(ភ្នំពេញ)៖ រដូវប្រាំងឆ្នាំមុន អ្នកភ្នំពេញទុក្ខធ្ងន់ព្រោះអត់ថាមពលអគ្គិសនីប្រើ។ ទុក្ខកង្វល់នេះមិនបានកើតមានទៀតឡើយសម្រាប់អ្នកភ្នំពេញនៅឆ្នាំនេះ ព្រោះបទពិសោធន៍ឆ្នាំមុនបានធ្វើឱ្យរាជរដ្ឋាភិបាល និងក្រសួងសាម៉ី ព្រមទាំងអាជ្ញាធរពាក់ព័ន្ធរួមគ្នាដាក់ចេញនូវដំណោះស្រាយ រួមមានការគ្រប់គ្រង និងប្រើប្រាស់ទឹកតាមវារីអគ្គិសនី ការដាក់ដំណើរការរោងចក្រផលិតថាមពលអគ្គិសនីថ្មីដើរដោយធ្យូងថ្ម ការទិញថាមពលបន្ថែមពីប្រទេសជិតខាង រួមទាំងការទិញម៉ាស៊ីនដើរដោយប្រេងខ្មៅជាដើម។
នៅឡើយតែបញ្ហាទឹកស្អាតសម្រាប់អ្នករាជធានីភ្នំពេញ ហាក់មិនទាន់ឆ្លើយតបនៅឡើយទេ។ រឿងដាច់ទឹកសម្រាប់អ្នករាជធានីភ្នំពេញ ជាពិសេសនៅតាមជាយៗរាជធានីភ្នំពេញ និងអ្នកនៅកណ្តាលរាជធានី ដែលមានផ្ទះនៅជាន់ខ្ពស់ៗ ប្រហែលមិនមែនទើបតែមាននៅរដូវប្រាំងឆ្នាំនេះ កើតមានច្រើនឆ្នាំមកហើយដែរ។ តែវិបត្តិនេះហាក់មិនទាន់មានការឆ្លើយតបប្រកបដោយមានប្រសិទ្ធភាពនៅឡើយ។
សម្រាប់អ្នកនៅជាយរាជធានីភ្នំពេញ ការពិបាកទាញយកទឹកប្រើប្រាស់នេះមិនមែនកើតមានក្នុងរដូវប្រាំងនោះទេ ក្នុងរដូវវស្សាក៏ជួបប្រទះដែរ។ តែក្នុងរដូវវស្សាពួកគេបានប្រើម៉ាស៊ីន (ម៉ូទ័រ) ជួយទាញទឹក ដូច្នេះអាចមានទឹកប្រើមិនជួបបញ្ហាប៉ុន្មាននោះទេ។ សម្រាប់រដូវប្រាំងវិញ ម៉ូទ័រទាញទឹកនេះ ក៏ជួយអត់បានដែរ ផ្ទះខ្លះម៉ូទ័រទាញរហូតឆេះក៏មិនអាចទាញទឹកមកដែរ។
នៅតំបន់ជាយរាជធានីភ្នំពេញ អ្នកចង់បានទឹកប្រើត្រូវដាក់ម៉ោងរ៉ូទិ៍ដាស់ក្នុងចន្លោះម៉ោង៣ ទៅម៉ោង៤ទៀបភ្លឺ ដើម្បីក្រោកត្រងទឹកដាក់ធុងទុកប្រើ។ បើហួសម៉ោងនេះ ច្បាស់ជាអត់ទឹកប្រើហើយ។
ការដាច់ទឹកមិនពិបាកដូចដាច់ភ្លើងទេ។ ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ បច្ចុប្បន្នការរស់នៅបែបទំនើបស៊ីវិល័យរាល់ឧបករណ៍ប្រើប្រាស់រាប់ចាប់ពីដាំទឹក ដាំបាយឡើងទៅ គឺសុទ្ធតែប្រើថាមពលអគ្គិសនីអស់ទៅហើយ។ ដូច្នេះបើដាច់អគ្គិសនីច្បាស់ជាជួបទុក្ខធំមិនខាន។
ដោយឡែកដាច់ទឹកវិញលំបាកដែរ តែមិនធ្ងន់ធ្ងរដូចដាច់អគ្គិសនីទេ។ ទុក្ខធំចំពោះការដាច់ទឹកនេះ គឺនៅពេលព្រឹកព្រលឹម ក្រោកពីដំណេកឡើងត្រូវបញ្ចេញចោលទាំងទ្វារតូច និងទ្វារធំ ដល់ពេលអត់ទឹកមិនដឹងថាត្រូវធ្វើយ៉ាងណាទេ។ ស្រេកទឹក ឃ្លានបាយ អាចពន្យារពេលបានខ្លះ តែតម្រូវការទ្វារតូច ទ្វារធំនេះ ពិបាកនឹងពន្យារណាស់។
បើតាមមន្ត្រីរដ្ឋាករទឹកបានឱ្យដឹងថា បញ្ហាក្នុងការផ្គត់ផ្គង់ទឹកនេះ មិនមែនកម្ពុជាជួបបញ្ហាខ្វះទឹក ដូចពេលខ្វះអគ្គិសនីកាលពីឆ្នាំទៅនោះទេ ព្រោះកម្ពុជាមានដងទន្លេមេគង្គរហូតដល់ទៅ ៥០០គីឡូម៉ែត្រ ដែលជាប្រភពផ្គត់ផ្គង់ទឹកមិនចេះរីងស្ងួត។ តែអ្វីដែលជាបញ្ហា គឺសមត្ថភាពរោងចក្រប្រព្រឹត្តកម្មផលិតទឹកស្អាតក្នុងរាជធានីភ្នំពេញ នៅមានកម្រិតឆ្លើយតបមិនទាន់ការកើនឡើងយ៉ាងគំហុកនូវចំនួនអ្នកប្រើប្រាស់ ក៏ដូចជាលំនៅឋានជាដើម។
បើទោះបីយ៉ាងណាប្រជាពលរដ្ឋដែលជួបការខ្វះខាតទឹកប្រើប្រាស់ក្នុងរាជធានីភ្នំពេញ សង្ឃឹមមុតមាំថា រាជរដ្ឋាភិបាលនឹងដាក់ចេញចំណាត់ការពិសេស ដូចការដោះស្រាយបញ្ហាខ្វះថាមពលអគ្គិសនី ដើម្បីដោះស្រាយវិបត្តិខ្វះទឹកប្រើប្រាស់ក្នុងរាជធានីភ្នំពេញ។
ជាពិសេសរំពឹងថា រាជរដ្ឋាភិបាល នឹងបញ្ចេញកញ្ចប់ថវិកា ដើម្បីបង្កើតរោងចក្រប្រព្រឹត្តកម្មទឹកស្អាតឱ្យបានកាន់តែច្រើនបង្កើនប្រសិទ្ធភាព ផ្គត់ផ្គង់ទឹកស្អាតក្នុងរាជធានីភ្នំពេញ៕
ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០
ប្រជាពលរដ្ឋនៅជាយរាជធានីភ្នំពេញ