(ភ្នំពេញ)៖ រហូតមកទល់បច្ចុប្បន្ននេះប្រទេសកម្ពុជាយើង ស្ថិតក្នុងចំណោមប្រទេសដ៏តិចតួចបំផុតក្នុងពិភពលោកដែលរងផលប៉ះពាល់តិចតួចពីមេរោគ Covid-19។ គិតមកត្រឹមថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុប១១៧នាក់ ដែលភាគច្រើនគឺជាជនបរទេស និងជនជាតិខ្មែរ ដែលចម្លងពីខាងក្រៅ។ ចំណែកឯការឆ្លងក្នុងស្រុកវិញក៏មានតិចតួចបំផុតដែរ ហើយក្នុងចំណោមអ្នកឆ្លងទៀតសោត ជាងពាក់កណ្តាលបានជាសះស្បើយឡើងវិញ។ មកដល់ម៉ោងនេះនៅមិនទាន់មានអ្នកណាម្នាក់ស្លាប់ដោយសារ Covid-19 នៅឡើយទេ នៅក្នុងប្រទេសកម្ពុជាយើង។ នេះគឺជាលទ្ធផលនៃកិច្ចខិតខំ ប្រឹងប្រែងប្រកបដោយភាពឈ្លាសវៃរបស់មេដឹកនាំខ្មែរ ដោយមានការចូលរួមយ៉ាងសកម្មបំផុតពីសំណាក់គ្រូពេទ្យ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងមហាជនខ្មែរគ្រប់មជ្ឈដ្ឋាន។
មេដឹកនាំកម្ពុជាគឺនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយឈរលើ «កត្តាពេលវេលាជាអាវុធយុទ្ធសាស្ត្រ» បានបង្ហាញឲ្យយើងឃើញពីភាពប៉ិនប្រសប់ក្នុងការចាត់ចែង ដោះស្រាយនិងដឹកនាំគ្រប់គ្រងសភាពការណ៍បានយ៉ាងល្អក្នុងដំណើរការ ប្រយុទ្ធប្រឆាំងជាមួយនឹង Covid-19 ទៅតាមដំណាក់កាលនីមួយៗ។ ហេតុដូច្នេះហើយបានជាទាំងការដាក់ចេញនូវគោលនយោបាយសុខាភិបាល សេដ្ឋកិច្ច និងការបរទេស សុទ្ធតែ ដើរនៅលើផ្លូវត្រូវនិងបានទទួល លទ្ធផលជាវិជ្ជមានទាំងអស់។
នៅលើនយោបាយការបរទេស នាយករដ្ឋមន្ត្រីបានបង្ហាញ ពីគំរូដល់ពិភពលោកមុនគេក្នុងការប្រយុទ្ធប្រឆាំងជាមួយ Covid-19 តាមរយៈការពង្រឹងស្មារតី ប្រជាពលរដ្ឋកុំឲ្យតក់ស្លុត, កុំឲ្យភ័យស្លន់ស្លោនៅចំពោះមុខមេរោគដ៏កាចសាហាវនេះ, ការបង្ហាញសាមគ្គីភាព «ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក», និងការដោះស្រាយវិបត្តិមនុស្សធម៌ដែលកើតចេញពីការរើសអើងជាដើម។
បច្ចុប្បន្ន ឈានចូលដល់ដំណាក់កាលនៃការចាត់វិធានការតឹងរ៉ឹងដើម្បីបង្ការកុំឲ្យមានការឆ្លងរាលដាល នៃមេរោគ Covid-19 ពីព្រោះមេរោគនេះបាន និងកំពុងវាយលុកយ៉ាងពេញទំហឹង ទៅលើបណ្តាប្រទេសជឿនលឿននិងប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗនៅលើពិភពលោក។
ទោះបីជាកម្ពុជាស្ថិតក្នុងស្ថានភាព ល្អដែលអាចគ្រប់គ្រងបាន យ៉ាងណាក៏ដោយ ក៏រដ្ឋាភិបាល មិនបានធ្វេសប្រហែសឡើយ ពោលគឺត្រូវប្រើវិធានការ «ការពារជាជាងព្យាបាល»។
ដូច្នេះការផ្អាកមិនឲ្យមានការឈប់សម្រាកពេលបុណ្យចូលឆ្នាំថ្មី គឺជាវិធានការដ៏សំខាន់ចាំបាច់បំផុតមួយក្នុងចំណោមវិធានការជាច្រើនដែលរដ្ឋាភិបាល បាន ដាក់ចេញជាបន្តបន្ទាប់ដើម្បីតែ ការពារអាយុជីវិតពលរដ្ឋខ្មែរកុំឲ្យរងគ្រោះដោយសារ Covid-19 តែប៉ុណ្ណោះ ហើយបើនិយាយអោយងាយ
ស្រួលស្តាប់គឺ ការលើកពេលឈប់សំរាកនូវពិធីបុណ្យចូលឆ្នាំខ្មែរលើកនេះក៏ដើម្បី «ជៀសវាងក្រោយសប្បាយក្លាយជាទុក្ខតែប៉ុណ្ណោះ»។
អ្វីដែលខ្ញុំមានការកត់សម្គាល់ម្យ៉ាងទៀតនោះគឺ ការចូលរួមបរិច្ចាគដោយស្ម័គ្រចិត្តនូវថវិកា និងប្រាក់ខែផ្ទាល់ខ្លួនពីសំណាក់ ឧកញ៉ា មហាសេដ្ឋី និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធមន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ គឺជាសក្ខីភាពនៃកម្លាំងមហាសាមគ្គីជួយគ្នាក្នុងគ្រាមានអាសន្ន ទៅតាមលទ្ធភាពរៀងៗខ្លួនដោយមិនត្រូវឈរឱបដៃមើលនោះឡើយ។
វប្បធម៌នៃការចែករម្លែកក្នុងសង្គមខ្មែរដែលមានចាប់តាំងពីអង្គព្រះមហាក្សត្រ មន្ត្រីថ្នាក់ ដឹកនាំស្ថាប័នជាតិ រហូតដល់មន្ត្រីរាជការ និងពលរដ្ឋសាមញ្ញដែលជាព្រលឹង នៃសង្គមខ្មែរនៅតែ រស់រវើកក្រោមសិល្បៈដឹកនាំរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ហើយសកម្មភាពទាំងអស់នេះពិតជាបានបង្ហាញឲ្យឃើញថា រដ្ឋាភិបាលដែល មាននាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអ្នកដឹកនាំ និងក្រោមម្លប់សន្តិភាព ម្លប់របស់អង្គព្រះមហាក្សត្រ គឺជាអ្នកចេញមុខការពារអាយុជីវិត និងការពារសេចក្តីសុខរបស់ ប្រជាពលរដ្ឋខ្មែរគ្រប់កាលៈទេសៈមិនថា ពេលមានគ្រោះធម្មជាតិ, គ្រោះអាសន្ន នៃរោគឆ្លង ឬក៏គ្រោះខាងនយោបាយនោះឡើយ ពោលគឺ «ទីណាមានទុក្ខទីនោះមានមុខនាយករដ្ឋមន្រ្តី ហ៊ុន សែន»។
ចុះចំណែក ក្រុមអ្នកនយោបាយ អ្នកវិភាគ និងសង្គមស៊ីវិលដែលតែងតែចេញមុខនិយាយគ្រប់រឿង តើពេលនេះពួកគេកំពុងនៅឯណា? និងកំពុងធ្វើអ្វីខ្លះជា ប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរ?
ខ្ញុំខំតាមដានណាស់ដែរតែដូចជា មិនបានឃើញមានសកម្មភាពណាមួយទាល់តែសោះ ទាំងកម្លាំងកាយ ចិត្ត បញ្ញា ស្មារតី និងថវិកា ក្នុងការជួយដល់ប្រទេសជាតិ និងប្រជាជនក្នុងគ្រា មានអាសន្ននេះ។ ឬមួយក៍ពួកគេបានត្រឹមតែនិយាយ ចាំតែស្តីបន្ទោស តែមិនចេះធ្វើអ្វីសោះ? មានអ្នកខ្លះទៀត មិនត្រឹមតែមិនបានបរិច្ចាគសូម្បីមួយកាក់មួយសេនប៉ុណ្ណោះទេ ប៉ុន្តែនៅនិយាយឌឺដងដល់អ្នកបរិច្ចាគថែមទៀត។ អ្នកខ្លះទៀតដែលរត់ទៅជ្រកកោននៅឯបរទេស ហើយកំពុងសម្ងំលាក់ខ្លួនព្រោះខ្លាច Covid-19 មិនព្រមបើកភ្នែកមើលប្រទេសដែលខ្លួនកំពុងលាក់ខ្លួននោះថា តើមានសភាពអាក្រក់បែបណាទេ តែបែរមកនិយាយចាក់រុក ឆ្កឹះឆ្កៀល បន្តុះបង្អាប់ប្រទេសជាតិរបស់ខ្លួនដែលមកដល់ពេលនេះ នៅមិនទាន់រងគ្រោះធំដុំនិងក៍មិនទាន់មាន ប្រជាជនខ្មែរណាម្នាក់បានស្លាប់នៅឡើយនោះដែរ។
សរុបទៅបញ្ហា Covid-19 ដែលពិភពលោកកំពុងប្រឈមមុខនឹងគ្រោះមហន្តរាយធំធេងនៅពេលនេះ គឺជាវិញ្ញាសារដ៏សំខាន់ជាក់ស្តែងក្នុងការបង្ហាញ ឲ្យឃើញពីមនុស្ស២ក្រុមខុសគ្នាស្រឡះនោះគឺ៖ ក្រុមអ្នកសាច់ការនិយមដែលធ្វើសកម្មភាពគ្រប់យ៉ាងដើម្បីការពារអាយុជីវិត និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ ដោយពួកគេហ៊ានលះបង់គ្រប់បែបយ៉ាងទាំងកម្លាំងកាយចិត្ត បញ្ញាស្មារតី និងថវិកាដើម្បីបុព្វហេតុប្រជាជននិងប្រទេសជាតិ។ ចំណែកឯក្រុមមួយទៀត គឺជាក្រុម «វោហារ សាស្ត្រនិយម» ដែលចេះតែអង្គុយនិយាយបន្ទោស និងចំអកឡកឡឺយ ប៉ុន្តែមិនបានធ្វើអ្វីទាល់តែសោះមិនបានបរិច្ចាគ សូម្បីមួយកាក់មួយសេន ក្នុងការជួយ ជនរួមជាតិនិងប្រទេសជាតិ របស់ខ្លួនក្នុងគ្រាមានអាសន្នឡើយ។ តើក្រុមនេះជានរណា? ខ្ញុំជឿថាបងប្អូនប្រជាពលរដ្ឋខ្មែរពិតជាបាន ស្គាល់ច្បាស់គ្រប់ៗគ្នា។
ដោយ៖ អ្នកនយោបាយតុកាហ្វេ