(ប៉េកាំង)៖ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិន កាលពីថ្ងៃទី១០ ខែមីនា បានអញ្ជើញចុះទៅក្រុងវូហាន ខេត្តហ៊ូប៉ី ដែលជាសមរភូមិមុខ នៃការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ដោយបានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដើម្បីយកឈ្នះលើជំងឺឆ្លងនេះ។ មជ្ឈដ្ឋានមតិបានស្គាល់ជាទូទៅថា ដំណើរទស្សនកិច្ចរបស់លោកស៊ី ជីនភីង លើកនេះមានអត្ថន័យក្រៃលែង។
មុននេះអ្នកជំនាញនៃអង្គការសុខភាពពិភពលោកបានថ្លែងថា ការងារបង្ការនិងគ្រប់គ្រងជំងឺ COVID-19 នៃប្រទេសចិនជិតដល់ទីបញ្ចប់ហើយ។
នៅក្នុងរយៈពេលមិនដល់២ខែផង ប្រទេសចិនដែលជាប្រទេសមួយមានប្រជាជនច្រើនជាងគេបំផុត លើពិភពលោក បានទទួលជោគជ័យក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺឆ្លង។ ប្រជាជននៅលើពិភពលោក បានទទួលស្គាល់ជាទូទៅថា នេះជាលទ្ធផល នៃការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង រវាងមេដឹកនាំនិងប្រជាជនចិន។
លោក Ostrovsky នាយករង នៃវិទ្យាស្ថានស្រាវជ្រាវចុងបូព៌ា នៃបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ីបានថ្លែងថា នេះបានឆ្លុះបញ្ចាំងពីគោលការណ៍ របស់គណបក្សកុម្មុយនិស្តចិន ស្តីពីការតម្កល់អាយុជីវិត និងសុខភាពរបស់ប្រជាជនក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងជាភារកិច្ចចម្បង ក៏ដូចជាការលើកទឹកចិត្តដល់ប្រជាជនឱ្យបន្តខិតខំប្រឹងប្រែង ដើម្បីយកឈ្នះលើជំងឺឆ្លងនៅទីបំផុត។
លោក ស៊ី ជីនភីង បានបកស្រាយទស្សនៈគំនិតអភិបាលកិច្ចរបស់ខ្លួន ស្តីពី «ការតម្កល់អាយុជីវិតនិងសុខភាព របស់ប្រជាជនជាភារកិច្ចចម្បង» តាមរយៈសកម្មភាពជាក់ស្តែង ដូចជា ធ្វើជាមេបញ្ជាការ ដើម្បីបញ្ជាផ្ទាល់លើសមរភូមិ នៃការប្រយុទ្ធនឹងជំងឺ COVID-19 ព្រមទាំងចុះទៅសមរភូមិជួរមុខផ្ទាល់ ចំនួន៣លើក ដើម្បីសិក្សាស្វែងយល់ និងត្រួតពិនិត្យពីសភាពការណ៍បង្ការ និងគ្រប់គ្រងជំងឺជាដើម។
ក្នុងគ្រាដ៍សំខាន់ នៃការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 នាពេលបច្ចុប្បន្ននេះ មេដឹកនាំកំពូលរបស់ប្រទេសចិន បានអញ្ជើញចុះទៅ ទីក្រុងវូហាន ខេត្តហ៊ូប៉ី ដើម្បីសួរសុខទុក្ខប្រជាជននិងពិនិត្យការងារ។ លោកប្រធានទីភ្នាក់ងារកាសែត «Alwatan» របស់ប្រទេសអូម៉ង បានវាយតម្លៃចំពោះការនេះថា ការអញ្ជើញចុះទៅត្រួតពិនិត្យ ដោយផ្ទាល់របស់លោកប្រធានរដ្ឋចិន ស៊ី ជីនភីង នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ដែលជាកន្លែងផ្ទុះជំងឺឆ្លងដ៏ធ្ងន់ធ្ងរបំផុតរបស់ចិន បានឆ្លុះបញ្ចាំងឱ្យឃើញនូវមនោសញ្ចេតនា «តម្កល់ប្រជាជនជាសំខាន់» របស់មេដឹកនាំប្រទេសធំ។
នាពេលបច្ចុប្បន្ននេះ ជំងឺ COVID-19 កំពុងរីករាលដាលនៅទូទាំងពិភពលោក។ អង្គការសុខភាពពិភពលោក បានសម្តែងការព្រួយបារម្ភចំពោះប្រទេសមួយចំនួនដែលខ្វះការយកចិត្តទុកដាក់ និងការត្រៀមរៀបចំទប់ស្កាត់ជំងឺឆ្លងនេះ។ ជំងឺ COVID-19 លើកនេះ បានផ្តល់ឱកាសដល់ប្រទេសនីមួយៗ នៅលើពិភពលោកធ្វើការវាយតម្លៃ ចំពោះការទប់ទល់នឹងជំងឺឆ្លងរបស់ខ្លួន។
លោក Tedros ប្រធាននៃអង្គការសុខភាពពិភពលោកបានថ្លែងថា ពេលលោកធ្វើដំណើរទៅក្រុងប៉េកាំង ដើម្បីសិក្សាស្វែងយល់និងត្រួតពិនិត្យ ពីសភាពការណ៍នៃជំងឺឆ្លងនេះ លោកបានឃើញលោកប្រធានរដ្ឋចិន ស៊ី ជីនភីង ធ្វើការបញ្ជាដោយផ្ទាល់ លើការងារបង្ការនិងគ្រប់គ្រងជំងឺឆ្លង។ មេដឹកនាំចិន បានបង្ហាញឱ្យឃើញនូវកម្លាំងដឹកនាំ និងឆន្ទៈនយោបាយបែបនេះ គឺស្របតាមការអំពាវនាវរបស់អង្គការសុខភាពពិភពលោករហូតមក។
ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវូហាន របស់ លោក ស៊ី ជីនភីង លើកនេះ បានបង្ហាញម្តងទៀតនូវជំនឿចិត្ត ការប្តេជ្ញាចិត្ត និងសមត្ថភាពរបស់ប្រទេសចិនទៅកាន់ពិភពលោក។ រដូវផ្ការីកខិតជិតមកដល់ហើយៗ ជ័យជម្នះរបស់ប្រជាជនចិនលើសមរភូមិនៃជំងឺឆ្លងនេះ ក៏ខិតជិតមកដល់ដែរ៕