(ភ្នំពេញ)៖ ក្នុងចំណោមរដ្ឋមន្ត្រីថ្មី៤រូប ដែលទើបត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត និងត្រូវបានព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចេញព្រះរាជក្រឹត្យតែងតាំងជាសមាជិក រាជរដ្ឋាភិបាលអាណត្តិទី៦ គឺលោក កើត រិទ្ធ ត្រូវបានសាធារណៈមតិជាតិ និងអន្តរជាតិ មើលឃើញថា គឺជារដ្ឋមន្ត្រីវ័យក្មេងមួយរូបថ្មីទៀត ដែលចូលកាន់តំណែងនៅពេលនេះក្រោយសម្តេចតេជោ ហ៊ុន សែន បានកែសម្រួលសមាសភាពគណៈរដ្ឋមន្ត្រីរបស់ខ្លួន ដើម្បីពង្រឹងប្រសិទ្ធភាពការងារឱ្យកាន់តែខ្លាំង និងពន្លឿនដំណើរការកំណែទម្រង់របស់ជាតិ ហើយក្នុងនោះវិស័យុត្តិធម៌ គឺជាអាទិភាពមួយ។
នៅអាណត្តិទី៥ កន្លងទៅ រដ្ឋមន្ត្រីវ័យក្មេងជាងគេដែលជាយុវជន គឺលោក សាយ សំអាល់ ត្រូវបានតែងតាំងជា រដ្ឋមន្ត្រីក្រសួងបរិស្ថានហើយបាន និងកំពុងបន្តដឹកនាំក្រសួងនេះ សម្រាប់អាណត្តិទី៦នេះទៀត។ ពេលនេះលោក កើត រិទ្ធ បានស្ថិតក្នុងបញ្ជីរដ្ឋមន្ត្រីវ័យក្មេងជាមួយលោក សាយ សំអាល់ ក្នុងចំណោមសមា ជិករាជរដ្ឋាភិបាលកម្ពុជា។ ក្រៅពីនេះយុវជនជាច្រើនទៀតបាន និងកំពុងចូលរួមយ៉ាងសកម្មបម្រើជាតិមាតុភូមិ និងប្រជាជនកម្ពុជាទាំងនៅក្នុងស្ថាប័នរាជរដ្ឋាភិបាល ស្ថាប័ននីតិប្បញ្ញតិ រួមក្នុងកងយោធពល ខេមភូមិន្ទផងដែរ។
វត្តមានយុវជនទាំងអស់នេះគឺជាការបញ្ចូលឈាមថ្មី ចូលក្នុងចង្កោមនៃថ្នាក់ដឹកនាំរបស់ប្រទេសជាតិ និងជាកម្លាំងបន្តវេនដើម្បីថែរក្សាសុខសន្តិភាព ស្ថិរភាពនិងធានារក្សាឱ្យបានការអភិវឌ្ឍ រីកចម្រើនរបស់ប្រទេសជាតិ។ ឈាមថ្មីនេះបាននិងកំពុងធ្វើឱ្យមានប្រទេសជាតិកាន់តែមានភាពរឹងមាំ សកម្មនិង ប្រកបដោយថាមពលខ្ពស់។ កម្ពុជាអាចងើបឈររឹងមាំរហូតមកទល់នឹងពេលនេះ គឺអាស្រ័យលើកម្លាំង សាមគ្គីភាពរបស់យុវជនរបស់គណបក្សប្រជាជនកម្ពុជាសម័យមុន ដែលបានយកជីវិតធ្វើជាដើមទុន រំដោះប្រទេសជាតិ និងសង្គ្រោះជីវិតប្រជា ជនកម្ពុជាចេញពីរបបខ្មែរក្រហម។ គំរូវីរភាព និងការលះបង់ខ្ពស់នេះនៅតែដិតដាមជាប់ជានិច្ច នៅក្នុងក្រអៅបេះដូងយុវជន និងបានបង្ហាញនូវមេរៀនបទពិ សោធជាច្រើន ដល់យុវជនកម្ពុជាដែលមានចំនួន ប្រមាណជាង៦០% នៃប្រជាជនខ្មែរសរុប ដើម្បីពួកគេយកទៅបន្តអនុវត្តការកសាងជាតិ និងបម្រើប្រជាជន។
ម្យ៉ាងទៀត គណបក្សប្រជាជនកម្ពុជាដែល មានភាពរឹងមាំកាន់តែខ្លាំងនិងទទួលបានទំនុកចិត្តកាន់តែខ្ពស់ពីប្រជាពលរដ្ឋក៏មួយផ្នែកដោយសារតែ ថ្នាក់ដឹកនាំមានសិល្បៈដឹកនាំប្រកបដោយទេពកោសល្យខ្ពស់ និងបានឱ្យតម្លៃទៅលើបញ្ញាវ័ន្ត អ្នកចេះ ដឹងស្មោះត្រង់និងលះបង់ បម្រើផលប្រយោជន៍ជាតិនិងប្រជាពលរដ្ឋដោយមិនខ្លាចនឿយហត់។
