(ភ្នំពេញ)៖ ផ្តើមចេញពីព្រះរាជកាយវិកាគំរូរបស់ព្រះមហាក្សត្រនិងសម្តេចព្រះវររាជមាតាជាតិខ្មែរក្នុងការបរិច្ចាគព្រះរាជទ្រព្យ ចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ និងបន្តដោយភាពជាអ្នកដឹកនាំប្រទេសគំរូរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានស្ម័គ្រចិត្តបរិច្ចាគប្រាក់បៀវត្សរ៍ផ្ទាល់ខ្លួនចំនួន ៧ខែ ជូនដល់គណៈកម្មាធិការជាតិប្រឆាំងនឹងជំងឺកូវីដ ១៩ ចលនា នៃការចែករំលែកនិងជួយគ្នាក្នុងគ្រាអាសន្ននេះបានរីកសាយ ភាយគ្រប់ទិសទី ហើយថ្នាក់ដឹកនាំកំពូលៗរបស់ប្រទេសរួមទាំងមន្ត្រីរាជការក្រោមឱវាទទាំងស្ថាប័នរាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ស្ថាប័នតុលាការ និងកងយោធពលខេមរភូមិន្ទបានបង្ហាញការគាំទ្រនិងសមានចិត្តចូលរួមចែករំលែកនូវប្រាក់បៀវត្សរ៍របស់ខ្លួនចូលរួមប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ ១៩។
លិខិតប្រកាសបរិច្ចាគប្រាក់បៀវត្សរ៍របស់ខ្លួន ខ្លះបរិច្ចាគទាំងស្រុង និងខ្លះមួយផ្នែកតាមលទ្ធភាពបានធ្លាក់មកជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី២ ខែមេសា មកដែលធ្វើឱ្យ ពលរដ្ឋខ្មែរទូទាំងប្រទេសមានការរំភើបចិត្តឥតឧបមា ដោយបានឃើញកាយវិកាសប្បុរសរបស់ថ្នាក់ដឹកនាំមន្ត្រីរាជការ ហ៊ានលះបង់ដោយស្ម័គ្រចិត្តចែករំលែកធនធានប្រាក់បៀវត្សរ៍ខ្លួនដើម្បីប្រើប្រាស់ចាត់ចែងដើម្បីបុព្វហេតុសុខុមាលភាពរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។
ចលនានៃការស្ម័គ្រចិត្តចែករំលែកប្រាក់បៀវត្សរ៍របស់មន្ត្រី រាជការនេះបានដើរទន្ទឹមគ្នានឹងការចូលរួមយ៉ាងសស្រាក់សស្រាំរបស់សាធារណជនដែលបានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ដែលរហូតមកទល់ពេលនេះជំងឺដ៏កាចសាហាវនេះបានចម្លងដល់មនុស្សជាង ១,១ លាននាក់ ហើយ បង្កឱ្យស្លាប់មនុស្សជាង ៦,៤ ម៉ឺននាក់ហើយរហូតមកដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ ២០២០ នេះ។ ជំងឺនេះបានរីករាលដាលនៅលើប្រទេសទាំងអស់លើពិភពលោក ហើយបរទេសដែលរងគ្រោះខ្លាំងជាងគេគឺមានសហរដ្ឋអាមេរិកដែលមានអ្នកឆ្លងជំងឺនេះច្រើនជាងគេ ហើយប្រទេសអ៊ីតាលីមានមនុស្សស្លាប់ដោយជំងឺកូវីដច្រើនជាងគេ បន្តដោយប្រទេសបារាំង អេស្បាញ អាល្លឺម៉ង់។
អង្គការសុខភាពពិភពលោក បាន ហៅវីរ៉ុសកូវីដ ១៩ នេះថាជា «សត្រូវមនុស្សជាតិ» ដែលចាំបាច់ពិភពលោកទាំងមូលត្រូវរួមសាមគ្គីគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺដែលបង្កឡើងដោយវីរ៉ុសកូវីដ ១៩ នេះ។
