(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងក្នុងកិច្ចសម្ភាសជាមួយ លោក លឹម ជាវត្ថា អគ្គនាយកអង្គភាពព័ត៌មាន Fresh News ដោយលេីកឡេីងថា ថ្មីៗនេះចំពោះទង្វើរបស់លោក សម រង្ស៊ី ដែលបានប្រកាសយ៉ាងក្ដែងៗតាមវិទ្យុអាស៊ីសេរី ដោយប្រាប់ទៅប្រជាពលរដ្ឋកុំឲ្យសងបំណុលធនាគារ ឬការចងការប្រាក់ផ្សេងៗ ហើយត្រូវនាំគ្នាងើបបះបោរធ្វើបាតុកម្មនៅទូទាំងប្រទេសនោះ គឺកំពុងដើរតាមគន្លងនយាបាយខ្មែរក្រហម។
លោកថ្លែងថា ដោយហេតុថា បើនិយាយពីការលុបបំណុលធនាគារ ឬការចងការប្រាក់ផ្សេងៗ ដែលលោក សម រង្ស៊ី បានប្រកាសក្ដែងៗប្រកបដោយមោទនភាពនេះ គឺជាទ្រឹស្ដីរបស់ខ្មែរក្រហម ដែលបានចែងយ៉ាងច្បាស់ក្នុងកម្មវិធីគោលនយាបាយស្ដីពី «បញ្ហាសហករណ៍» គឺការលុបបំបាត់ទីក្រុង ឬទីផ្សារដោយសារតែបំណុលធនាគារ ឬការចងការប្រាក់នេះឯង ។
លោក រត្ន័ សណ្ដាប់ បានចង្អុលបង្ហាញអំពីទ្រឹស្ដី « បញ្ហាសហករណ៍ » ដែលលោក សម រង្ស៊ី កំពុងមានអំនួតនេះថាពួកខ្មែរក្រហម បានមើលឃើញពីបញ្ហាបំណុលធនាគារ ឬការចងការប្រាក់ គឺជាជំងឺមហារីកដ៏សាហាវដល់ប្រជាកសិករខ្មែរ ដែលត្រូវបាត់បង់ផ្ទះសម្បែង គោ ក្របី ដីធ្លី ស្រែចំការនិងក្លាយជាអ្នកលក់កម្លំាងពលកម្មទំាងក្នុងនិងក្រៅប្រទេស។
ដោយឈរលើហេតុផលនេះពួកខ្មែរក្រហមយល់ថា បញ្ហាបំណុលធនាគារ ឬការចងការប្រាក់ ជាមេរោគមហារីករំាងស្ទះដល់ការរីកចម្រើនប្រទេសជាតិ ពីព្រោះកសិករជាអ្នកជំពាក់បំណុលច្រើនជាងគេ ហើយរងទុក្ខវេទនាក៏ច្រើនជាងគេផងដែរ។
អ្វីកាន់តែពិសេសថែមទៀតនោះ ពួកខ្មែរក្រហមមើលឃើញថាបញ្ហាបំណុលធនាគារ ឬការចងការប្រាក់ បានធ្វើឲ្យអ្នកទីក្រុងជិះជាន់អ្នកជនបទ។ ជាហេតុនំាឲ្យមានវណ្ណៈក្នុងសង្គម ឬមានភាពខុសគ្នារវាងទីក្រុងនិងជនបទ។
បើដូច្នេះដើម្បីដោះស្រាយបញ្ហាទំាងអស់នេះ បើលុបបំណុលធនាគារ ឬការចងការប្រាក់បាននោះ គឺបញ្ហាទំាងប៉ុន្មានរបស់សង្គមគឺត្រូវដោះសា្រយបានយ៉ាងដូច្នោះដែរ។
លោក រត្ន័ សណ្ដាប់ បានបញ្ជាក់ថាស្ថិតត្រង់ចំណុចនេះគឺពួកខ្មែរក្រហម បានដុតកំហឹងប្រជាជនជនបទឲ្យស្អប់អ្នកទីក្រុង ដោយចោទអ្នកទីក្រុងជាអ្នកជញ្ជក់ឈាមអ្នកជនបទ គ្មានអាណិតអាសូរ ។ ដោយហេតុនេះចំពោះរបបខ្មែរក្រហម ដែលបានបណ្ដេញអ្នកទីក្រុងឲ្យរស់នៅឯជនបទនោះគឺគ្មានអ្វីគួរឲ្យសង្ស័យទ្បើយ ពីព្រោះគេមិនត្រូវការទីក្រុង ឬទីផ្សារនោះទេគឺដើម្បីអនុវត្ដនូវការលុបបំណុលធនាគារ ឬការចងការប្រាក់នេះឯង។
បើហេតុនេះចំពោះលោក សម រង្ស៊ី ដែលបានបញ្ជេះកំហឹងប្រជាពលរដ្ឋកុំឲ្យសងបំណុលធនាគារ ឬការចងការប្រាក់ផ្សេងៗគឺកំពុងអនុវត្ដទ្រឹស្ដីខ្មែរក្រហម។
បើដូច្នេះបើនិយាយពីសព្វថ្ងៃចំពោះប្រាក់កំចីឥណទានធនធនាគារ ឬការចងការប្រាក់នៅកម្ពុជាគឺធនាគារនីមួយៗសុទ្ធតែបរទេស ឬឯកជន គឺពុំមែនជាធនាគាររដ្ឋនោះទេ។
បើដូចនេះចំពោះប្រាក់កំចីឥណទាន ដែលត្រូវយកទៅប្រើប្រាស់ដើម្បីពង្រីកនូវចំណូលសេដ្ឋកិច្ចរបស់ខ្លួននោះគឺត្រូវសងវិញ។ ពីព្រោះប្រព័ន្ធទីផ្សារសេដ្ឋកិច្ចសេរីគឺទីក្រុងឬទីផ្សារនិងជនបទមានទំនាក់ទំនងគ្នាពុំអាចខ្វះបាន៕