(ភ្នំពេញ)៖ ព្រឹត្តិការណ៍ជាច្រើនដែលបាន និងកំពុងកើតឡើង ក្នុងពិភពលោកបានផ្តល់ឲ្យយើងនូវគំនិតគួរឲ្យពិចារណាជាច្រើនក្នុងនោះ ទស្សនៈទានមួយដែលសំខាន់ជាងគេគឺ សេរីភាព និងភាពសុខសានរបស់សង្គមមនុស្ស ឬក៏និយាយឲ្យធ្ងន់ជាងនេះគឺ សេរីភាពនិងជីវិត តើមួយណាសំខាន់ជាង?

ជាការពិត មនុស្សជាច្រើនច្បាស់ជាឆ្លើយថា ចង់បានទាំង២ គឺសេរីភាពផង និងជីវិត ប្រកបដោយភាពសុខសានក្នុង សង្គមផង។ ចម្លើយនេះមិនខុសទេពីព្រោះរបស់ទាំង២យ៉ាងនេះ សំខាន់ណាស់ដែលមនុស្ស គ្រប់រូបតែងតែប្រាថ្នាចង់បាន។ ប៉ុន្តែ នៅលើសាច់ការជាក់ស្តែង របស់ទាំង២នេះ វាមិនអាចដើរទៅ មុខស្របគ្នាក្នុងពេលជាមួយគ្នាបានស្រួលរហូតឡើយ ជាពិសេសនៅពេលមួយដែល មនុស្សកាន់តែជោរ នឹងពាក្យថាសេរីភាព ហើយមើលឃើញសេរីភាពថាសំខាន់ជាងអ្វីៗទាំងអស់ ពេលនោះមនុស្សនឹងលង់ខ្លួន ញៀនជាមួយសេរីភាព រហូតដល់បណ្តោយឲ្យសេរីភាព បំផ្លាញភាពសុខសានរបស់សង្គម និងបំផ្លាញភាពសុខសានរបស់ខ្លួនឯង ឬរហូតដល់បំផ្លាញជីវិត របស់យើងតែម្តង។ អ្វីដែលបាន និងកំពុងកើតឡើង នៅលោកខាងលិចដែលយើងនិយមហៅថា ប្រទេសលោកសេរីនាពេលនេះ គឺជាកញ្ចក់ឆ្លុះបញ្ចាំងយ៉ាងល្អពីតម្លៃនៃ សេរីភាព និងតម្លៃនៃជីវិតមនុស្ស ដែលយើងគួរតែថ្លឹងថ្លែង។

ជាការពិត បណ្តាប្រទេសលោកសេរីបានផ្តល់តម្លៃខ្លាំងណាស់ដល់សេរីភាព។ ពួកគេតែងមានអំនួតអំពីសេរីភាព និងតម្កល់សេរីភាពខ្ពស់ជាងអ្វីៗ ទាំងអស់ដែលពេលខ្លះសូម្បីតែ ច្បាប់ក៏មិនហ៊ានប៉ះពាល់ដល់សេរីភាពដែរពីព្រោះពួកគេយល់ថា សេរីភាពនេះហើយដែល បណ្តាប្រទេសលោកសេរី ទាំងនោះក្លាយជាសង្គមជឿនលឿនស៊ីវីឡាយ និងក្លាយជាមហាអំណាចគ្រប់គ្រងពិភពលោកទាំងមូល។ លោកសេរីក៏បានដើរតួជាជើងឯកខាងប្រជាធិបតេយ្យ ខាងការគោរពសិទ្ធិមនុស្ស និងខាងសេរីភាពបញ្ចេញមតិអស់ជាច្រើនទសវត្សរ៍មកហើយ។ ប៉ុន្តែបើគេពិនិត្យឲ្យស៊ីជម្រៅ សង្គមលោកសេរីក៏មិនមែនល្អផូរផង់ដូចដែលយើងគិតនោះឡើយ។

នៅលើជ្រុងម្ខាងទៀត សេរីភាព បានក្លាយជាអំណោយផល យ៉ាងល្អដល់ជនខិលខូច ដែលពួកគេអាចដើរលួច ប្លន់ ធ្វើបាបគេឯងតាមអំពើចិត្ត និងបានបង្កការភ័យខ្លាចដល់មនុស្សជាច្រើនក្នុងសង្គម។ មានតែក្រុមមនុស្សអ្នកមានទ្រព្យសម្បត្តិ និងអ្នកមានអំណាចប៉ុណ្ណោះដែលទទួលបានភាព សុខសានប្រៀបបានឋានសួគ៌ ។ ដោយឡែក អ្នកក្រដែលរស់នៅក្នុងសង្កាត់តោកយ៉ាក ត្រូវរស់ក្នុងភាពភ័យខ្លាច និងអសន្តិសុខជាប្រចាំក្រោមអំណាចនៃជនទុច្ចរិត និងការមិនអើពើរបស់សមត្ថកិច្ចដោយសារសម្ពាធនៃពាក្យពីរម៉ាត់គឺ «សេរីភាព និងការគោរពសិទ្ធិមនុស្ស»។ ពលរដ្ឋដែលរស់ក្នុងសង្កាត់ក្រីក្រក្នុងបណ្តាប្រទេសលោកខាងលិចបានយល់ច្បាស់អំពីបញ្ហានេះ។

អ្វីដែលធ្វើឲ្យយើងកាន់តែភ្លឺភ្នែកថែមទៀតនៅពេលនេះគឺ ការគ្រប់គ្រងវិបត្តិកូវីដ១៩ និងវិបត្តិនៃការរើសអើងពូជសាសន៍ ដែលបង្កជាបាតុកម្មរហូតឈានដល់អំពើហិង្សាធ្វើឲ្យទីក្រុងធំៗរបស់សហរដ្ឋអាមេរិកក្លាយជាសមរភូមិប្រយុទ្ធក្រោមអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅដែលមើលទៅមិនខុសពីរឿងកុនហ៊ូលីវូដឡើយ។

គុណវិបត្តិនៃសេរីភាពជ្រុលហួសហេតុបានបំផ្លាញភាពសុខសានរបស់សង្គមនិងក៏កំពុងរុញច្រានសង្គមលោកសេរីជាពិសេសសហរដ្ឋអាមេរិកឲ្យធ្លាក់ក្នុងវិបត្តិដ៏សែនជ្រៅ ហើយអ្វីដែលគួរឲ្យរន្ធត់បំផុតនោះគឺ ជីវិតមនុស្សរាប់សែននាក់បានស្លាប់និងបន្តស្លាប់ជារៀង រាល់ថ្ងៃ។

អ្នកឆ្លងកូវីដ-១៩ នៅអាមេរិកកើន ដល់ជាង២លាននាក់ខណៈដែលអ្នកស្លាប់កើនជិត១២ម៉ឺននាក់ ដែលជាចំនួនច្រើនជាងគេបំផុតក្នុងពិភពលោក ហើយគេក៏មិនដឹងថា ចំនួនអ្នកឆ្លងនិងអ្នក ស្លាប់នឹងកើនដល់កម្រិតណាទេនៅទីបំផុត?

ក្នុងចំណោមហេតុផលជាច្រើន ដែលនាំដល់សោកនាដកម្មនេះ មានហេតុផលដ៏សំខាន់មួយដែល  
មិនអាចមើលរំលងបាន នោះគឺ ដោយសារតែមនុស្សជោរនឹង សេរីភាព មិនស្តាប់បង្គាប់អាជ្ញាធរ និងដោយសារតែមនុស្សមានអំនួតជ្រុលថា ខ្លួនរស់ក្នុងសង្គមស៊ីវីឡាយ មិនងាយស្លាប់ដោយជំងឺឆ្លងឡើយ។ ចំណែកឯអាជ្ញាធរវិញក៏មិនហ៊ានចាត់វិធានការតឹងតែងដែរពីព្រោះតែខ្លាចប៉ះពាល់ដល់សេរីភាព និងសិទ្ធិមនុស្សដែលសង្គមរបស់គេ ចាត់ទុកជាវត្ថុដែលមិនអាចប៉ះ ពាល់បាន។ ទីបំផុតគឺសេរីភាពហួសហេតុ និង សិទ្ធិមនុស្សជ្រុលនិយមនេះហើយដែលបានបំផ្លាញភាព
សុខសានរបស់សង្គមនិងបំផ្លាញជីវិតមនុស្សយ៉ាងរង្គាល។

ដោយឡែក ក្នុងបណ្តាប្រទេសនៅអាស៊ីវិញក្នុងនោះក៏មាន កម្ពុជាផងដែរដែលអាចគ្រប់គ្រងបានយ៉ាងល្អនូវជំងឺកូវីដ-១៩។ នេះដោយសារតែមនុស្សនៅអាស៊ីនិយាយជារួម និងនៅកម្ពុជានិយាយដោយឡែកបានឲ្យតម្លៃលើវិន័យនិងសណ្តាប់ធ្នាប់ជាធំ។ ហេតុដូច្នេះហើយបានជានៅពេលមានគ្រោះអាសន្នកើតឡើងដូចជារោគឆ្លងកាចសាហាវកូវីដ-១៩ ជាដើម រដ្ឋាភិបាលបានដាក់ចេញនូវ វិធានការច្បាស់លាស់និងម៉ឺងម៉ាត់ ហើយពលរដ្ឋគ្រប់គ្នាគោរពតាម។ ចំណែកឯអ្នកល្មើសនឹង វិន័យ ឬបទបញ្ជា ត្រូវទទួលរង វិធានការចាំបាច់មួយចំនួនូចជាការព្រមាន, ការបង្ខំឲ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ឬក៏ឃាត់ខ្លួនមួយរយៈដើម្បីបង្ការកុំឲ្យបង្កបញ្ហាដល់អ្នកដទៃ ឬដល់សង្គមទាំងមូល។

