(ភ្នំពេញ)៖ ពិតដូច សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានប្រកាសមែនគឺ «តាមវ៉ៃដល់ផ្ទះ» ! ជាក់ស្តែង ទណ្ឌិត សម រង្ស៉ី ដែលតែងតែ បំពានច្បាប់ និងយកច្បាប់ទ្រាប់អង្គុយ ហើយកំពុង តែរត់គេចខ្លួនពីសំណាញ់ ច្បាប់កម្ពុជាទៅសម្ងំនៅ ស្រុកបារាំងដោយគិតថា អាចរួចខ្លួន ប៉ុន្តែពេលនេះកំពុងជាប់ក្នុងសំណាញ់ ច្បាប់នៅស្រុកបារាំងតែម្តង។
តុលាការព្រហ្មទណ្ឌក្រុងប៉ារីស បានសម្រេចដាក់ សម រង្ស៉ី ឲ្យស្ថិតនៅក្រោមការចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជា សាធារណៈលើបុគ្គល» តាមពាក្យបណ្តឹង របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ចៅក្រមស៊ើបសួរនៃតុលាការព្រហ្មទណ្ឌក្រុងប៉ារីសបានបញ្ចាក់ថា «មានតម្រុយ និងភស្តុតាងគ្រប់គ្រាន់ និងស៊ីសង្វាក់គ្នាដែលបញ្ជាក់ថា បុគ្គល សម រង្ស៉ី ពិតជាបាន ប្រព្រឹត្តបទល្មើសដូចពាក្យបណ្តឹងចោទប្រកាន់មែន»។
បណ្តឹងរបស់ សម្តេចតេជោ ហ៊ុន សែន ត្រូវបានដាក់ទៅតុលាការព្រហ្មទណ្ឌក្រុងប៉ារីសបន្ទាប់ពី សម រង្ស៉ី បានចោទប្រកាន់ដោយមួលបង្កាច់តាមទម្លាប់របស់ខ្លួនមកលើសម្តេចនាយករដ្ឋមន្ត្រីពាក់ព័ន្ធនឹងមរណៈភាពរបស់ លោក ហុក ឡងឌី។
ដោយសារតែទម្លាប់និយាយមួល បង្កាច់គ្មានភស្តុតាង សម រង្ស៉ី បានជាប់បណ្តឹងរាប់មិនអស់នៅឯ តុលាការកម្ពុជាហើយតាមរយៈ បណ្តឹងទាំងនោះ សម រង្ស៉ី ត្រូវ បានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារជាច្រើនឆ្នាំនិងត្រូវបង់ប្រាក់ពិន័យជាច្រើនទៀត។ ប៉ុន្តែ ដោយសារតែចរិតដ៏ក្រឡិចក្រឡុចនិង ពោរពេញដោយពុតត្បុតរបស់ខ្លួន សម រង្ស៉ី តែងតែបិទបាំងកំហុសរបស់ខ្លួនដោយចោទ ប្រកាន់តុលាការកម្ពុជាថា លម្អៀងនិងធ្វើតាម បញ្ជារបស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ប៉ុន្តែ បណ្តឹងរបស់ សម្តេចតេជោ ហ៊ុន សែន និងលោក ឌី វិជ្ជា ដែលជាកូនបង្កើតរបស់លោក ហុក ឡងឌី នៅពេលនេះ គឺបានតាមជាន់កសម រង្ស៉ី ដល់ផ្ទះនៅឯស្រុកបារាំងតែម្តង។ យើងក៏ រង់ចាំមើលថាតើ «សម រង្ស៉ី ហ៊ានចោទប្រកាន់តុលាការក្រុង ប៉ារីសថា លម្អៀងនិងធ្វើតាម បញ្ជាសម្តេចតេជោ ហ៊ុន សែន ទៀតឬទេ?
ពាក្យបណ្តឹងរបស់សម្តេចតេជោ ហ៊ុន សែន ប្រឆាំង សម រង្ស៉ី នៅ តុលាការបារាំងពិតជាមានអត្ថន័យច្រើនយ៉ាង៖
ទី១៖ វាបានសបញ្ជាក់ឲ្យឃើញថា «មាសសុទ្ធមិនខ្លាចភ្លើង» ពោលគឺ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាមនុស្សបរិសុទ្ធមិនដូចការចោទប្រកាន់មួលបង្កាច់របស់ សម រង្ស៉ី ឡើយ។ ដូច្នេះ ទោះជាត្រូវតតាំងក្តីនៅចំពោះមុខតុលាការណា ក៏ដោយ ក៏សម្តេចតេជោ ហ៊ុន សែន មិនខ្លាចដែរដើម្បីការពារភាពស្អាត ស្អំរបស់ខ្លួនក៏ដូចជាដើម្បីយុត្តិធម៌។
ទី២៖ វាបានសបញ្ជាក់ឲ្យឃើញថា ជនទុច្ចរិតដូច សម រង្ស៉ី ដែលធ្វើនយោបាយជិត៣០ឆ្នាំ នៅ កម្ពុជាដោយយកច្បាប់ទ្រាប់អង្គុយនិងដោយប្រើនយោបាយប្រជាភិថុតិ ទុច្ចរិត មួលបង្កាច់ ទីបំផុតមិនអាចគេចផុតពីសំណាញ់ច្បាប់បានឡើយទោះជាខំរត់គេចខ្លួនដល់ក្រហែងមេឃណាក៏ដោយ។
ទី៣៖ ចំណាត់ការរបស់តុលាការព្រហ្មទណ្ឌក្រុងប៉ារីសចំពោះបុគ្គល សម រង្ស៉ី មិនត្រឹមតែផ្តល់យុត្តិធម៌ជូន សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុណ្ណោះទេ ប៉ុន្តែ វាក៏ជាអំណះអំណាងយ៉ាងច្បាស់ លាស់ដែលបញ្ជាក់ថា : បណ្តឹង ទាំងប៉ុន្មានប្រឆាំង សម រង្ស៉ី នៅ តុលាការកម្ពុជានិងចំណាត់ការរបស់តុលាការភ្នំពេញដែលដាក់ទោសលើ សម រង្ស៉ី គឺជា រឿងត្រឹមត្រូវដើម្បីបុព្វហេតុ យុត្តិធម៌ គឺមិនមែនដូចការ មួលបង្កាច់របស់ សម រង្ស៉ី និងគូកនមកលើតុលាការកម្ពុជានោះឡើយ។
ទី៤៖ វាក៏ជាសារមួយ ច្បាស់លាស់សម្រាប់គូកនរបស់ សម រង្ស៉ី ដែលបង្កប់ខ្លួនក្នុង បណ្តាញសារព័ត៌មាន
អង្គការសង្គមស៊ីវិល ឬអ្នក ដែលប្រកាសខ្លួនឯងថាជាអ្នកវិភាគឯករាជ ទាំងឡាយ ឲ្យប្រយ័ត្ន ចំពោះពាក្យសម្តីបំភ្លៃ បំប៉ោង មួលបង្កាច់របស់ខ្លួនផង ពីព្រោះបើទោះជាអ្នកទៅសម្ងំនៅទីណាក៏ដោយ ក៏ពាក្យបណ្តឹងអាចទៅដល់ទីនោះបាន ដែរ។
