(ភ្នំពេញ)៖ គ្រោះភ័យដែលបង្កឡើងដោយជំងឺឆ្លងកូវីដ១៩ កំពុងតែវាយលុកពិភពលោក ហើយរដ្ឋាភិបាល នៃបណ្តាប្រទេសទាំងអស់លើពិភពលោក ក្នុងនោះរួមទាំងរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងចាត់វិធានការ ដ៏ក្តៅគគុកប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លងនេះដោយមិនដកដៃឡើយ។ នៅក្នុងសារថ្លែងអំណរគុណចំពោះសប្បុរសជននានា ដែលផ្តល់ជំនួយមនុស្សធម៌ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា៖ «...រាជរដ្ឋាភិបាលនឹងខិតខំធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីសង្គ្រោះនិងការពារជីវិតរបស់ប្រជាជនកម្ពុជានៃយើង»។ សារនេះពិតជាផ្តល់ភាពកក់ក្តៅកាន់តែខ្លាំងចំពោះប្រជាពលរដ្ឋកម្ពុជា រួមនឹងជនបរទេស ដែលកំពុងរស់នៅនិងប្រកបរបរនៅក្នុងប្រទេស ហើយកំពុងចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
សារនេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំចំពោះពលរដ្ឋរបស់ខ្លួន គឺប្រៀបបាននឹងការយកចិត្តទុកដាក់របស់ឪពុកម្តាយចំពោះកូនៗ ការផ្តល់សេចក្តីស្រឡាញ់ និងការយកអាសារ ការជួយគ្នានៅក្នុងគ្រាមានគ្រោះអាសន្នរបស់ញាតិមិត្ត។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា ជំងឺកូវីដ ១៩ គឺជាជំងឺដែលអាចគ្រប់គ្រងបាន ប៉ុន្តែអ្វីដែលជាក្តីព្រួយបារម្ភគឺ «ជំងឺភ័យខ្លាច» ដែលកើតចេញពីជំងឺនេះ។
ក្នុងនាមជាប្រមុខដឹកនាំប្រទេសប្រកបដោយការទទួលខុសត្រូវ និងមានចក្ខុវិស័យវែងឆ្ងាយសម្តេចតេជោ ហ៊ុន សែន បានដាក់ចុះវិធានការទប់ស្កាត់ផលប៉ះពាល់ដែល កើតចេញពីការរីករាលដាលនៃជំងឺនេះទាំងរយៈពេលខ្លី មធ្យម និងវែងរួចរាល់ហើយ និងថែមទាំងបានចាត់វិធានការគ្រប់ជ្រុងជ្រោយក្នុងការជួយ អន្តរាគមន៍សង្គ្រោះ គ្រប់គ្រង និងព្យាបាលពលរដ្ឋដែលបានឆ្លងជំងឺកូវីដ ១៩។ ទោះបីជាអ្នកជំងឺមួយចំនួនបានជាសះស្បើយ និងពលរដ្ឋខ្មែរនិងបរទេសមួយចំនួនដែលស្ថិតនៅក្នុងការដាក់តាមដានត្រូវបានធ្វើតេស្តថា អវិជ្ជមាន ប៉ុន្តែវិធានការចំពោះមុខដែលដាក់ចុះ ដោយរាជរដ្ឋាភិបាលកម្ពុជាមិនបានថមថយឡើយ នៅក្នុងស្មារតីត្រៀមបង្ការគ្រប់ពេលវេលា។
រដ្ឋបាលខេត្តរាជធានីទូទាំងប្រទេស បានរៀបចំរួចជាស្រេចនូវទីតាំង រួមមានទាំងមន្ទីរពេទ្យ សាលារៀន សណ្ឋាគារ ផ្ទះសំណាក់ជាដើមសម្រាប់ទទួលអ្នកជំងឺឆ្លងវីរ៉ុសកូវីដ ដើម្បីតាមដាន និងព្យាបាលស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចតេជោ។ ជាមួយគ្នានេះ នៅទូទាំងប្រទេសកម្ពុជា អាជ្ញាធរពាក់ព័ន្ធចាប់ផ្តើមធ្វើយុទ្ធនាការផ្សព្វផ្សាយអប់រំអំពីជំងឺឆ្លងកូវីដ ១៩ និងវិធានការការពារប្រឆាំងនឹងវីរ៉ុសនេះដោយចាក់ឧឃ្ឃោសនស័ព្ទ ចុះជួបពលរដ្ឋដោយផ្ទាល់។ ខិត្តបណ្ណនិងប៉ាណូអំពីការអប់រំ និងវិធីសាស្ត្រទប់ស្កាត់ ការពារខ្លួនពីវីរ៉ុសកូវីដ ១៩ ក៏បានបិតនិងផ្សព្វផ្សាយយ៉ាងទូលំទូលាយរួមនឹងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងអស់បានចូលរួមយ៉ាងផុសផុលផ្សព្វផ្សាយសារអប់រំទាំងនេះ។
ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ចលនាប្រឆាំងនឹងជំងឺឆ្លងបង្កឡើងដោយវីរ៉ុសកូវីដ១៩នេះបានកក្រើកឡើងនៅទូទាំងប្រទេសកម្ពុជា។ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានបានចូលរួមអនុវត្តវិធានការ អនាម័យដោយបានលាងសម្អាតដៃញឹកញាប់ ពាក់ម៉ាស់នៅកន្លែងចាំបាច់ ព្រមទាំងគារវៈគ្នាទៅវិញទៅមកដោយ ប្រើវិធីសំពះតាមប្រពៃណីខ្មែរ។ ប្រជាពលរដ្ឋ បានគិតគូរពីសុខភាពជាសំខាន់ និងគោរពប្រតិបត្តិតាមការណែនាំរបស់ក្រុមគ្រូពេទ្យ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍គូសបញ្ជាក់ថា៖ «នៅពេលនេះសុខភាពគឺសំខាន់បំផុតសម្រាប់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ សូមបងប្អូនប្រជាពលរដ្ឋកុំភ័យខ្លាចជំងឺកូវីដ ១៩ ជ្រុលខ្លាំងពេក»។ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ពលរដ្ឋទូទាំងប្រទេសត្រូវមានអនាម័យហើយត្រូវចូលរួមទប់ស្កាត់ព័ត៌មានមិនពិត ដែលបំពុលសង្គមជាតិ។ រាជរដ្ឋាភិបាលកម្ពុជាសហការជាមួយពិភពលោក ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ ១៩ ដ៏កាចសាហាវនេះ ហើយក្រសួងសុខាភិបាលកំពុងសហការយ៉ាងជិតស្និទ្ធជាមួយដៃគូទាំងអស់ក្នុងការព្យាបាលនិងទប់ស្កាត់ជំងឺឆ្លងកូវីដ ១៩។
រហូតមកទល់នឹងម៉ោង២១៖៣០នាទីយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២០ កម្ពុជាមានករណីជំងឹឆ្លងកូវីដ១៩ ចំនួន៩១ករណីដែលភាគច្រើនលើសលុប គឺជាករណីដែលនាំចូល ចំណែកអ្នកជាសះស្បើយសម្រាប់ថ្ងៃទី២៤ ខែមីនានេះមាន៤នាក់បន្ថែមទៀត (សរុប៦នាក់)។ រហូតមកទល់នឹងពេលនេះមិនទាន់មាន ការចម្លងជំងឺកូវីដ នៅក្នុងសហគមន៍មូលដ្ឋានរបស់ប្រជាពលរដ្ឋឡើយ។ ការបន្តថែរក្សាការពារ និងបង្ការកុំឱ្យមានការចម្លងវីរ៉ុសកូវីដ១៩ នៅក្នុងសហគមន៍ គឺជាការងារចាំបាច់បំផុត ហើយការចូលរួមពីប្រជាសហគមន៍មូលដ្ឋាន គឺមានសារៈសំខាន់បំផុតមិនអាចខ្វះបានឡើយ។ ការពារខ្លួនអ្នកនិងអ្នកដទៃពីការជំងឺឆ្លងកូវីដ ១៩ គឺ១) ត្រូវលាងសម្អាតដៃរបស់អ្នកឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកលាងដៃ ២) ក្អក ឬក្រដាសត្រូវខ្ទប់មាត់និងច្រមុះជាមួយក្រដាសស្អាត ៣) ត្រូវស្នាក់នៅផ្ទះប្រសិនបើមិនមានភាពចាំ បាច់ត្រូវតៅទីប្រជុំជន ៤) ត្រូវពាក់ម៉ាស់ការពារនៅពេលអ្នកឈឺ ឬនៅកន្លែងចាំបាច់មួយចំនួន ៥) រក្សាភាពស្ងៀមស្ងាត់តាមដានព័ត៌មានដែលមានភាពច្បាស់លាស់ និងមានប្រភពផ្លូវការ ជៀសវាងស្លន់ស្លោរ ឬចលាចលដោយគ្មានមូលហេតុ។ តាមរយៈវិធានការដែលរាជរដ្ឋាភិបាលដាក់ចុះនេះបានធ្វើឱ្យប្រជាពលរដ្ឋ មានជំនឿទុកចិត្ត និងបានចូលរួមដោយស្ម័គ្រចិត្តក្នុងការការពារនិងបង្ការជំងឺនេះ។
