(ភ្នំពេញ)៖ «ការកែទម្រង់ខាងក្នុង និង បង្កើតមិត្តខាងក្រៅ; ការប្រកាន់ខ្ជាប់នូវឯករាជ្យភាព» ជាយុទ្ធសាស្ត្រស្នូលនៃគោលនយោបាយការបរទេស របស់ព្រះរាជាណាចក្រកម្ពុជា។ គោលនយោបាយការបរទេសជាទូទៅគឺជាការពង្រីកបន្ថែមនូវគោលនយោបាយក្នុងស្រុក។
បន្ថែមពីលើកម្មវត្ថុដែលមានចែងក្នុងរដ្ឋធម្មនុញ្ញគោលបំណងសំខាន់មួយទៀតនៃគោលនយោបាយការបរទេស គឺបង្កើតឱកាសសម្រាប់ប្រជាជនអភិវឌ្ឍសហគមន៍របស់ពួកគេ។
ដើម្បីអាចរក្សាបាននូវឯករាជ្យភាពរបស់កម្ពុជា និងបន្តការរីកធំធាត់ ប្រទេសកម្ពុជាត្រូវការសង្គមមួយដែលប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់។ កត្តានេះស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់វិធីសាស្រ្តអភិវឌ្ឍន៍ដោយផ្តល់អាទិភាពទៅលើប្រជាជន ដើម្បីសម្រេចនូវរបៀបវារៈសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ ជាពិសេសការលុបបំបាត់ភាពក្រីក្រ វិបុលភាពរួមគ្នា និង គ្មាននរណាម្នាក់ត្រូវគេទុកចោល (Leave no one Behind)។
យុទ្ធសាស្រ្តអន្តរាគមន៍ដើម្បីសម្រេចឱ្យបាននូវចីរភាព បរិយាប័ន្ន និង ភាពធន់សម្រាប់ប្រទេសកម្ពុជាគឺ (ក) ពង្រឹងហេដ្ឋារចនាសម្ព័ន្ធសង្គម (ខ) លើកកម្ពស់ការដឹកនាំដោយផ្អែកលើគុណតម្លៃ និងមេត្តាធម៌ និង (គ) បង្កើតដំណោះស្រាយនវានុវត្តន៍ដើម្បីឆ្លើយតបទៅនឹងបញ្ហាជាតិ និងអន្តរជាតិដែលកំពុងកើតឡើង។ យុទ្ធសាស្រ្តអន្តរាគមន៍ទាំងនេះមានគោលបំណងលើកកម្ពស់សមត្ថភាពដឹកនាំ និង សមត្ថភាពរបស់ស្ថាប័ន និងលើកកម្ពស់គុណធម៌ និង សីលធម៌ដែលមានភាពចាំបាច់ក្នុងការដោះស្រាយបញ្ហាសង្គម និង បរិស្ថាន។ ក្នុងន័យនេះនវានុវត្តន៍សង្គមដើរតួនាទីស្នូល។
នវានុវត្តន៍សង្គមជំរុញឲ្យមានដំណោះស្រាយថ្មីក្នុងការឆ្លើយតបទៅនឹងបញ្ហាសង្គមដូចជា បរិស្ថាន ទឹក សុខភាព អនាម័យ ការអប់រំ វិសមភាព ភាពគ្មានការងារធ្វើ នគរូបនីយកម្ម និង ប្រជាជនវ័យចំណាស់។ វាមានគោលបំណងស្វែងរកដំណោះស្រាយប្រកបដោយចីរភាព និងនវានុវត្តន៍តាមរយៈការសហការគ្នារវាង វិស័យសាធារណៈ ឯកជន និង វិស័យសង្គម។ នវានុវត្តន៍សង្គមចូលរួមចំណែកក្នុងការកសាងសង្គមមួយដែលមានស្ថេរភាព ភាពធន់ បរិយាប័ន្ន និងចីរភាពដោយប្រើប្រាស់ធនធាន និងសមត្ថភាពរបស់វិស័យសាធារណៈ ឯកជន និងសង្គម។ ប្រទេសកម្ពុជាត្រូវការការវិនិយោគបន្ថែមទៀតលើវិទ្យាសាស្ត្រ
