(ភ្នំពេញ)៖ ក្នុងស្មារតីទទួលខុសត្រូវចំពោះជោគវាសនាប្រទេសជាតិ និង សុខមាលភាពរបស់ប្រជាពលរដ្ឋខ្មែរជាង១៦លាននាក់នៅទូទាំងប្រទេស រដ្ឋាភិបាលដឹកនាំដោយនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយដែលបានការគាំទ្រ និងការឯកភាពពីគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងជាមួយ កូវិដ-១៩ បានសម្រេចបិទមិនឲ្យពលរដ្ឋធ្វើចរាចរណ៍ពីភ្នំពេញទៅកាន់បណ្តាខេត្ត ឬពីខេត្តមួយទៅកាន់ខេត្តមួយឡើយ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ពោលគឺចាប់ពីយប់អាធ្រាតថ្ងៃទី៩ ដល់ ១៦ ខែមេសា ឆ្នាំ២០២០។
ជាការពិតមានអ្នកខ្លះអាចយល់ឃើញថា នេះជាការបិទសិទ្ធិសេរីភាពក្នុងការដើរហើររបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលគ្រួសារខ្មែរត្រូវការជួបជុំគ្នាមួយឆ្នាំម្តង។
ប៉ុន្តែបើយោងលើស្ថានការណ៍ជាក់ស្តែងនៅជុំវិញពិភពលោក ដែលកំពុងរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីកូវិដ-១៩យើងនឹង យល់ថា វិធានការពិសេស នេះពិតជាសមស្របណាស់ពីព្រោះសូមកុំភ្លេចថា កូវិដ-១៩ គឺជាមេរោគដែលឆ្លងរាលដាលយ៉ាងឆាប់រហ័សបំផុត ជាពិសេសវាឆ្លងរាលដាលកាន់តែលឿន នៅពេលមនុស្សជួបជុំគ្នាកកកុញច្រើននិងនៅជិតគ្នា។ ប្រទេសចិន ដែលទទួលរងការវាយប្រហារមុនគេនិងយ៉ាងលឿនរហ័សគឺក៏ដោយសារតែមេរោគនេះ បានផ្ទុះឡើង ចំពេលបុណ្យចូលឆ្នាំថ្មី ដែលពលរដ្ឋចិនរាប់រយលាននាក់ធ្វើដំណើរចុះឡើងខ្វាត់ខ្វែង យ៉ាងកកកុញក្នុងពីធីបុណ្យចូលឆ្នាំថ្មី។
នៅអឺរ៉ុប និងសហរដ្ឋអាមេរិក ដែលកំពុងរងការវាយប្រហារពេញទំហឹងដោយកូវិដ-១៩ រហូតធ្វើឲ្យមនុស្សឆ្លងរាប់សែននាក់ និងស្លាប់រាប់ម៉ឺននាក់គឺក៍ ដោយសារតែពលរដ្ឋមិនស្តាប់ការណែនាំរបស់រដ្ឋាភិបាល ហើយនាំគ្នាចេញដើររហេត រហូតគ្មានឈប់ឈរ។
លើការជាក់ស្តែងដែលយើង បានដឹងលឺទាំងអស់គ្នានោះគឺប្រទេស អ៉ីតាលី បារាំង អេស្ប៉ាញ អង់គ្លេស ជាដើម ដែលមានប្រជាជនស្លាប់រៀង រាល់ថ្ងៃហើយក្នុងមួយថ្ងៃៗ ប្រទេសទាំងនេះមានប្រជាជនខ្លួនបានស្លាប់ក្នុងចន្លោះពី ជាង៤០០នាក់ ទៅជិត២០០០នាក់ នៅទីបំផុត ក៏បានសម្រេចយកវិធានការបិទខ្ទប់ប្រទេសហើយបង្ខំឲ្យពលរដ្ឋសម្ងំនៅតែក្នុងផ្ទះ ដើម្បីទប់ស្កាត់គ្រោះមហន្តរាយ ដែលកាន់តែធ្ងន់ធ្ងរឡើងៗជាលំដាប់។
វិធានការរាំងខ្ទប់មនុស្សកុំឲ្យដើរគឺជាជម្រើសតែមួយគត់ដែល មានប្រសិទ្ធភាពបំផុតសម្រាប់ទប់ទល់ជាមួយមេរោគកូវិដ-១៩ ខណៈដែលអ្នកវិទ្យាសាស្ត្រ មិនទាន់រកឃើញថ្នាំព្យាបាល ឬវ៉ាក់សាំងការពារជំងឺនេះបាន នៅឡើយ។
ក្នុងន័យនេះ រដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចហាមប្រាមមិនឲ្យពលរដ្ឋខ្លួនធ្វើដំណើរឆ្លងពីភ្នពេញទៅខេត្ត ឬពីខេត្តមួយទៅខេត្តមួយទៀត រឺ ពីស្រុកមួយទៅ ស្រុកមួយទៀត គឺជាជម្រើស ដ៏ សមស្របបំផុតដែលមិនអាចចៀសវាងបានឡើយនៅក្នុងស្មារតីទទួលខុសត្រូវខ្ពស់និងក្នុងទស្សនៈ«ការពារប្រសើរជាងព្យាបាល»។