តាំងតែពីដើមរៀងមក ទន្ទឹមនឹងជ្រោងទង់សាមគ្គីជាតិ គណបក្សប្រជាជនកម្ពុជាជ្រោងទង់ឱ្យ តម្លៃលើបញ្ញាវន្ត អ្នកចេះដឹង មានសមត្ថភាព និងទេពកោសល្យ និងបានប្រមូលផ្តុំនូវបញ្ញាវន្តពីគ្រប់ម ជ្ឈដ្ឋានទាំងអស់ ដោយមិនប្រកាន់និន្នាការនយោបាយឱ្យចូលរួមកសាង និងបម្រើជាតិនិងប្រជាជន។ នេះគឺជាគុណាធិបតេយ្យរបស់គណបក្សប្រជាជនកម្ពុជាដែលបង្កើតដោយប្រជាជន សម្រាប់ប្រជាជន និងដើម្បីប្រជាជន។
ការផ្តល់ឱកាសដល់យុវជនដែលមានសមត្ថភាព និងទេពកោសល្យចូលបម្រើជាតិ ជាពិសេសការបញ្ចូលធនធានមនុស្សជាយុវជននៅក្នុងជួរថ្នាក់ដឹកនាំជាតិ ក្រោមទិសស្លោក«រក្សាចាស់ បង្កើនថ្មី»គឺជាការគិតគូរប្រកបដោយគតិបណ្ឌិតរបស់ថ្នាក់ដឹកនាំជាតិព្រោះចាំបាច់ណាស់ការបន្ថែមកម្លាំង គឺជាកត្តាសំខាន់ ដើម្បីថែរក្សាស្ថិរភាព និងដំណើរការជាប្រក្រតីរបស់ជាតិ ហើយក៏ជាការបណ្តុះបណ្តាលនិង បង្ហាត់បង្រៀនដល់យុវជនដែលត្រូវបន្តវេនដឹកនាំប្រទេសជាតិ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានកំណត់អាទិភាព៤ ក្នុងការអភិវឌ្ឍប្រទេសជាតិតាំងពីទសវត្សរ៍ឆ្នាំ១៩៨០ គឺមនុស្ស ទឹក ភ្លើង និងផ្លូវ។ បច្ចុប្បន្ននេះ កម្ពុជាដែលចេញពីប្រទេសមួយដែលមានអ្នកចេះដឹងមាន ចំនួនតិចតួចដែលរស់រានមានជីវិតពីការកាប់សម្លាប់របស់ខ្មែរក្រហម ឈានដល់ប្រទេសដែលសម្បូណ៌ ដោយធនធានមនុស្ស និងជាកម្លាំងសកម្មរបស់ជាតិ។
ការតែងតាំងយុវជនដូចជាលោក សាយ សំអាល់ និងលោក កើត រិទ្ធ ចូលក្នុងរាជរដ្ឋាភិបាលកម្ពុជា និងធនធានមនុស្សជាយុវជនជាច្រើនទៀតទៅក្នុងស្ថាប័នផ្សេងទៀត គឺជាការចាក់ឈាមថ្មី ចូលទៅក្នុង ជួរថ្នាក់ដឹកនាំជាតិ ដែលរួមជាមួយនឹងថ្នាក់ដឹកនាំផ្សេងទៀត ដើម្បីបម្រើជាតិនិងប្រជាជនកម្ពុជា។
ឈាមថ្មីនេះគឺជាឈាមដែលពោរពេញដោយសមត្ថភាពខ្ពស់ ជាឈាមដែលកើត ចេញពីការ ខិតខំប្រឹង ប្រែងតស៊ូរៀនសួត្រ ជាឈាមដែលពោរពេញដោយការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបម្រើជាតិ និងប្រជាជន ជាឈាមដែលពោរពេញដោយសាមគ្គីភាព និងការប្តូរផ្តាច់ និងជាឈាមគំរូ សម្រាប់យុវជនផ្សេងៗ ទៀត និងជាឈាមដែលប្រកបដោយជំនឿទុកចិត្ត ដែលជាផ្លែផ្លាកើតចេញមកពីការខិតខំប្រឹងប្រែង របស់យុវជនជំនាន់មុនដើម្បីបន្តការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ ប្រទេសជាតិ៕
ដោយ៖ ចៅចាក់ស្មុក
ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០