បច្ចេកវិទ្យា និងនវានុវត្តន៍ឲ្យស៊ីសង្វាក់គ្នាដើម្បីពង្រឹងភាពធន់ បិរយាប័ន្ន និង ចីរភាព។
សង្គមដែលមានបរិយាប័ន្ន៖
សង្គមដែលមានបរិយាប័ន្ន បញ្ហារើសអើងជាតិសាសន៍ យេនឌ័រ ភូមិសាស្ត្រ ឬ អត្តសញ្ញាណផ្សេងទៀត អាចជាប្រភពនៃបញ្ហាដែលជាកត្តាជំរុញដល់ជម្លោះ និង ជាឧបសគ្គរារាំងការអភិវឌ្ឍ ។ ដោយហេតុថាកង្វះបរិយាប័ន្នអាចបង្កឱ្យមានជម្លោះ និងអស្ថិរភាព វិធីសាស្ត្រអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្ន មានលក្ខណៈសំខាន់ចាំបាច់សម្រាប់ការកសាង និង ការរក្សាសន្តិភាព និងសន្តិសុខ។ ដើម្បីកសាងសង្គមប្រកបដោយបរិយាប័ន្ន យើងត្រូវផ្តល់ឱកាសដោយយុត្តិធម៌ និង សមភាព សម្រាប់មនុស្សគ្រប់គ្នា ដោយមិនគិតពីពូជសាសន៍ ភេទ កាយសម្បទា ឋានៈសង្គម ជំនាន់ និង ភូមិសាស្ត្រ ដើម្បីឱ្យមនុស្សម្នាក់ៗស្វែងរកសក្តានុពលពេញលេញ នៅក្នុងជីវិតរបស់ពួកគេ ។
គោលនយោបាយអន្តរាគមន៍៖
គោលនយោបាយអន្តរាគមន៍អាចរួមបញ្ចូលទាំងការរៀបចំកិច្ចពិភាក្សាបើកចំហររវាងភាគីពាក់ព័ន្ធលើបញ្ហាជាក់លាក់ ការលើកកម្ពស់ការសន្ទនាអន្តរជំនឿ ការបង្កើតកម្មវិធីកសាងសមត្ថភាព និង ប្រព័ន្ធគាំពារសមរម្យមួយសម្រាប់ក្រុមងាយរងគ្រោះ (ដូចជាជនពិការ ស្ត្រីនិង កុមារ) ក្រុមជនជាតិភាគតិច និងក្រុមដែលមានការរើសអើង (ដូចជាអ្នកផ្ទុកមេរោគអេដស៍ /ជំងឺអេដស៍) ។
សង្គមដែលមានភាពធន់៖
ពាក្យថា «ភាពធន់» ត្រូវបានសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិលេខ ៧១/២៧៦ ឲ្យនិយមន័យថា «ជាសមត្ថភាពរបស់ប្រព័ន្ធ សហគមន៍ ឬ សង្គមដែលប្រឈមនឹងគ្រោះថ្នាក់ ធ្វើការទប់ទល់ ស្រូបយក ទទួលយក សម្របខ្លួន ផ្លាស់ប្តូរ និងស្តារឡើងវិញពីផលប៉ះពាល់នៃគ្រោះថ្នាក់ ប្រកបដោយប្រសិទ្ធិភាព និង ទាន់ពេលវេលា រួមទាំងតាមរយៈការអភិរក្ស និងការស្តាររចនាសម្ព័ន្ធ និងមុខងារជាមូលដ្ឋានសំខាន់ៗ របស់វាតាមរយៈការគ្រប់គ្រងហានិភ័យ»។
វិធានការណ៍អន្តរាគមន៍ រួមមានការកសាងសហគមន៍ និងសង្គមដែលអាចប្រឈមនឹងគ្រោះមហន្តរាយ ដោយអភិវឌ្ឍយុទ្ធសាស្រ្តដោះស្រាយជាបីដំណាក់កាលគឺ ការការពារគ្រោះមហន្តរាយ/ហានិភ័យ ការឆ្លើយតប និង ការស្តារឡើងវិញ។