ពិតហើយ ប្រជាពលរដ្ឋខ្មែរដែលទទួលផលពីសុខសន្តិភាព និងការអភិវឌ្ឍន៍ តែងតែស្វែងរកការជួបជុំសប្បាយរីករាយ ក្នុងនោះពិធីបុណ្យធំៗដែលបានជួបជុំគ្រួសារ មិត្តភ័ក្ត គឺជាពិធីដ៏ សប្បាយរីករាយបំផុត។ ដូច្នេះការខកខានមិនបានជួបជុំក្នុងពេលបុណ្យចូលឆ្នាំ ពិតជាការខកចិត្តមួយ។ ប៉ុន្តែបើយើងសាកល្បងគិតថា ក្រោយពីពិធីជួបជុំបុណ្យចូលឆ្នាំដ៏ សប្បាយរីករាយទៅ ស្រាប់តែ កូវិដ-១៩ផ្ទុះឡើងនៅគ្រប់ទិសទី។ ឪពុកម្តាយ បងប្អូន ជីដូនជីតា យើងស្រាប់តែឆ្លង មេរោគនេះ តើយើងមានអារម្មណ៍បែបណា? វាពិតជា រឿងសោកសង្រេងខ្លាំងណាស់គឺខ្លាំងជាងការខកខានមិនបានទៅជួបជុំគ្នារាប់រយរាប់ពាន់ដងឯណោះ។ ហើយជួនកាល វិប្បដិសារីនេះនឹងកើតមានសម្រាប់ខ្លួនយើងពេញមួយជីវិតក៏ថាបាន។
ម្យ៉ាងទៀត បុណ្យចូលឆ្នាំមានជារៀងរាល់ឆ្នាំ។ ដូច្នេះបើយើងខានរៀបចំឆ្នាំនេះ យើងនៅតែអាចរៀបចំពិធីបុណ្យនេះឡើងវិញបាននៅឆ្នាំក្រោយ។
សុភាសិតបូរាណខ្មែរយើងបាន ពោលថា «ទាល់តែឃើញក្តាមឈូសទើបស្រក់ទឹកភ្នែក»។ សុភាសិតនេះចង់ទូន្មានដល់ កូនខ្មែរថា «កុំឲ្យព្រហើន កុំមើលស្រាលសភាពការណ៍ ហើយកុំរង់ចាំដល់មាត់ជ្រោះនៃ សេចក្តីស្លាប់ទើបនាំគ្នាស្រក់ទឹកភ្នែកហើយភ្ញាក់រលឹក ពីព្រោះវាហួសពេលទៅហើយ»។
ជាពិសេសក្នុង សមរភូមិប្រយុទ្ធជាមួយសត្រូវឥតស្រមោលដូចជា កូវិដ-១៩ នេះជាដើម រឹតតែមិនត្រូវមើលងាយសភាពការណ៍សោះឡើយ។
បច្ចុប្បន្នប្រទេសកម្ពុជាយើងមិនទាន់រងគ្រោះខ្លាំងដោយសារកូវិដ-១៩នៅឡើយនោះទេ។ នេះគឺដោយសារតែរដ្ឋាភិបាលដឹកនាំដោយនាយករដ្ឋមន្ត្រី ហ៊ុន សែន មានភាពឈ្លាសវៃ ស្គាល់និងវាយតម្លៃសភាពការណ៍បានត្រឹមត្រូវ និងស្គាល់កាលៈទេសៈ ហើយដឹងថា ពេលណាត្រូវធ្វើអ្វី។
ដំណើរការចាត់ចែងរបស់នាយក រដ្ឋមន្ត្រីតាំងពីដំណាក់កាលទី១ រហូតដមកដល់ពេលនេះ គឺជាការរៀបចំក្រឡាដើរបានយ៉ាង ល្អទាំងនៅក្នុងក្របខណ្ឌជាតិ និងអន្តរជាតិទើបអាចបញ្ចៀស ប្រទេសជាតិយើងមិនឲ្យធ្លាក់ ចូលក្នុងមហន្តរាយនៃកូវិដ-១៩ រហូតដល់ពេលនេះ ខណៈដែលបណ្តាប្រទេសក្នុងតំបន់និងក្នុងពិភពលោក កំពុងតែធ្លាក់ដុនដាបយ៉ាងខ្លាំងបំផុត។
ដូច្នេះសរុបមកវីញ យើងជាពលរដ្ឋខ្មែរគ្មានជម្រើសអ្វីល្អជាងការស្តាប់និងអនុវត្តតាមការណែនាំរបស់រដ្ឋាភិបាលនោះឡើយ ហើយជាពិសេសការខកខានជួបជុំគ្នា ម្តងក្នុងពិធីបុណ្យចូលឆ្នាំមិនមែនជារឿងដែលយើងមិនអាចធ្វើបាននោះឡើយ។ ពិធីបុណ្យចូលឆ្នាំនៅតែអាចធ្វើនៅនឹងកន្លែងជាមួយបងប្អូន មិត្តភ័ក្តិ ក្រុមគ្រួសារជា លក្ខណៈទ្រង់ទ្រាយតូចបានដដែល។ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺ «ក្រោយបុណ្យចូលឆ្នាំយើងមានសុវត្ថិភាពពីកូវិដ-១៩ នោះទើបជាដំណឹងល្អ»។
ដូច្នេះការខនខានចូលឆ្នាំម្តង ប្រសើរជាងសាកល្បងឆ្លង កូវិដ-១៩ក្នុងជីវិត។ ខ្ញុំជឿជាក់ថា បងប្អូនខ្មែរយើងអាចធ្វើបាន ដើម្បីខ្លួនយើង គ្រួសារយើង និងសហគមន៍ យើងចៀសផុតពីកូវិដ-១៩៕
ដោយ៖ អ្នកនយោបាយតុកាហ្វេ