វិធានការទាំងនេះត្រូវបានអ្នកប្រជានិយមខាងសេរីភាពរិះគន់ថា ជាការបំបិទសេរីភាព បញ្ចេញមតិ ឬការបំពានសិទ្ធិមនុស្សជាដើម។ ប៉ុន្តែសំណួរនៅត្រង់ថា «តើវិធានការកម្រិតសេរីភាពបន្តិចបន្តួចនេះវាមិនប្រសើរជាងការបណ្តែត បណ្តោយឲ្យមនុស្សស្លាប់រាប់ពាន់ រាប់ម៉ឺន ឬរាប់សែននាក់ ទេឬ? » «តើរវាងការបិទសិទ្ធិសេរីភាពមនុស្សមួយចំនួនក្នុងមួយរយៈណាមួយតែគ្មានអ្នក ស្លាប់ ហើយនឹងការបើក សេរីភាពពេញទី តែបណ្តោយឲ្យមនុស្សស្លាប់គរជើងគ្នា តើ ជម្រើសមួយណាប្រសើរជាង? » ។ មានតែអ្នកឆ្លងកូវីដ-១៩ និងគ្រួសារអ្នកស្លាប់ទេដែលអាចផ្តល់ចម្លើយច្បាស់លាស់ចំពោះសំណួរនេះ បាន។

សរុបទៅ សេរីភាពក៏សំខាន់ រីឯជីវិតមនុស្សដែលត្រូវការរស់ក្នុងភាពសុខសានក្នុងសង្គម ក៏សំខាន់និងចាំបាច់មិនអាចខ្វះបាន។ ប៉ុន្តែ បើនិយាយពីមូលដ្ឋានគ្រឹះនៃ សិទ្ធិមនុស្សគឺជីវិតដែលមានតម្លៃជាងអ្វីៗទាំងអស់។ ប្រសិនបើមាន វត្ថុទាំង២យ៉ាងគឺជីវិតសុខសានផង និងសេរីភាពផងគឺពិតជាល្អប្រសើរណាស់។ ប៉ុន្តែ ពេលខ្លះ ឬកាលៈទេសៈខ្លះ វាតម្រូវឲ្យមានជម្រើសមួយជាអាទិភាពជាងជម្រើសមួយទៀត។ ក្នុងករណីនេះ ប្រសិនបើគេពិតជាផ្តល់តម្លៃដល់សិទ្ធិមនុស្សពិតប្រាកដ គេប្រាកដជាផ្តល់តម្លៃដល់ជីវិត មនុស្សជាអាទិភាពទី១មិនខាន។ កាត់បន្ថយសេរីភាពខ្លះដើម្បីសង្គ្រោះជីវិតមនុស្សគឺជាជម្រើសល្អប្រសើរជាងការកាត់បន្ថយជីវិតមនុស្សជាថ្នូរនឹងសេរីភាព។ ប្រសិនបើដូច្នោះមែន ចំណាត់ការនានាដែលរដ្ឋាភិបាលកម្ពុជាបានចាត់ឡើងគឺជាជម្រើសត្រឹមត្រូវពីព្រោះទាំងនោះគឺជាចំណាត់ការដែល បានផ្តល់តម្លៃដល់ជីវិតមនុស្សខ្ពស់ជាងសេរីភាព។ ចំណែកអ្នក ដែលគិតថា ការស្លាប់មនុស្សរាប់សែននាក់គឺជារឿងធម្មតាឲ្យតែ មនុស្សមានសេរីភាពអាចធ្វើអ្វីតាមអំពើចិត្តនោះ គឺជាការប្រមាថជីវិតមនុស្សដ៏ឃោរឃៅអមនុស្សធម៌បំផុត។ ឯណាទៅពាក្យថា គោរព សិទ្ធិមនុស្សដែលពួកគេតែងតែអួតអាងថាជាជើងឯងនោះ៕

ដោយ៖ អ្នកនយោបាយតុកាហ្វេ