ការពង្រឹងសមត្ថភាពសង្គមក្នុងការទប់ទល់នឹងហានិភ័យមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់សង្គមដែលមានភាពធន់។ ការរាតត្បាតនៃជំងឺ Covid-19 គឺជាករណីមួយដែលឆ្លុះបញ្ចាំងពីកម្រិតនៃភាពធន់នៃសង្គមកម្ពុជា។ យើងត្រូវលើកកម្ពស់ការសម្រេចចិត្តដោយផ្អែកលើព៏ត៌មាន និង ភស្តុតាងជាក់លាក់ ។
គោលនយោបាយអន្តរាគមន៍ក៏រួមបញ្ចូលផងដែរនូវការបង្កើតកម្មវិធីពង្រឹងសមត្ថភាព និងវេទិកាចែករំលែកចំណេះដឹងស្តីពីការការពារ និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយដល់ថ្នាក់ដឹកនាំ សហគមន៍ជាតិ និង ថ្នាក់មូលដ្ឋាន។ ភាពជាដៃគូរវាងសាធារណៈ ឯកជន និង ប្រជាជន (PPPP) មានសារៈសំខាន់ណាស់ក្នុងការរៀបចំ និង អនុវត្តគោលនយោបាយ។
សង្គមដែលមានចីរភាព៖
សង្គមចីរភាពគឺជាសង្គមមួយដែលធានានូវសុខភាព និង ជីវិតរបស់មនុស្សលោក វប្បធម៌ និងធម្មជាតិ សម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត។ វាគឺជាសង្គមមួយដែលមនុស្សម្នាក់ៗមានឱកាសអភិវឌ្ឍនៅក្នុងសង្គមដែលមានតុល្យភាពល្អ និង មានភាពសុខដុមរមនាជាមួយនឹងបរិស្ថានជុំវិញ។ វិធានការណ៍អន្តរាគមន៍មានភាពចាំបាច់ដើម្បីការពារបរិស្ថាន អភិរក្សមរតក លើកកម្ពស់ និង ផ្តល់តម្លៃ និង ជម្រុញភាពចម្រុះនៃវប្បធម៌ និងលើកកម្ពស់សុខុមាលភាពមនុស្ស។ គោលនយោបាយអន្តរាគមន៍គួរតែមានគោលបំណងផ្តល់នូវដំណោះស្រាយថ្មីដើម្បីការពារបរិស្ថាន លើកកម្ពស់អន្តរកម្មបរិស្ថានមនុស្ស និង អភិរក្សបេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្ត្រ។ យើងចាំបាច់ត្រូវលើកកម្ពស់ចំណេះដឹង និង វិធានការឆ្លើយតបនឹង ហានិភ័យដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ព្រមទាំងពង្រឹងគោលនយោបាយវិទ្យាសាស្ត្រ ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព។
ប្រទេសកម្ពុជាគួរតែចាប់ផ្តើមណែនាំ និងជំរុញកិច្ចពិភាក្សាគោលនយោបាយស្តីពី «មូលធននិយមផ្តោតលើអ្នកពាក់ព័ន្ធទាំងឡាយ» ដោយសំដៅទៅលើប្រព័ន្ធមួយដែលធុរកិច្ចមានគោលបំណងបម្រើផលប្រយោជន៍របស់ភាគីពាក់ព័ន្ធរួមមានអតិថិជន អ្នកផ្គត់ផ្គង់ និយោជិក សហគមន៍មូលដ្ឋាន និង ម្ចាស់ភាគហ៊ុន។
ដោយ៖ បណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី