស្មារតីគោរពច្បាប់ និងលុបបំបាត់យានយន្តកែច្នៃខុសច្បាប់ដឹកជញ្ជូនល្មើសច្បាប់ និងដឹកសំពីងសំពោងជាដើម មន្ត្រីនគរបាលចរាចរណ៍លើដងផ្លូវជាតួអង្គដ៏សំខាន់។ មន្ត្រីនគរបាលចរាចរណ៍ជាអ្នកដែលត្រូវបានប្រគល់តួនាទីភារកិច្ចដោយច្បាប់ចាំឃាត់ផាកពិន័យរាល់អ្នកបើកបរ និងយានយន្តដែលល្មើសច្បាប់។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពេលអញ្ជើញបិទសន្និបាតបូកសរុបការងាររបស់ក្រសួងមហាផ្ទៃកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ បានគាំទ្រចំពោះការកែច្បាប់ចរាចរណ៍ឱ្យមានការផាកពិន័យធ្ងន់ធ្ងរចំពោះអ្នកបើកបរល្មើសច្បាប់ រហូតឈានទៅដកហូតបណ្ណបើកបរថែមទៀតផង សម្រាប់អ្នកល្មើសញឹកញាប់។
មានការសាទរជាច្រើនចំពោះគំនិតដាក់ពិន័យធ្ងន់ធ្ងរដល់អ្នកបើកបរល្មើសច្បាប់នេះ។ ទន្ទឹមនឹងការកែប្រែច្បាប់ដាក់ពិន័យធ្ងន់ធ្ងរចំពោះអ្នកបើកបរនោះ ការពង្រឹងចំពោះការអនុវត្តន៍ច្បាប់របស់មន្ត្រីនគរបាលចរាចរណ៍ក៏ជារឿងដែលត្រូវពង្រឹងផងដែរ។
បើច្បាប់ស្តីពីការផាកពិន័យកាន់តែតឹងរឹង តែការអនុវត្តន៍ច្បាប់របស់មន្ត្រីនគរបាលចរាចរណ៍នៅតែធូរលុង ឬចន្លោះប្រហោង នឹងនាំឱ្យស្មារតីនៃការគោរពច្បាប់របស់អ្នកបើកបរនៅតែមិនសូវមានប្រសិទ្ធភាព។
ក្នុងពេលធ្វើដំណើរលើដងវិថីតែងបានជួបប្រទះជាច្រើនករណីនូវការត្រូវរ៉ូវគ្នារវាងអ្នកបើកបរ និងមន្ត្រីនគរបាលចរាចរណ៍ ដែលជាអ្នកអនុវត្តន៍ច្បាប់ ហើយទីបំផុតអ្នកបើកបរល្មើសត្រូវបានអនុញ្ញាតឱ្យបន្តដំណើរ។
នៅវេលាម៉ោងប្រមាណ ៥៖២៦នាទីទៀបភ្លឺថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងពេលធ្វើដំណើរតាមបណ្តោយវិថីមិត្តភាពកម្ពុជា-វៀតណាម ដើម្បីទៅយកព័ត៌មាន សម្តេចតេជោ ហ៊ុន សែន អញ្ជើញស្រោចស្រពព្រះសុគន្ធវារីប្រគេនសម្តេចសង្ឃនាយករង៣ព្រះអង្គនៅវត្តចំពុះក្អែក ខ្ញុំបានឃើញរថយន្តប្រភេទទួរីសមួយគ្រឿង ដឹកយ៉ាងសំពីងសំពោងធ្វើដំណើរលើផ្លូវនេះ។ ពេលមកដល់ក្រោមស្ពានអាកាសផ្សារដីហ៊ុយ មានមន្ត្រីនគរបាលមួយរូបបានមកបង្អាក់ដំណើររថយន្តនេះ តែមិនបានឃាត់នោះឡើយ ហើយអនុញ្ញាតឱ្យរថយន្តដឹកសំពីងសំពោងនោះបន្តដំណើរទៅមុខទៀត។
នេះជាករណីមួយក្នុងចំណោមករណីមួយចំនួនទៀត ដែលខ្ញុំបានជួបប្រទះពេលធ្វើដំណើរលើដងវិថី។ ការលើកឧទាហរណ៍ខាងលើនេះ ចង់ទាញការចាប់អារម្មណ៍ថា ដើម្បីបង្កើនស្មារតីនៃការគោរពច្បាប់ កាត់បន្ថយរថយន្តល្មើសច្បាប់ និងដឹកសំពីងសំពោងលើដងវិថីឱ្យកាន់តែមានប្រសិទ្ធភាព គឺទាមទារជាចាំបាញ់នូវប្រសិទ្ធភាព នៃការអនុវត្តន៍ច្បាប់របស់មន្ត្រីដែលជាអ្នកអនុវត្តន៍ច្បាប់៕
ដោយ៖ វ៉ាន់ សារាយ
រថយន្តដឹកសំពីងសំពោងនេះជារូបភាពករណីដទៃនោះទេ តែការដឹកនេះស្រដៀងគ្នាទៅនឹងរថយន្តដែលខ្ញុំបានជួបនៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០