ជាមួយគ្នាននេះ ប្រជាពលរដ្ឋកម្ពុជាសូមអរគុណចំពោះក្រុមគ្រូពេទ្យកម្ពុជា ដែលបានលះបង់សព្វបែបយ៉ាង ដើម្បីសុខុមាលភាពប្រជាពលរដ្ឋគ្រប់ជាតិសាសន៍។ ប្រជាពលរដ្ឋខ្មែរពិតជាចងចាំជានិច្ចនូវវីរភាពរបស់ក្រុមគ្រូពេទ្យទាំងអស់ដែលលះបង់សព្វបែបយ៉ាងដើម្បីសេចក្តីសុខប្រជាពលរដ្ឋខ្មែរ។ ដើម្បីការពារសុខភាពពលរដ្ឋទប់ស្កាត់នឹងការឆ្លងវីរ៉ុសកូវីដ ១៩ ក្រុមគ្រូពេទ្យកម្ពុជាបានលះបង់កម្លាំងកាយ កម្លាំងចិត្ត កម្លាំងបញ្ញាដោយគ្មានខ្លាចនឿយហត់ឡើយ ហើយសូមគោរពចំពោះវីរភាពដ៏អង់អាចក្លាហានរបស់ក្រុមគ្រូពេទ្យកម្ពុជាដែលជម្នះគ្រប់ឧសគ្គ ដើម្បីភាពសុខសាន្តរបស់ពលរដ្ឋខ្មែរ។ នៅគ្រប់កាលៈទេសៈទាំងអស់ ក្រុមគ្រូពេទ្យនៅជិតជាប់ប្រជាពលរដ្ឋជានិច្ច! មិនថាក្នុងកាលៈទេសៈលំបាកយ៉ាងណា ក្រុមគ្រូពេទ្យនៅជាប់ជានិច្ចជាមួយប្រជាពលរដ្ឋដើម្បីផ្តល់នូវទំនុកចិត្តសុខភាព។ អ្នកជំងឺច្រើនរូបមានសុខភាបល្អក្រោម ការព្យាបាលរបស់ក្រុមគ្រូពេទ្យកម្ពុជា។ នេះក៏បានបង្ហាញពីជំនាញ និងការទទួលខុសត្រូវរបស់ក្រុមគ្រូពេទ្យកម្ពុជា ក្នុងកាលៈទេសៈដ៏លំបាកនេះ។ ជាមួយគ្នានេះ ការជួយពីក្រុមគ្រូពេទ្យចិនដល់ក្រុមគ្រូពេទ្យកម្ពុជាពិតជានឹងធ្វើឱ្យការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩នេះកាន់តែមានប្រសិទ្ធភាព និងឆាប់រហ័សគ្រប់គ្រងបានថែមទៀត។
នេះគឺជាសាមគ្គីភាពក្នុងចំណោមប្រជាពលរដ្ឋខ្មែរទាំងអស់ ហើយសាមគ្គីភាពនេះបានកើតឡើងក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាមជ្ឈមណ្ឌលសាមគ្គីជាតិ និងគុណធម៌ ក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រខ្មែរ ព្រះករុណាសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ កម្ពុជាតាមរយៈស កម្មភាពប្រកបដោយមនុស្សធម៌ដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការជួយសង្គ្រោះនាវាវើស្ទ័រដាំ ឱ្យចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានបង្ហាញដល់ពិភពលោកទាងមូលថា កម្ពុជាជាប្រទេសតូចពិត ប៉ុន្តែមានចិត្តទូលាយ ដែលគុណធម៌នេះត្រូវបានចារក្នុងក្រអៅបេះដូងនៃមនុស្សជាតិទាំងមូលនៅ សតវត្សរ៍ទី២១ ក្នុងវិបត្តិកូវីដ១៩ វិបត្តិសុខភាពពិភពលោកនេះ។ នៅពេលនេះរាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការចាំបាច់នានា ដើម្បីការពារជីវិតរបស់ប្រជាពលរដ្ឋខ្លួន។
ការយកចិត្តទុកដាក់នេះរាប់ចាប់តាំងពីមូលដ្ឋានឡើងមក ជាពិសេសជាមួយបងប្អូនប្រជាពលករដែលបានចាកចេញពីប្រទេសថៃមកកាន់កម្ពុជា វិញដោយបានប្រមូលកម្លាំងសរុបមធ្យោបាយសរុបដើម្បីគ្រប់គ្រង បង្ការមិនឱ្យមានការផ្ទុះការចម្លងនៅក្នុងសហគមន៍។ នេះបង្ហាញយ៉ាងច្បាស់ពីរាជរដ្ឋាភិបាលដែលបានកើតឡើងដោយការបោះឆ្នោតគាំទ្រដោយប្រជាជន ដែលចាំបាច់ត្រូវបម្រើប្រជាជន និងចាត់ទុកទុក្ខសោករបស់ប្រជាជនគឺជាទុក្ខសោករបស់ខ្លួនដែលចាំបាច់ ទោះក្នុងតម្លៃណាក៏ដោយក៏ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ត្រូវធ្វើដើម្បីការ ពារឱ្យបាននូវសុខុមាលភាពប្រជាពលរដ្ឋ៕
ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ រាត្រីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០