សម្រាប់កម្ពុជា រាជរដ្ឋាភិបាលបានដាក់ចុះនូវកញ្ចប់វិធានការចាំបាច់នានាដើម្បីទប់ស្កាត់ និងបង្ការការផ្ទុះរីករាលដាលជំងឺកូវីដ ហើយពលរដ្ឋខ្មែរក៏បានចូលរួមអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការស្របតាមការណែនាំរបស់អាជ្ញាធរសុខាភិបាល។ រហូតមកទល់ពេលនេះមិនទាន់មានការចម្លងជំងឺកូវីដ ១៩ ក្នុងសហគមន៍នៅឡើយ ហើយភាគច្រើនជាករណីនាំចូល។
តាមពិត រាជរដ្ឋាភិបាលកម្ពុជាមានថវិកាដើម្បីត្រៀមដោះ ស្រាយបញ្ហាចំពោះមុខរួចទៅហើយ ប៉ុន្តែការបរិច្ចាគទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់វិស័យឯកជន និងការបរិច្ចាគប្រាក់បៀវត្សរ៍របស់មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ជូនគណៈកម្មាធិ ការជាតិប្រយុទ្ធនឹងជំងឺកូវីដ ១៩ នៅពេលនេះកើតចេញពីឆន្ទៈដ៏ស្មោះស្ម័គ្រ សមានចិត្តដ៏ស្មោះស និងជាការចូលរួមជាកម្លាំងមហាសាមគ្គីគ្រួសារខ្មែរប្រកៀកស្មាជាមួយរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការប្រយុទ្ធនឹងបីសាចឥតស្រមោលកូវីដ ១៩។
ក្នុងវិធានការ ប្រយុទ្ធនឹងជំងឺឆ្លងកូវីដ ១៩ ដែលមិនដឹងថានៅពេលណាទើបបញ្ចប់ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ ១៩ បានចេញបញ្ជាឱ្យមានការទិញម៉ាស់ស្តុករហូតដល់ជាង ១០ លានម៉ាស់ អាកុល ១ លានលីត្រ និងសម្លៀកបំពាក់ការពារ ម៉ាស់ការពារសម្រាប់ក្រុមគ្រូពេទ្យជាច្រើនម៉ឺនសម្រាប់។ ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលបានសម្រេចដាក់វិធានការមួយ ចំនួនដើម្បីរក្សាសន្តិសុខស្បៀងសម្រាប់ប្រជាជនកម្ពុជា គឺ ហាមមិនឱ្យនាំចេញអង្ករសដែលប្រជាពលរដ្ឋប្រើប្រាស់ទៅ បរទេស ការហាមនាំត្រីចេញទៅក្រៅប្រទេស ការរឹតបន្តឹងការធ្វើដំណើររបស់ជនបរទេសមកកម្ពុជាជាដើម។
សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្កើនការដាំដំណាំកសិកម្ម ពង្រឹងការផលិតផលិតផលក្នុងស្រុក និងការបង្កើតក្រុមការងារចំពោះកិច្ចដើម្បីគ្រប់គ្រងលើតម្លៃទំនិញមួយចំនួនក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩។
ជាមួយគ្នានេះ ដើម្បីការពារសុខុមាលភាពប្រជាពលរដ្ឋខ្មែរ និងគ្រប់គ្រងការផ្ទុះការឆ្លងរីករាលដាលជាយថាហេតុនូវជំងឺកូវីដ ១៩ នេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្តួចផ្តើមរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្នដែលរំពឹងថាស្ថាប័ននីតិប្បញ្ញតិនឹងពិនិត្យអនុម័តនៅសបា្តហ៍ក្រោយនេះ។
ទោះជាស្ថានភាពពេលនេះ កម្ពុជាមិនទាន់ឈានដល់ការប្រកាសដាក់ប្រទេសក្នុងភាពអាសន្នដូចបណ្តាប្រទេសមួយចំនួនបានធ្វើក្នុងការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ ១៩ ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាត្រូវមានច្បាប់នេះនៅក្នុងដៃ។
នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ស្ថានភាព នៃការប្រឆាំងកូវីដ ១៩ នៅកម្ពុជាមានភាពវិជ្ជមានខ្លាំង ខណៈអ្នកជាសះស្បើយមានចំនួនច្រើន និងមិនមានអ្នកឆ្លងច្រើនឡើយហើយជាក់ស្តែងនៅថ្ងៃទី៥ ខែមេសា ឆ្នាំ ២០២០ នេះ មិនមានអ្នកឆ្លងវីរ៉ុសកូវីដថ្មីនៅកម្ពុជាឡើយ។ ការគ្រប់គ្រងមិនឱ្យមានការរីករាលដាលនៃជំងឺកូវីដបាននេះដោយសារតែ វិធានការម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ការអប់រំផ្សព្វផ្សាយអំពី វិធានការការពារខ្លួនពីការឆ្លងវីរ៉ុសកូវីដ ១៩ បានទូលំទូលាយ ដោយមានការចូលរួមពីគ្រប់ភាគីទាំងអស់។ អ្វីដែលសំខាន់ជាងនេះ គឺប្រជាពលរដ្ឋទាំងអស់បានចូលរួមធ្វើអនាម័យដោយលាងដៃជាមួយសាប៊ូ និងអាកុលញឹកញាប់ ពាក់ម៉ាស់ការពារ នៅកន្លែងចាំបាច់ ការនៅផ្ទះដោយមិនចេញដើររហេតរហូត បើមិនចាំបាច់ និងមិនមានការជួបជុំដែល មានមនុស្សច្រើន។ ក្រុមការងារផ្សេងៗបានចុះទៅផ្សព្វផ្សាយដល់ផ្ទះប្រជាពលរដ្ឋ និងបានចែកម៉ាស់ ក្រម៉ាសម្រាប់ពួកគាត់ប្រើប្រាស់ផងបន្ថែមផងដែរ។
សមានចិត្តជួយគ្នាក្នុងគ្រាមានអាសន្ន និងការសាមគ្គីភាពក្នុង ចំណោមប្រជាជនកម្ពុជានេះត្រូវបានសាទរពីប្រជាពលរដ្ឋ ទូទៅ។ សាមគ្គីភាពនេះគឺមានតម្លៃដ៏ធំធេងណាស់នៅក្នុងពេលវេលាដ៏លំបាកនេះ ហើយសមានចិត្ត និងសកម្មភាព មនុស្សធម៌នេះនឹងត្រូវបានចងចាំសម្រាប់ពលរដ្ឋខ្មែរទាំងមូល។ មិនតែប៉ុណ្ណោះសមានចិត្ត និងគុណធម៌របស់កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានពិភពលោកទាំងមូលទទួលស្គាល់ និងគោរពបំផុត ក្នុងសកម្មភាពប្រយុទ្ធឆាំនឹងកូវីដ ១៩ ក្នុងនោះការជួយសង្គ្រោះ នាវាវេស្ទើដាំដែលត្រូវបានកោះចំនួន ២ និងប្រទេសចំនួន ៤ បដិសេធមិនឱ្យចូលចតដោយសារតែរើសអើងថាមានជំងឺកូវីដ ១៩ ការបង្ហាញពីសមានចិត្តមិត្តល្អក្នុងគ្រាលំបាកជាមួយមិត្តចិន និងជួយព្យាបាលអ្នកជំងឺកូវីដនៅកម្ពុជា ហើយរហូតដល់គេទទួលស្គាល់ថា «កម្ពុជាតូចពិត តែបេះដូងទូលាយ ប្រកបដោយគុណធម៌»។ សមានចិត្តនិងគុណធម៌ ទាំងនេះត្រូវបានឆ្លាក់ជាប់ក្នុងក្រអៅបេះដូងនៃពលរដ្ឋខ្មែរ និងពិភពលោកហើយពាក្យពេចន៍ល្អៗមួយចំនួនត្រូវបានរំលេចឡើងតាមរយៈពាក្យពេចន៍ប្រកបដោយខ្លឹមសារដ៏មានអត្ថន័យដូចជា «អ្វីដែលមាតាបិតាខ្លាចបំផុត គឺការដែលកូនៗមិនចេះជួយគ្នា! សូមចែករំលែកដើម្បីសេចក្តីសុខទាំងអស់គ្នា! គ្មានអ្វីថ្លៃថ្លាជាងការជួយគ្នាក្នុងគ្រាមានអាសន្នទេ! គេអាចមើលឃើញនូវតម្លៃមនុស្ស តាមរយៈការជួយគ្នាទៅវិញទៅមក»។
សូមស្មារតីសាមគ្គីជាតិនេះនៅស្ថិតស្ថេរគង់វង្សជារៀងរហូតនៅក្នុងដួងព្រលឹងជាតិខ្មែរ និងសូមជាតិខ្មែរនិងពិភពលោកទាំងមូលឈ្នះវីរ៉ុសកូវីដ ១៩ ដ៏សាហាវឃោរឃៅនេះ ការពារបានអាយុជីវិតមនុស្សជាតិ ទាំងមូល៕
ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី៥ ខែមេសា ឆ្នាំ ២០២០