គេនៅចាំបានថា សម រង្ស៉ី ធ្លាប់បានអួតក្អេងក្អាង និងបានពន្យុះ ឲ្យសម្តេច ហ៊ុន សែន ដាក់ពាក្យបណ្តឹងទៅតុលាការបារាំងដោយចាត់ទុកថានោះគឺជាអន្ទាក់របស់ខ្លួន។ តាមពិតទៅ នេះគ្រាន់តែ ជាយុទ្ធវិធី «គោះទឹកបង្អើលត្រី»របស់ សម រង្ស៉ី ដើម្បីបន្ទុច បង្អាក់ សម្តេច ហ៊ុន សែន កុំឲ្យប្តឹងទៅតុលាការបារាំងតែប៉ុណ្ណោះពីព្រោះ សម រង្ស៉ី ដឹងខ្លួនច្បាស់ណាស់ថា បើមានពាក្យបណ្តឹង មែន ខ្លួនច្បាស់ជាចាញ់ក្តីយ៉ាងពិតប្រាកដ ដោយសារតែអ្វីដែលខ្លួនបាននិយាយគឺជាការចោទ ប្រកាន់ដោយគ្មានភស្តុតាងអ្វីទាំងអស់។ ចំណុចខ្សោយរបស់សម រង្ស៉ី នៅត្រង់ថា គាត់គឺជាអ្នកនយោបាយដែល និយាយនិងសំរេចចិត្តតាមតែអារម្មណ៍និងគ្មានទស្សនះគ្រប់ជ្រុងជ្រោយហើយជាពិសេស គឺអ្វីៗ ទាំងអស់ដែលគាត់ និយាយនិងធ្វើតែងតែ បង្កប់ដោយគំនុំសងសឹកដូច ប៉ុល ពត។ ប៉ុន្តែ នៅក្នុងតុលាការ ទោះជា នៅស្រុកណាក៏ដោយ គឺគេសម្រេចក្តីទៅតាមផ្លូវច្បាប់ដោយយក ភស្តុតាងជាសំអាង។
ម៉្យាងវីញទៀត សម រង្ស៉ី ភ្លេចគិត នូវចំណុចពិសេសដ៍ធំបំផុតមួយនោះគឺ សម្តេចតេជោ ហ៊ុន សែន គឺជាអ្នកយុទ្ធសាស្ត្រដ៏ជំនាញ ម្នាក់ដែលធ្លាប់រំលាយអង្គការចាត់តាំងនយោបាយនិងយោធាខ្មែរក្រហមទាំងស្រុងដែលសូម្បីតែអង្គការសហប្រជាជាតិក៏មិនអាចធ្វើបានផង។ ជាពិសេស ការឈរជើងបានយ៉ាងរឹងមាំក្នុងដំណែងកំពូលក្នុងការដឹកនាំគ្រប់គ្រងប្រទេសខ្មែរបាន៤១ឆ្នាំហើយនេះ ក៏ជាភស្តុតាងមិនអាចប្រកែកបានដែល បញ្ជាក់អំពី« លក្ខណះ ពិសេស ភាពខ្លាំង និងភាពឈ្លាសវៃគ្រប់ជ្រុង ជ្រោយរបស់បុរសខ្លាំងកម្ពុជារូបនេះ» ផងដែរ។
សរុបមកវិញ ចំណាត់ការរបស់តុលាការព្រហ្មទណ្ឌក្រុងប៉ារីសដែលបានដាក់ សម រង្ស៉ី ឲ្យស្ថិតនៅក្រោមការចោទប្រកាន់ពី បទ«បរិហារកេរ្តិ៍ជា សាធារណៈចំពោះបុគ្គល» ធ្វើឲ្យសម រង្ស៉ី កាន់តែល្ងិតមុខនិងរឹងថ្គាមមិនអាចបៀមឈាមព្រួសដាក់គេឯងតាមអំពើចិត្តបានទៀតឡើយ ពោលគឺ អ្នកបំពានច្បាប់ ទោះជារត់ទៅពួនសម្ងំដល់ក្រហែងមេឃណាក៏គេចមិនផុតពី សំណាញ់ច្បាប់ដែរដូចអ្វីដែល សម្តេចតេជោ ហ៊ុន សែន ធ្លាប់បាន បញ្ជាក់រួចហើយថា «ទោះជាសត្រូវរបស់លោកទៅដល់ក្រហែងមេឃណា ក៏លោកតាមវ៉ៃបានដែរ»៕
ដោយ៖ អ្នកនយោបាយតុកាហ្វេ