(ភ្នំពេញ)៖ មកដល់ពេលនេះយោងតាមទិន្នន័យពីអង្គការសុខភាពពិភពលោកបានបង្ហាញថា មានមនុស្សចំនួនជាង២៣ម៉ឺននាក់ហើយ ដែលឆ្លងវីរុសកូរ៉ូណាក្នុងនោះមានមនុស្សចំនួនជិត១០ម៉ឺននាក់ បានបាត់បង់ជីវិតដោយសារមេរោគនេះ។ ដោយឡែកប្រទេសកម្ពុជា យើងក៏មានអ្នកឆ្លងមេរោគនេះចំនួន៥១នាក់ផងដែរ មកដល់ថ្ងៃនេះ។ តួលេខនេះនឹងបន្តកើនឡើងបើសិនជាយើងទាំងអស់គ្នា មិនចូលរួមទប់ស្កាត់និងការពារមេរោគនេះទេ។
ខណៈពេលដែលរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍កំពុងតែខិតខំរកវិធានការ ដើម្បីទប់ស្កាត់ការរីករាលដាលរបស់វីរុសនេះ យើងគ្រប់រូបក៏មានតួនាទីយ៉ាងសំខាន់ផងដែរ ក្នុងការចូលរួមក្នុងប្រឹងប្រែងនេះ។
តាមរយៈបទពិសោធន៍ពីប្រទេសមួយចំនួនដូចជាហុងកុង តៃវ៉ាន់ និងសាំងហ្គាពួរបានបង្ហាញថា ការកាត់បន្ថយការចូលរួមសកម្មភាពសង្គមជាបណ្ដោះអាសន្ន ជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពក្នុងការទប់ស្កាត់ការរីករាលដាលរបស់វីរុសកូរ៉ូណានេះ។ នេះគឺពីព្រោះវីរុសនេះឆ្លងដោយសារការប្រាស្រ័យទាក់ទងគ្នា រវាងអ្នកជំងឺនិងអ្នកជា។ ហើយអ្នកដែលមានវីរុសអាចនឹងមិនចេញរោគសញ្ញាឲដឹងរហូតដល់ ១៤ថ្ងៃ ដូច្នេះក្នុងកំឡុងពេលនេះអ្នកមានវីរុសនេះ អាចចម្លងទៅអ្នកដទៃបានដោយមិនដឹងខ្លួន។
ដូច្នេះដើម្បីកាត់បន្ថយហានិភ័យ ដែលលោកអ្នកអាចឆ្លងឬចំលងវីរុសកូរ៉ូណានេះ ទៅអ្នកដទៃលោកអ្នកអាចអនុវត្តន៍សកម្មភាព ដូចខាងក្រោម៖
* ផ្អាកការថរៀបចំនិងចូលរួមកម្មវិធីផ្សេងៗដូចជាជប់លៀង ខួបកំណើត ឡើងផ្ទះនឹង ការជួបជុំមិត្តភក្កិផ្សេងៗ
* ផ្អាកការធ្វើដំណើរកំសាន្តក្រៅប្រទេស ឬទៅតំបនទេសចរណ៍់ដែលមានមនុស្សច្រើន
* កាត់បន្ថយការចេញពីផ្ទះឲ្យបានច្រើន ដែលអាចធ្វើទៅបាន
* ផ្លាស់ប្ដូរការស្វាគមន៍ និងគោរពពីការចាប់ដៃមកជាការសំពះគ្នាវិញ
* កាត់បន្ថយការប៉ះរបស់ផ្សេងៗ នៅទីសាធារណៈដូចជាបង្កាន់ដៃជណ្ដើរយន្ត, ដៃទ្វា, តុកៅអី ។ល។
* លាងដៃនឹងសាប៊ូ ឬអាកុលក្រោយពេលការប៉ះលុយឯកសារ និងរបស់សាធារណៈផ្សេងៗ
* ព្យាយាមកាត់បន្ថយការប៉ះមុខ មាត់ ភ្នែក និងច្រមុះមុនពេលលាងដៃ
* ពាក់ម៉ាសពេលសន្ទនាជាមួយអ្នកដទៃ ឬរក្សាចម្ងាយឲបាន ២ម៉ែត្រ ពីដៃគូសន្ទនា
* រក្សាសុជីវធម៌នៅខាងក្រៅតាមរយៈការខ្ទប់មាត់ និងច្រមុះពេលលោកអ្នកកណ្ដាស់ឬក្អក
* ប្រើពេលវេលាទំនេរនៅផ្ទះអានសៀវភៅ រៀនចំណេះដឹងថ្មីៗ online ហាត់ប្រាណដើម្បីសុខភាព ជជែកលេងជាមួយគ្រួសារ
* ជិះវាងការចែករំលែកព័ត៌មាន ដែលមិនពិតដែលអាចបណ្ដាលឱ្យមានការភាន់ច្រឡំ និងបង្កភាពវឹកវរដល់សង្គម។ សូមធ្វើការស្រាវជ្រាវបញ្ជាក់ពីប្រភព និងសុក្រឹតភាពព័ត៌មានជាមុនសិនមុន និងចែករំលែកក្នុងបណ្ដាញសង្គម
សូមមេត្តាគិតថាការផ្អាកការចូលរួមសកម្មភាពសង្គមនានា របស់មិត្តភក្កិ មិត្តរួមការងារឬក៏អ្នកជិតខាងរបស់លោកអ្នក នៅក្នុងកាលៈទេសៈនេះ មិនមែនជាការរើសអើង ស្អប់ខ្ពើមឬការចង់កាត់ផ្ដាច់មិត្តភាពនោះទេ តែគឺជាការចាំបាច់ដើម្បីថែរក្សាសុខភាពនិងអាយុជីវិតរបស់អ្នក ក្រុមគ្រួសានិងបងប្អូនរបស់លោកអ្នក។
ដោយ៖ លោក ហេង ភក្តី, ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